en     km
en     km

មេបក្សប្រឆាំងនៅតែអំពាវនាវឱ្យគូសន្លឹកឆ្នោតចោល ខណៈបក្សកាន់អំណាចឱ្យពលរដ្ឋទៅបោះឆ្នោត ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ

Share

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេច ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និងអធិការកិច្ច បានបន្ដអំពាវនាវឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាដើម្បីក្លាយជាពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចបញ្ជាក់ថា ពលរដ្ឋគ្រប់រូប មានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវ គឺដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍបន្តទៀត។

ផ្ទុយគ្នានៃការអំពាវរបស់មន្ដ្រីរដ្ឋាភិបាល បក្សប្រឆាំងនៅឯក្រៅប្រទេស គឺលោក សម រង្ស៊ីនៅថ្ងៃទី២ ខែកក្កដា ម្សិលមិញ បានអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល នៅថ្ងៃបោះឆ្នោតពោលនាថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះ។ ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានលើកឡើងដែរថា ពិភពលោកកំពុងរងចាំមើល តើចំនួនសន្លឹកឆ្នោតដែលពលរដ្ឋខ្មែរគូសចោល ច្រើនដល់កម្រិតណា។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកVOA ថា ច្បាប់​កម្ពុជា​មិន​មាន​ចែង​កំណត់​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ប៉ុន្មាន​ភាគ​រយ​ ទើប​ចាត់​ទុក​ការ​បោះ​ឆ្នោត​បាន​ការ ​ឬ​មិន​បាន​ការ​ឡើយ។ ​ លោក​​ថា​ច្បាប់​ក៏​មិន​ចែង​ថា​សន្លឹក​ឆ្នោត​គូស​ចោល​ប៉ុន្មាន​ភាគ​រយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ដែរ។​

សូមជម្រាបថា ការអំពាវនាវឱ្យគូសសន្លឹកឆ្នោតចោលបែបនេះ  ធ្វើឡើងក្រោយពេលគណបក្សប្រឆាំងគឺគណបក្សភ្លើងទៀន ដែលមិនបានចូលរួមដំណើរការបោះឆ្នោតធ្លាប់បានលើកឡើងដោយមិនឱ្យប្រជាពលរដ្ឋ ឬសមាជិកបក្សទៅបោះឆ្នោត។

តែយ៉ាងណាករណីនេះ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំធ្វើវិសោធកម្មច្បាប់បោះឆ្នោតថ្មី ដោយនៅថ្ងៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆនប្រកាសថា ការធ្វើវិសោធកម្មច្បាប់បោះឆ្នោតគឺស្របតាមរដ្ឋធម្មនុញ្ញ ។ ជាមួយគ្នា​ ច្បាប់បោះឆ្នោតថ្មីនេះ នឹងត្រូវអង្គព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ៕

Share

Image
Image
Image