en     km
en     km

តើពិតជាមានករណីកម្មការិនីមានផ្ទៃពោះនៅរោងចក្រស្ដារីតត្រូវបានរដ្ឋបាលកាត់ប្រាក់ឧបត្ថម្ភពីសម្ដេច ហ៊ុន សែន ម្នាក់ៗ១០០ដុល្លារមែនឬ?រ

Share

កម្មការិនីមានផ្ទៃពោះ ៣ខែបម្រើការងារនៅក្នុងរោងចក្រ ស្ដារីត (ខេមបូឌា) ឯ.ក ត្រូវបានរដ្ឋបាលរោងចក្រកាត់ប្រាក់ឧបត្ថម្ភពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងម្នាក់ៗ ១០០ដុល្លារ។ បើគ្មានការកាត់ប្រាក់នេះទេពួកគេម្នាក់ៗត្រូវទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន ២០០ដុល្លារ ក្នុងពេលជួបសំណេះសំណាលជាមួយនឹងសម្ដេច ហ៊ុន សែន ក្នុងស្រុកអង្គស្នួល កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។

លោក គីម ចាន់ចាវ រាយការណ៍

 

ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន នៃសម្ព័ន្ធសហជីពចលនាកម្មករលោក រតនា បានដកស្រង់សម្ដីពីជនរងគ្រោះថា ដំបូងឡើយខាងរដ្ឋបាលរោងចក្រស្ដារីត ស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ទាមទារកាត់ប្រាក់ឧបត្ថម្ភពីសម្ដេចនាយករដ្ឋមន្រ្តីដល់កម្មការិនី ដែលមានផ្ទៃពោះត្រឹម ៣ខែក្នុងម្នាក់ៗ ១០០ដុល្លារ ដោយយកលេសថា ជាថ្នូរនឹងការរៀបចំឈ្មោះ ដើម្បីចូលជួបសម្ដេចពីមន្រ្តីរៀបចំខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើតាមការផ្សាយលើគេហទំព័រសម្ព័ន្ធសហជីពចលនាកម្មករកាលពីថ្ងៃទី០៣ខែកក្តដាឆ្នាំ២០២៣។

កម្មការិនីរងគ្រោះក្នុងរឿងរ៉ាវកាត់ប្រាក់ឧបត្ថមម្ភនេះរួមមាន អ្នកស្រី គឺល គឹន អ្នកស្រី ឆន ស្រីលា និងអ្នកស្រី នួន ចន្ទ្រា ស្ថិតក្នុងចំណោមកម្មការិនីជាង១០នាក់ ដែលត្រូវទទួលបានប្រាក់ឧបត្ថមពីសម្ដេចហ៊ុន សែនសរុបចំនួន ២០០ដុល្លារក្នុងម្នាក់ៗ ហើយនៅពេលដែលត្រឡប់ចូលធ្វើការងារវិញ ក៏ត្រូវបានខាងរដ្ឋបាលទាមទារកាត់ប្រាក់ខាងលើនេះខ្ទង់១០០ដុល្លារតែម្ដង។

កម្មការិនីរងគ្រោះអ្នកស្រី នួន ចន្ទ្រា ដែលមានផ្ទៃពោះជិត៤ខែបានប្រាប់វិទ្យុស្ត្រីថា អ្នកស្រីបានដាក់ពាក្យចូលរួម ២ថ្ងៃមុនកម្មវិធី។ នៅពេលអ្នកស្រីដាក់ឈ្មោះចូលរួមកម្មវិធីជំនួបសម្តេច ហ៊ុន សែន ជាមួយកម្មករ-កម្មការិនីផ្សេងទៀត រដ្ឋបាលរោងចក្របានប្រាប់អ្នកស្រីថា អ្នកស្រីដាក់ពាក្យយឺតពេលមួយថ្ងៃ ដូច្នេះរដ្ឋបាលរោងចក្របានប្រាប់ដល់កម្មការិនីរូបនេះថា ពេលទទួលបានប្រាក់ហើយត្រូវប្រគល់មកឱ្យគេ១០០ដុល្លារវិញ ដើម្បីយកឱ្យក្រសួងការងារខ្លះ និងរដ្ឋបាលរោងចក្រកាត់យកខ្លះ។

«ដោយសារតែគាត់ប្រាប់ថា ឈ្មោះយើងបញ្ជូនទៅអត់ទាន់ទេ ព្រោះអីគេបញ្ជូនទៅកាលពីថ្ងៃច័ន្ទ អញ្ចឹងខ្ញុំយកទៅដាក់ថ្ងៃអង្គារ ចឹងគាត់ថាបើសិនជាយើងចង់បានលុយហ្នឹង លុះត្រាតែឱ្យទៅខាងរដ្ឋបាលៗ យកទៅឱ្យក្រសួង៥០(ដុល្លារ) មកយើង៥០(ដុល្លារ)។ ចឹងបានន័យថាលុយហ្នឹងបានម្នាក់១០០(ដុល្លារ)។ គាត់បាននិយាយថាចឹង បើយើងអត់ព្រមទេ គឺគាត់អត់ធ្វើឱ្យយើងទេ»។

សម្ព័ន្ធសហជីពចលនាកម្មករ បានដកស្រងសម្ដីកម្មការិនីរងគ្រោះពីការកាត់ប្រាក់ឧបត្ថម្ភ គឺអ្នកស្រី គឺល គឹន ដែលបានថ្លែងក្នុងសម្តីដើមថា៖ “ខ្ញុំបានយកប្រដាសពិនិត្យផ្ទៃពោះទៅដាក់នៅកន្លែងរដ្ឋបាល កាលពីថ្ងៃអង្គារ មុនពេលជួបសម្ដេចតេជោ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ខាងរដ្ឋបាលនិយាយថា ប្អូនមិនបានទទួលប្រាក់ឧបត្ថម ២០០ដុល្លារ ដែលសម្ដេចឲ្យនោះទេ ពីព្រោះពួកខ្ញុំ (រដ្ឋបាល) បានបញ្ជូនឈ្មោះអ្នកមានផ្ទៃពោះទៅអស់ហើយ រហូតដល់ម៉ោង ៣រសៀលថ្ងៃដដែល គាត់បានហៅខ្ញុំតែម្នាក់ឯង ទៅយកកាតចេញមុនម៉ោងម្ដងទៀត ដោយបានលើកឡើងថា ឥឡូវនេះលុយ (ប្រាក់ឧបត្ថម) បានតែប្អូនម្នាក់ទេ ប៉ុន្ដែខាងបងត្រូវយក ១០០ដុល្លារ ពេលទទួលលុយពីសម្ដេចបានហើយ ត្រូវយកមកឲ្យបង ១០០ដុល្លារ”។

កម្មការិនីដដែលនេះបន្តថា “ពេលត្រឡប់មកវិញ ខ្ញុំក៏យល់ព្រមធ្វើតាមគាត់ (រដ្ឋបាល) ពីព្រោះខ្ញុំគិតថា បើយើងមិនព្រមតាមគាត់ យើងក៏មិនបានលុយហ្នឹងដែរ ១០០ដុល្លារក៏យើងមិនបានដែរ ដោយខាងរដ្ឋបាល បានប្រាប់ថា ខ្ញុំត្រូវបានតែ ២០០០០រៀលទេ” ប៉ុន្ដែដោយប្រាក់ដែលទទួលបាននោះ ត្រូវឲ្យទៅម្ដាយបង់ធនាគារអស់ ទើបកម្មការិនីរូបនេះ បានទៅអង្វរខាងរដ្ឋបាល ដោយអ្នកទាំង ៣នាក់ខាងលើបានរៀបរាប់ពីទុក្ខលំបាក និងបានប្រគល់លុយម្នាក់ៗ ២៥ដុល្លារ និងម្នាក់ទៀត ៣០ដុល្លារតែប៉ុណ្ណោះ។

ផ្អែកតាមការបញ្ជាក់ពីសម្ព័ន្ធសហជីពចលនាកម្មករ ដែលមើលឃើញពីការទទួលលុយមិនគ្រប់តាមការចង់បានរបស់ខ្លួន ពោលគឺក្នុងម្នាក់ៗត្រូវផ្ដល់ឲ្យខាងរដ្ឋបាល ១០០ដុល្លារ ពួកគេ (រដ្ឋបាល) បានឲ្យដឹងថា លុយនេះ គឺមិនគ្រប់ សម្រាប់មន្រ្តីក្រសួងការងារ គេចែកគ្នានោះទេ ដោយលើកឡើងថា មានមន្រ្តីច្រើនណាស់ ដែលយកលុយនេះទៅចែកគ្នា។

ចំពោះបញ្ហានេះប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានលើកឡើងថា ចំពោះទង្វើរបស់រដ្ឋបាលរោងចក្រ ស្ដារីត ក្នុងការកាត់ប្រាក់ឧបត្ថមរបស់សម្ដេចហ៊ុនសែន ទាក់ទងទៅនឹងការផ្ដល់ជូនកម្មការិនីមានផ្ទៃពោះ វាជារឿងមួយដែលមិនគួរឲ្យកើតមានក្នុងនាមពួកគាត់ដែលជាអ្នកគ្រប់គ្រង ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយបែរជាមកប្រព្រឹត្ដិទង្វើដ៏អាក្រក់ ដែលមិនគួរឲ្យគោរពយ៉ាងដូច្នេះ។

«ដូច្នេះការឆ្លៀតឱកាសនៃការប្រព្រឹត្តិទង្វើរដែលមិនសមរម្យនេះ វាជាគម្រូដ៏អាក្រក់ ហើយវាបានប៉ះពាល់ដល់បងប្អូនកម្មករ ដែលគាត់មានទំនុកចិត្តទៅលើរដ្ឋាភិបាល ឬក៏គោរពស្រលាញ់រដ្ឋាភិបាលជាពិសេសសម្តេចនាយកដែលតែងគិតគូអំពីជីវភាពពួកគាត់ និងសុខទុក្ខពួកគាត់ ជាពិសេសអ្នកដែលមានផ្ទៃពោះផ្ទាល់»។

វិទ្យុស្ត្រីបានព្យាយាមទាក់ទងទៅកាន់ លោក កាំង សុផា បុគ្គលិករោងចក្រស្ដារីតដែលសម្របសម្រួល វិវាទកម្មការិនី និងរដ្ឋបាលរោងចក្រខាងលើ ប៉ុន្តែទូរសព្ទខលចូលមិនមានអ្នកទទួល។

ទោះយ៉ាងណាអ្នកស្រី នួន ចន្ទ្រា បានឱ្យដឹងថា រដ្ឋបាលក្រុមហ៊ុនរោងចក្រកំពុងតាមដានជុំវិញរឿងនេះ។ ក៏ប៉ុន្តែអ្នកស្រីដែលរងគ្រោះពីការកាត់ប្រាក់ឧបត្ថម្ភនេះ បានស្នើឱ្យរោងចក្របញ្ឈប់បុគ្គលិករដ្ឋបាលរោងចក្រដែលកាត់ប្រាក់ឧបត្ថម្ភអ្នកស្រី។

«ខ្ញុំអត់ចង់ឱ្យគាត់ធ្វើអញ្ចឹងលើកក្រោយទៀត ឬបើអាចខ្ញុំចង់ឱ្យគាត់ដកគាត់ចេញពីរោងចក្រហ្នឹងហ្មង»

លោក ប៉ាវ ស៊ីណា ដែលបានចាត់ទុករឿងនេះជាករណីមិនល្អ បានដាក់ការសង្ស័យថា ករណីនេះអាចនឹងមិនមែនកើតឡើងតែចំពោះរោងចក្រស្ដារីតមួយនេះទេ ប៉ុន្តែអាចកើតឡើងចំពោះរោងចក្រមួយចំនួនទៀតដែលមិនទាន់មានសហជីព ឬតំណាងកម្មករ។

«ទង្វើរនេះយើងឃើញហើយ សូម្បីតែរោងចក្រនេះមានសហជីពផងមានអីផងនៅតែធ្វើទង្វើអញ្ចឹងកើត ចុះទម្រាំរោងចក្រដែលអត់មានសហជីពការពារកម្មករទៅវិញ សួរថានឹងមានរឿងអីកើតឡើង ទិដ្ឋភាពនៃការកេងប្រវ័ញ្ច?

ប្រធានសម្ព័ន្ធសហជីពចលនាកម្មកររូបនេះ បានលើកទឹកចិត្តឱ្យក្រសួងការងារគួរតែតាមដានពិនិត្យអំពីវិធានការរបស់ថៅកែរោងចក្រ អំពីករណីដែលរដ្ឋបាលរោងចក្រ តម្រូវឱ្យកម្មករបង់លុយឱ្យខ្លួនជាថ្នូរនឹងការចូលរួមក្នុងកម្មវីធីជំនួបជាមួយនាយករដ្ឋមន្ត្រីនេះ។

ក្នុងជំនួបជាមួយកម្មករ-កម្មការិនីរោងចក្រស្ដារិត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញ នូវកម្មវិធីឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ ដល់មន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ឱ្យទទួលបានប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗ ដូចគ្នាទៅនឹងកម្មការិនី និងស្ត្រីក្រីក្រមានផ្ទៃពោះដែរ៕

Share

Image
Image
Image