en     km
en     km

សមត្ថកិច្ចឃាត់រថយន្តសហគមន៍ព្រលានខេត្តកោះកុងខណៈឡើងមកដាក់ញត្តិសុំអន្តរាគមន៍នៅក្រសួងងយុត្តិធម៌

Share

តំណាងសហគមន៍ភូមិព្រលាន នៅថ្ងៃទី២៩ ខែមិថុនានេះ បានធ្វើដំណើរពីសហគមន៍របស់ពួកគេនៅខេត្តកោះកុង ដើម្បីដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌ ជុំវិញតំណាងរបស់គាត់៥រូប ដែលត្រូវបានតុលាការចោទប្រកាន់។ ក៏ប៉ុន្តែការធ្វើដំណើរមកដាក់ញត្តិនៅភ្នំពេញនេះ ត្រូវបានអាក់ខានដោយសារមន្ត្រីនគរ បាលបានឃាត់រថយន្តរបស់ពួកគេពេលធ្វើដំណើរតាមផ្លូវ។

លោក គីម ចាន់ចាវ រាយការាណ៍

 

តំណាងសហគមន៍ភូមិព្រលាន នៅថ្ងៃទី២៩ ខែមិថុនានេះ បានធ្វើដំណើរពីសហគមន៍របស់ពួកគេនៅខេត្តកោះកុង ដើម្បីដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌ នៅភ្នំពេញ ជួយអន្តរាគមន៍ករណីដែលតំណាងរបស់គាត់៥រូប ដែលរងការចោទកាន់ ពាក់ព័ន្ធនឹងសកម្មភាពតវ៉ាទាមទារដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅកោះកុងស៊ូហ្គ័ររបស់ អ្នកឧកញ៉ា លីយ៉ុងផាត់ កាលពីដើមឆ្នាំ២០២២។ ក៏ប៉ុន្តែក្រុមរបស់ពួកគេមួយចំនួនត្រូវបានប៉ូលិស ឃុំអូរជ្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង ឃាត់នៅពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវមកភ្នំពេញ ។

«បងប្អូនប៉ូលីសមកតាមខ្ញុំៗ ធ្វើខុសអីគេ ខ្ញុំសួរ? ខ្ញុំនិយាយតាមត្រង់អត់ស្ដាប់ខ្ញុំនេះ។ ខ្ញុំខុសច្បាប់អីគេ ខ្ញុំទិញគ្រឿងញៀនមែន សម្លាប់មនុស្សមែន? បើខ្ញុំប្រាប់ថា ខ្ញុំគ្រាន់តែទៅដាក់ញត្តិហើយមកវិញល្ងាច ម៉េចបានអត់ឱ្យខ្ញុំទៅ? ខ្ញុំសួរ ខ្ញុំខុសអី?…»

 

តំណាងសហគមន៍ព្រលានក្នុងឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ចំនួន៥នាក់ រួមមានអ្នកស្រី ភាព តេង, លោកតូច ង៉ាវ, លោក ឃង់ រ៉ុច, អ្នកស្រី នុយ សុ  និងអ្នកស្រី ទន់ ឡាយ ត្រូវបានតុលាការខេត្តកោះកុង កោះឱ្យចូលបំភ្លឺកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ជុំវិញបទចោទ «អំពើញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងអំពើប៉ះពាល់ដល់សិទ្ធិនៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ»។ នៅថ្ងៃដែលពួកគេចូលបំភ្លឺនៅតុលាការខេត្តកោះកុងនោះ មានប្រជាសហគមន៍ប្រមាណ១០៥នាក់ឈរនៅមុខសាលាដំបូងខេត្តកោះ ដើម្បីគាំទ្រនិងទាមទារឲ្យតុលាការទំលាក់បទចោទមកលើតំណាងរបស់គាត់។

អ្នកស្រី ភាព តេង តំណាងពលរដ្ឋសហគមន៍ព្រលាន ម្នាក់ក្នុងចំណោមអ្នកដែលរងបទចោទនេះ ដែលទាមទារឱ្យតុលាការទម្លាក់បទចោទលើអ្នកស្រី និងតំណាងសហគមន៍ ៤ នាក់ទៀត បានឱ្យដឹងថា ក្រោយការបំភ្លឺរបស់ពួកគេ តុលាការខេត្តកោះកុង នឹងប្រកាសសាលក្រមនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ អ្នកស្រីអះអាងថា បើសាលក្រមនោះមិនទម្លាក់បទចោទលើប្រជាសហគមន៍នោះទេ ក្រុមប្រជាសហគមន៍នឹង បន្តដាក់ញត្តិទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យជួយអន្តរាគមន៍។

«គ្រោងនឹងបន្ត បើនៅតែ ថ្ងៃគេប្រកាសសាលក្រមហើយ ពួកយើងនឹងបន្តដាក់ញត្តិ ជម្រុញដល់សាលាខេត្ត ហើយនឹងទៅដល់ថ្នាក់ជាតិទៀត។ ទៅក្រសួងដែនដី ក្រសួងមហាផ្ទៃ ទៅដាក់ញត្តិបន្ថែមជាបន្ទាន់។ តែឥលូវនេះយើងអត់ទាន់ធ្វើអីទេ ជាក់ស្ដែងយើងឃើញហើយ ដល់ថ្ងៃទី០១នេះ គេចាប់ផ្ដើមឃោសនាបោះឆ្នោតហើយ ចឹងទៅយើងមិនចង់ឱ្យយើង គេលាបពណ៌យើងថា យើងធ្វើបក្សនយោបាយធ្វើអី ប្រឆាំងអីចឹងទៅ។ ចឹងទៅយើងប្រជាពលរដ្ឋយើងធ្វើតែបក្សឆ្នាំងបាយពួកយើងទេ សំខាន់យើងអត់មានសួរបក្សនយោបាយណាទាំងអស់»។

កាលពីពេលកន្លទៅ ក្រុមប្រជាសហគមន៍ព្រលាន បានដាក់ញត្តិទៅកាន់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ដោយទទូចស្នើឱ្យអាជ្ញាធរខេត្តកោះកុង ជួយអន្តរាគមន៍បញ្ហាវិវាទដីធ្លីជូនពលរដ្ឋទាំងអស់ ក្រោយពួកគេអះអាងថា បានរងគ្រោះពីការដកហូតដីដែលធ្លាប់អាស្រ័យផលចាប់តាំងពីឆ្នាំ១៩៩៥ ទៅឱ្យក្រុមហ៊ុនស្ករអំពៅរបស់អ្នកឱកញ៉ា លី យ៉ុងផាត់កាលពីឆ្នាំ២០០៦។ អ្នកស្រី តេង ភាព ធ្លាប់បានអះអាងថា រដ្ឋបានដកហូតដីដែលពលរដ្ឋធ្លាប់អាស្រ័យផលទាំងអស់ប្រមាណ៩៤០០ហិកតាទៅធ្វើជាសម្បត្តិឯកជនរបស់រដ្ឋវិញ ខណៈរដ្ឋក៏បានប្តឹងពលរដ្ឋចំនួន៥នាក់ ទៅតុលាការ បន្ទាប់ពីពួកគេបានទៅរស់នៅលើដីដែលរដ្ឋបានដកហូតរួចហើយ៕

Share

Image
Image
Image