en     km
en     km

កូដករណាហ្គាវើលដ៍ផ្លែផ្កាទៅកាស៊ីណូណាហ្គាវើលដ៍ថាបានឈ្នះពានរង្វាន់ខាងរើសអើងសហជីព និងរំលោភសិទ្ធិការងារនៅកម្ពុជា

Share

ក្រុមកូដករណាហ្គាវើលដ៍ (Naga World) ចំនួនប្រមាណ៤០នាក់ ដែលភាគច្រើនជាស្ត្រី បន្តធ្វើកូដកម្មទាំងភ្លៀង នៅរសៀលថ្ងៃទី២៨ ខែមិថុនា ដើម្បទាមទារសិទ្ធិការងារ និងបញ្ហាមួយចំនួនដែលថៅកែមិនទាន់ដោះស្រាយបាន។ ពួកគេប្រកាសថា ក្រុមហ៊ុនណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ខាងរើសអើងសហជីព និងរំលោភសិទ្ធិការងារនៅប្រទេសកម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍

 

បញ្ហាដែលក្រុមកូដករណាហ្គាវើលដ៍ទាមទារជាចម្បងនៅល្ងាចមិញនោះ គឺតវ៉ាសុំដោះលែងតំណាងសហជីពរបស់ខ្លួន គឺកញ្ញា ឈឹម ស៊ីថរ និងទម្លាប់រាល់ការចោទប្រកាន់លើសហការីរបស់ពួកគេ។ ប៉ុន្តែក្រុមដូកករបានភ្ជាប់ជាមួយបដា និងរូបភាព ទាមទារដំណោះស្រាយ ដែលដូចនឹងការតវ៉ាកន្លងមក នៅក្នុងកូដកម្មលើកនេះដែរ។ ពិសេសជាងសព្វមួយដងគឺក្រុមកូដករបានរៀបចំនូវទិដ្ឋភាពប្លែកៗ ដោយពួកគេបានធ្វើពានរង្វាន់ច្នៃពីក្រដាសកាតុង និងប័ណ្ណសរសើរមួយផ្ទាំង។ នៅផ្នែកខាងលើនៃពានច្នៃពីក្រដាសកាតុងនោះ សរសេរថា «ពានរង្វាន់រើសអើសសហជីព»។

 

ចំណែកផ្នែកខាងក្រោមនៃពាន សរសេរអក្សររៀបរាប់ថា«ពានរង្វាន់ប្រចាំឆ្នាំ២០២៣ ប្រគល់ជូនកាស៊ីណូណាហ្គាវើលដ៍ សម្រាប់ការរើសអើងសហជីពL.R.S.U»។ រីឯក្រដាសមួយផ្ទាំងទៀត ដែលមានទម្រង់ជាវិញ្ញាបណ្ណបត្រ ឬបណ្ណសរសើរ មានរូបនិមិត្តសញ្ញាកាស៊ីណូណាហ្គាវើលដ៍ និងបានសរសេរថា «ណាហ្គាវើលដ៍ឈ្នះពានរង្វាន់ខាងរើសអើងសហជីព និងរំលោភសិទ្ធិការងារនៅប្រទេសកម្ពុជា។ បន្ថែមពីលើការរៀបចំនេះ ក្រុមកូដករបានយកក្រណាត់ព័ទ្ធឈៀង និងបង់ក ពណ៌ស្លាទុំមានអក្សរសរសេរឈ្មោះណាហ្គាវើលដ៍ (Naga World) ។

កូដករម្នាក់គឺអ្នកស្រី ម៉ម សុវឌ្ឍិន បានប្រាប់វិទ្យុស្ត្រីថា ដោយសារនៅស្រុកខ្មែរ តវ៉ារឿងវិវាទការងារយូរជាងគេ គ្មានដំណោះស្រាយ ហើយជាវិវាទការងារដែលមានអ្នកលូកដៃច្រើនជាងគេក្នុងការការពារមិនផ្តល់យុត្តិធម៌ឱ្យកម្មករខ្មែរ។ ប្រការនេះទើបកម្មករធ្វើពានមួយតំណាងឱ្យការរំលោភសិទ្ធិការងារនិងការរើសអើងសហជីពឯករាជ្យដែលការពារកម្មករ ដែលថៅកែណាហ្គាវើលដ៍គាត់ព្យាយាមគាស់រម្លើង។

ចំណែកកូដករម្នាក់ទៀត គឺអ្នកស្រី សុខ រតនា បានឈរនិយាយទាំងពេលភ្លៀងថា ក្រុមកម្មកររបស់អ្នកស្រី បានព្យាយាមតស៊ូធ្វើការ ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែបែរជាត្រូវបានគេចោទថា ក្រុមកម្មករស៊ីឈ្នួលបរទេសធ្វើបាតុកម្ម។

«ធ្វើឡើងផ្ញើរជូនអ្នកដែលចោទពួកខ្ញុំដែលជាកម្មករ ថាពួកខ្ញុំ ស៊ីឈ្នួលពីបរទេសធ្វើបាតុកម្មខុសច្បាប់។ អញ្ចឹងសូមឱ្យមើលទិដ្ឋភាពនៅខាងក្រោយ ហើយកម្មកររាល់ថ្ងៃនេះ គឺតស៊ូខ្លាំងមែនទែនដើម្បីសិទ្ធិការងារ ដើម្បីឆ្នាំងបាយ ដើម្បីអាហារ៣ពេល ហើយសួរថាកម្មករស៊ីឈ្នួលបរទេស សួរថាមានផ្ទះនៅឬនៅ មានវីឡានៅឬនៅ? មានឡានជិះនៅ? មានអាហារ៣ពេលដែលឆ្ងាញ់ៗ ហើយអស់តម្លៃរាប់ពាន់ដូចគេអ្នកមានឬនៅ?…»

 

 

អស់រយៈពេលជាងមួយឆ្នាំកន្លះហើយ ដែលក្រុមកូដករណាហ្គាវើលដ៍ភាគច្រើនជាស្ត្រី នាំគ្នាធ្វើកូដកម្មតវ៉ា  នៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយគេបានប្រើប្រាស់រូបភាពច្នៃប្រឌិតផ្សេងៗ។ ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានបញ្ឈប់កម្មករចំនួន១ ៣០០នាក់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនរងការចោទប្រកាន់ថាមានចេតនារំលាយសហជីព ដោយកំណត់គោលដៅលើមេដឹកនាំសហជីព ដែលកម្មករនិយាយថាគួរតែត្រូវបានការពារពីការបញ្ឈប់ពីការងារ។ ការតវ៉ារបស់កម្មករជាង១០០នាក់   បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ក្រុមហ៊ុនថា បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។ យ៉ាងណាក្រោយការតវ៉ានេះ ក៏មានកូដករមួយចំនួនបានងាកទៅចូលធ្វើការវិញផងដែរក្រោយការចរចាពីភាគីក្រុមហ៊ុន ប៉ុន្តែអ្នកនៅសេសសល់នៅតែបន្តសកម្មភាពតវ៉ាទាមទារមកដល់ពេលនេះ។

អ្នកតវ៉ាម្នាក់ទៀត គឺលោក ណាំ ទីវ័ន្ត បានប្រកាសថាការធ្វើការតវ៉ានេះ មិនមែនស៊ីឈ្នួលពីអ្នកណាឡើយ ប៉ុន្តែជាការទាមទារដំណោះស្រាយការងារ។ លោកអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហានេះ ជាជាងការចោទកម្មករនិយោជិត។

«កុំចេះតែចោទលើកម្មករ! កម្មករតស៊ូក្រោមមេឃ.. ហាលក្ដៅហាលភ្លៀង ដោយសារភាពយុត្តិធម៌ ហើយសូមកុំលាបពណ៌ ពួកខ្ញុំទៀត កុំបន្ថែមភាពអយុត្តិធម៌លើពួកខ្ញុំទៀត»។

 

កាលពីពេលកន្លងទៅ រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសមួយជុំវិញបញ្ហាវិវាទកូដករណាហ្គាវើលដ៍នេះ បញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។ លិខិតនោះបញ្ជាក់ថាក្រុមហ៊ុន ណាហ្គាវើល ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ដោយសារតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ មកលើឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ ក្រសួងបានផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយអះអាងថាបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា។

ពាក់ព័ន្ធនឹងការតវ៉ាលើវិវាទការងារកាស៊ីណូណាហ្គាវើលដ៍នេះ កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពណាហ្គាវើលដ៍ដែលធ្លាប់ដឹកនាំការតវ៉ានេះ កំពុងជាប់ពន្ធនាគារជាលើកទី២នៅឡើយបើគិតមកទល់នឹងខែមិថុនា ឆ្នាំ២០២៣នេះ មានរយៈពេល៧ខែហើយ៕

Share

Image
Image
Image