en     km
en     km

HRW៖ភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតឃុំសង្កាត់ឆ្នាំមុនបង្កក្តីព្រួយបារម្ភដល់ការរាប់សន្លឹកឆ្នោតឆ្នាំនេះ

Share

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Right Watch បានចេញរបាយការណ៍កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ថា ភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ អាចបង្កការព្រួយបារម្ភដល់ការរាប់សន្លឹកសន្លឹកឆ្នោតឆ្នាំ២០២៣នេះ។ តែមន្ដ្រីនាំពាក្យ គ.ជ.ប ថារបាយការណ៍នេះមានចរិតបង្កការភ័ន្ដច្រលំដល់ដំណើរការបោះឆ្នោយខាងមុខ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Right Watch (HRW)បង្ហាញរបាយការណ៍ដោយថា ការវិភាគជាប្រព័ន្ធនៃទម្រង់រាប់សន្លឹកឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញកាលពីឆ្នាំមុន មានការលួចបន្លំសន្លឹកឆ្នោត ហើយសន្លឹកឆ្នោតនៅទូទាំងរាជធានីមិនត្រូវបានរាប់ និងរាយការណ៍ឱ្យបានត្រឹមត្រូវនោះទេ។

ការវិភាគរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស ពឹងផ្អែកលើទម្រង់លទ្ធផលការិយាល័យបោះឆ្នោតផ្លូវការដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាច្រើនថ្ងៃ បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២ បានបង្ហាញថា ការបោះឆ្នោតនោះ មានការិយាល័យបោះឆ្នោតចំនួន ២ម៉ឺន ៣ពាន់ ៦០២មណ្ឌល នៅទូទាំងប្រទេស ក្នុងនោះមានចំនួន ២ពាន់១៩៧មណ្ឌល នៅរាជធានីភ្នំពេញ។

គ.ជ.ប តម្រូវឱ្យមន្ត្រីនៅតាមទីតាំងនីមួយៗដាក់ទម្រង់បែបបទលទ្ធផលហៅថាទម្រង់ ១១០២ បន្ទាប់ពីរាប់សន្លឹកឆ្នោតនៅថ្ងៃបោះឆ្នោត។ ទម្រង់ទាំងនោះបានបម្រើជាមូលដ្ឋានសម្រាប់ការរាប់សន្លឹកឆ្នោតជាផ្លូវការ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានពិនិត្យទម្រង់បែបបទនៅរាជធានីភ្នំពេញ ដោយសារលទ្ធផលបោះឆ្នោតមានលក្ខណៈខុសប្លែកពីការបោះឆ្នោតមុនៗ។

HRW លើកជាឧទាហរណ៍ថា ផ្អែកលើឯកសារផ្លូវការរបស់ គ.ជ.ប ពីការបោះឆ្នោតឆ្នាំ ២០១៧ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានឈ្នះក្នុងចំនួន ៦៩០សន្លឹក នៃកន្លែងបោះឆ្នោតចំនួន ២០៨០មណ្ឌល ឬ ស្មើ៣៣ ភាគរយ។ ប៉ុន្តែនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ គណបក្សប្រជាជនបានឈ្នះ 99.9 ភាគរយ ឬទាំងអស់ នៃការិយាល័យបោះឆ្នោតចំនួន ២១៥៥ មណ្ឌល នៅក្នុងរាជធានីភ្នំពេញ ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានពិនិត្យទម្រង់ ១១០២ ។

កាលពីអំឡុងការបោះឆ្នោតឆ្នាំ ២០២២ គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំ បានរាយការណ៍ពីការគំរាមកំហែងថា អ្នកសង្កេតការណ៍បោះឆ្នោតរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ទទួលលរងការរារាំងយ៉ាងខ្លាំងក្នុងការសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ ក្នុងអំឡុងពេលនៃការរាប់សន្លឹកឆ្នោតនៅឆ្នាំ ២០២២ HRW បានឱ្យដឹងថា អ្នកឃ្លាំមើលឯករាជ្យក្នុងស្រុក និងអ្នកស្ម័គ្រចិត្តបានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា យ៉ាងហោចណាស់មានកន្លែងបោះឆ្នោតចំនួនប្រាំមណ្ឌលក្នុងរាជធានីភ្នំពេញ មន្ត្រីបានបិទបង្អួច និងរាប់សន្លឹកឆ្នោតដោយបិទទ្វារ។

HRW ថាភាពខ្វះខាតទាំងនេះ ផ្តល់ហេតុផលបន្ថែមសម្រាប់ការព្រួយបារម្ភទាក់ទងនឹងការប្រព្រឹត្តទៅនៃការបោះឆ្នោតថ្ងៃទី ២៣ ខែកក្កដាខាងមុខ ខណៈកាលពីថ្ងៃទី ២៥ ឧសភា គ.ជ.ប បានរារាំងគណបក្សភ្លើងទៀន ពីការចុះឈ្មោះបេក្ខជនរបស់ខ្លួនក្នុងការប្រកួតប្រជែង។ របាយការណ៍បន្តថា ការបាត់បង់គណបក្សប្រជែងដ៏មានប្រជាប្រិយភាពនេះ មានន័យថា ការបោះឆ្នោតនឹងមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់អ្នកបោះឆ្នោត ដូចដែលតម្រូវដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិនោះទេ។

លោក Phil Robertson នាយករងទទួលបន្ទុកនៅតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ  បាននិយាយថា គ.ជ.ប របស់កម្ពុជា គួរតែពន្យល់ជាសាធារណៈអំពីភាពមិនប្រក្រតីធ្ងន់ធ្ងរពីការបោះឆ្នោតឆ្នាំ ២០២២ និងជំហានដែលខ្លួនកំពុងអនុវត្តដើម្បីការពារបញ្ហាបែបនេះនៅក្នុងការបោះឆ្នោតជាតិខែកក្កដា” ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិនេះ បានអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនបានឆ្លើយតបនឹងសំណួរនានាទាក់ទងដល់ការរាប់សន្លឹកឆ្នោត ដែលដាក់ជូនកាលពីថ្ងៃទី៥ ខែមិថុនានោះទេ។ ស្របគ្នាដែរ HRW បានស្នើឱ្យ គ.ជ.ប គួរតែអនុវត្តជាបន្ទាន់នូវវិធានការដែលធានាបាននូវយុត្តិធម៌សម្រាប់ការរាប់សន្លឹកឆ្នោតនៅពេលខាងមុខនេះ។

អង្គការខុមហ្វ្រេល សង្កេតការណ៍លើរឿងបោះឆ្នោត ក៏បានចេញរបាយការណ៍កាលពីខែកញ្ញា ឆ្នាំ២០២២ ពីភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ដែរ ក្រោយបក្សកាន់អំណាចបានឈ្នះជាមេឃុំ/ចៅសង្កាត់ស្ទើរទាំងអស់។ ខុមហ្វ្រេលថា ភាពមិនប្រក្រតី មានដូចជាកន្លែងខ្លះអ្នកសង្កេតការណ៍មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងពេលរាប់សន្លឹកឆ្នោត និងខ្លះទៀតមន្ត្រីការិយាល័យមិនអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ថតរូបពីដំណើរការរាប់សន្លឹកឆ្នោត ខណៈការិយាល័យមួយចំនួនបានបិទបាំង ដោយការបិទទ្វារ ឬបង្អួចការិយាល័យនៅពេលរាប់សន្លឹកឆ្នោត។

សម្រាប់ការបិទទ្វារឬបង្អួច រាប់សន្លឹកឆ្នោត គ.ជ.ប ធ្លាប់លើកឡើងថា ដោយសាររដូវកាលភ្លៀង មានខ្យល់ ភ្លៀង ខ្លាចខូច ឬរំខានដល់ការរាប់សន្លឹកឆ្នោតទើបសម្រេចធ្វើបែបនេះ។

តែសម្រាប់ការលើកឡើងពីHRW លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា របាយការណ៍នេះព្យាយាមចេញដើម្បីបង្កការភ័ន្ដច្រលំ ដល់ដំណើរការបោះឆ្នោតដែលខិតជិតមកដល់ពេលខាងមុខនេះ។ លោកបញ្ជាក់ថា ភាពមិនប្រក្រតីតិចតួចមិនជះផលប៉ះពាល់ដល់ការបោះឆ្នោតនោះទេ សូម្បីប្រទេសធំៗក៏មានដូចគ្នា។

ឆ្លើយតបសំណើររបស់ HRW មន្ដ្រីនាំពាក្យ គ.ជ.ប អះអាងថា អ្វីដែល គ.ជ.ប ធ្វើគឺត្រឹមត្រូវយុត្តិធម៌តែអ្វីដែលអ្នកនយោបាយមួយចំនួនព្យាយាមនិយាយខុសពីការពិត ទម្លាក់បញ្ហាទៅលើមន្ដ្រីបម្រើការបោះឆ្នោត នោះគឺជាឧបាយកលផ្សេងទៀត មិនបានឆ្លុះបញ្ចាំងពីតម្រូវការ និងការងារពិតប្រាកដរបស់មន្ដ្រីបម្រើការបោះឆ្នោតនោះទេ៕

Share

Image
Image
Image