en     km
en     km

ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការធ្វើវិសោធកម្មច្បាប់បោះឆ្នោតថ្មីស្របនឹងរដ្ឋធម្មនុញ្ញ

Share

ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ បានពិនិត្យធម្មនុញ្ញភាពច្បាប់ ស្ដីពីវិសោធកម្មច្បាប់បោះឆ្នោត មុនថ្វាយអង្គព្រះមហាក្សត្រឡាយព្រះហស្ថលេខា។ ការពិនិត្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីស្ថានប័ន រដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តយល់ព្រម ដោយឥតមានកែប្រែចំណុចណាមួយក្នុងការធ្វើវិសោធកម្មច្បាប់បោះឆ្នោតថ្មីនោះឡើយ។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃនេះ ក្រោយពេលបញ្ចប់កិច្ចប្រជុំពេញអង្គថា ការធ្វើវិសោធកម្មនេះគឺស្របនឹងរដ្ឋធម្មនុញ្ញ។

សូមជម្រាបថា វិសោធកម្មច្បាប់ ស្ដីពីការបោះឆ្នោតថ្មី គឺជាសំណើរបស់រាជរដ្ឋាភិបាល ដែលស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រោយពេលបក្សប្រឆាំងបានឃោសនាមិនឱ្យប្រជាពលរដ្ឋ ឬសមាជិកបក្សរបស់ខ្លួនទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខ។

វិសោធនកម្មច្បាប់នេះមានការកែប្រែមាត្រាថ្មីចំនួន៣ គឺមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី។ មាត្រា២៣ថ្មី គឺពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ  ត្រូវអនុវត្តសិទ្ធិបោះឆ្នោត ​ដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។

ចំណែកមាត្រា១៤២ថ្មី គឺចែងអំពីការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។ សម្រាប់មាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពបែបនោះ នឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យឈរបោះឆ្នោតយ៉ាងតិច៥ឆ្នាំ។

យ៉ាងណាមាត្រា១៤៣ថ្មី ចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥ឆ្នាំយ៉ាងតិចដូចគ្នា។

បន្ទាប់ពីឆ្លងកាត់ស្ថាប័នធំៗចំនួន២សម្រេចដោយឥតកែប្រែ និងជាឯកច្ឆន្ទពីក្រុមប្រឹក្សាធម្មនុញ្ញ អង្គព្រះមហាក្សត្រនឹងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់នេះជាផ្លូវការ។ យ៉ាងណាគណបក្សប្រឆាំងដែលត្រូវបាន គ.ជ.ប មិនឱ្យចូលរួមក្នុងបញ្ជីបោះឆ្នោតអាណត្តិទី៧ គឺបក្សភ្លើងទៀន ធ្លាប់បានលើកឡើងថា ការធ្វើវិសោធកម្មនេះជាការប្រញាប់ប្រញាល់ និងគ្មានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគី ដោយមិនឆ្លុះបញ្ចាំង និងមិនស្របប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋ៕

 

Share

Image
Image
Image