en     km
en     km

តើប្រពៃណីរៀបការឥណ្ឌាតម្រូវឱ្យស្រ្តីយកជំនូនទៅ​ឱ្យខាងកូនកម្លោះដែរឬទេ?

Share

ប្រទេសឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើសកលលោក ដែលមានអរិយធម៌ វប្បធម៌ សាសនា ដ៏ចំណាស់មួយ។ ប្រជាពលរដ្ឋឥណ្ឌានៅតែបន្តប្រតិបត្តិប្រពៃណីទំនៀមទម្លាប់បានយ៉ាងខ្ជាប់ខ្ជួនមកទល់នឹងសព្វថ្ងៃនេះ។ ដោយឡែកប្រពៃណីទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ប្រទេសឥណ្ឌាវិញ ស្រ្តីហាក់មានសិទ្ធិតិចតួចបំផុតក្នុងការរើសដៃគូដោយខ្លួនឯង ដ្បិតថាគ្រួសារជាអ្នកចាត់ចែងឱ្យ។

កាលពីពេលថ្មីៗនេះ ស្រ្តីឥណ្ឌាម្នាក់បានប្រាប់សារព័ត៌មាន BBC ថា ខ្លួនខកខានការរៀបការជាច្រើនលើកជាច្រើនសារ ដោយសារតែខ្លួនពុំមានថ្លៃបណ្ណាការគ្រប់គ្រាន់ជូនគ្រួសារខាងប្រុស។ តើប្រពៃណីរៀបការរបស់ប្រទេសឥណ្ឌាទាក់ទងនឹងការរៀបអាពាហ៍ពិហារនេះមានលក្ខណៈបែបបណា?ដើម្បីបានជ្រាបច្បាស់​​ សូមនាង​កញ្ញា លោកលោកស្រី អញ្ជើញស្តាប់អត្ថបទស្រាវជ្រាវខ្លី ដែលអត្ថាធិប្បាយដោយនាងខ្ញុំដូចតទៅ៖

បើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ បានរាយការណ៍ឱ្យដឹងថា ស្រ្តីឥណ្ឌាម្នាក់វ័យ ២៧ ឆ្នាំ មានឈ្មោះ Gunjan Tiwari  បានរៀបរាប់ពីបទពិសោធន៍ ដែលធ្លាប់ឆ្លងកាត់ជាច្រើនលើកជាច្រើនសារ ជុំវិញថ្លៃបណ្ណាការនៅមុនពេលរៀបការនៅក្នុងប្រទេសឥណ្ឌា។ កញ្ញាបាននិយាយពីឫសគល់នៃរឿងដែលទើបនឹងកើតឡើងថា កាលពីខែកុម្ភៈកន្លងទៅនេះ យុវជនម្នាក់បាននាំក្រុមគ្រួសារមកចូលស្ដីដណ្ដឹងខ្លួន ដោយពួកគេអង្គុយសួរនាំពីការអប់រំ ការងារ និងវិជ្ជាចម្អិនម្ហូបមួយចំនួនផងដែរ។

ទន្ទឹមគ្នានោះ កញ្ញា Gunjan បានឮដោយចៃដន្យនូវកិច្ចសន្ទនាចរចាថ្លៃបណ្ណាការ ដែលត្រូវផ្តល់ឱ្យទៅខាងកូនកម្លោះនៅមុនពេលរៀបការ។ កញ្ញាថា ក្រុមគ្រួសារកូនកម្លោះទាមទារថ្លៃបណ្ណាការចន្លោះ ៦១០០០ដុល្លារដល់៧៣០០០ដុល្លារសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ រូបកញ្ញា និងកូនកម្លោះ មិនយល់ស្របនូវគុណតម្លៃ ដែលស្រ្តីជាអ្នកឱ្យថ្លៃបណ្ណាការទៅខាងក្រុមគ្រួសារខាងប្រុសនោះទេ។ នេះជាមូលហេតុដែលធ្វើឱ្យការចែចូវនេះប្រព្រឹត្តិទៅយ៉ាងរដិបរដុប ក៏ដូចជាមិនបានជោគជ័យផងដែរ។

សូមជម្រាបថា តាមច្បាប់របស់ប្រទេសឥណ្ឌាដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ១៩៦១មក មិនអនុញ្ញាតឱ្យស្រ្តីយកជំនូនជូនទៅខាងក្រុមគ្រួសារកូនកម្លោះនោះទេ។ ផ្ទុយទៅវិញ សង្គមឥណ្ឌានៅតែអនុវត្តដែលតម្រូវឱ្យ ក្រុមគ្រួសារកូនក្រមុំផ្ដល់ឱ្យជាសាច់ប្រាក់ សំលៀកបំពាក់ និងគ្រឿងអលង្ការដល់ក្រុមគ្រួសាររបស់កូនកំលោះ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្វីបើថ្លៃបណ្ណាការ ទាំងការផ្តល់និងការទទួលយក ពិតជាខុសច្បាប់នៅក្នុងប្រទេសឥណ្ឌាក៏ពិតមែន ក៏ប៉ុន្តែ ការរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសឥណ្ឌាចំនួន​ ៩0% សុទ្ធសឹងស្រ្តីត្រូវឱ្យថ្លៃបណ្ណាការទៅខាងកូនកម្លោះជាដាច់ខាត។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីៗនេះ។

ជាការកត់សម្គាល់ ដើម្បីបានប្រាក់ថ្លៃបណ្ណាការទាំងនេះ ឪពុកម្តាយកូនក្រមុំមួយចំនួនបានទៅខ្ចីប្រាក់ ឬលក់ដីធ្លី និងផ្ទះសំបែងរបស់ខ្លួន បើទោះបីជាពួកគេមិនដឹងថា ជីវិតគូរបស់កូនៗនឹងទៅជាយ៉ាងណាក៏ដោយនាថ្ងៃអនាគត។ បើយោងតាមការិយាល័យកត់ត្រាឧក្រិដ្ឋកម្មជាតិរបស់ឥណ្ឌាបានបង្ហាញថា កូនក្រមុំឥណ្ឌាចំនួនជាង ៣ម៉ឺននាក់ ត្រូវគេសម្លាប់នៅក្នុងប្រទេសឥណ្ឌាចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដែលជាមធ្យមក្នុងមួយថ្ងៃស្ត្រី ២០ នាក់ ត្រូវគេសម្លាប់ ដោយសារការឱ្យថ្លៃបណ្ណាការមិនគ្រប់ចំនួន តាមការចង់បានពីក្រុមគ្រួសារកូនកម្លោះ។

ដោយឡែក អ្នកធ្វើយុទ្ធនាការជុំវិញករណីនេះបាននិយាយថា ថ្លៃបណ្ណាការក៏ជាហេតុផលមួយក្នុងចំណោមហេតុផលនៅពីក្រោយសមភាពយេនឌ័រនៅក្នុងប្រទេសប្រទេសឥណ្ឌាផងដែរ។ តាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ទារកក្នុងផ្ទៃស្ត្រីជិត ៤0ម៉ឺននាក់ ត្រូវរំលូតចោលជារៀងរាល់ឆ្នាំ។

សកម្មជនសិទ្ធិស្ត្រី អ្នកស្រី Kavita Srivastava និយាយថា ប៉ូលីសឥណ្ឌាពិតជាអាចជួយបាន ប៉ុន្តែការដោះស្រាយថ្លៃបណ្ណាការ នៅតែជាបញ្ហាស្មុគស្មាញនៅក្នុងជំនឿសាសនារបស់ប្រទេសឥណ្ឌាដដែល។ អ្នកស្រីបានបន្ថែម​​ថា ថ្លៃ​បណ្ណាការ​ច្រើន​តែ​មិន​មែន​ជា​ការ​បង់​ប្រាក់​តែ​មួយ​មុខ​សម្រាប់​គ្រួសារ​កូន​កំលោះ​ឡើយ ពោលគឺពួកគេនៅតែ​បន្ត​ទាមទារ​ម្តងហើយម្តងទៀត បន្ទាប់​ពី​រៀប​ការ​រួច។

អ្នកស្រី Srivastava បានគូសបញ្ជាក់បន្ថែមទៀតថា ស្ត្រីឥណ្ឌាមួយចំនួនកំពុងប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារពេញមួយជីវិត ហើយថែមទាំងត្រូវគេបណ្តេញចេញពីផ្ទះបន្ទាប់ពីរៀបការរួច ដោយសារតែការមិនបំពេញតាមតម្រូវការរបស់ស្វាមី។ យ៉ាងណា អ្នក​ស្រី​ឱ្យជាយោបល់​ថា ករណី​នេះអាចនឹងលែងមានតទៅទៀត បើកាលណាយុវជន​ប្រុស​ស្រី​ចាប់​ផ្តើម​ប្រកាន់​ជំហរ​មិន​ព្រម​ផ្តល់ឱ្យ ឬ​ទទួល​យក​ថ្លៃ​បណ្ណាការ៕

ប្រភព៖ BBC ចុះថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣

Share

Image
Image
Image