en     km
en     km

សង្គមស៊ីវិលស្នើបញ្ឈប់ការស្មុំកូនអន្តរប្រទេសខណៈរកឃើញមានការរំលោភលើផលប្រយោជន៍កុមារ

Share

សង្គមស៊ីវិលចំនួន៤ស្ថានប័នចេញសេចក្ដីថ្លែងការណ៍ ដើម្បីស្នើសុំរាជរដ្ឋាភិបាលបញ្ឈប់ការស្មុំកូនអន្ដរប្រទេស ដោយរកឃើញថា កម្ពុជានៅតែមានការខ្វះខាតកិច្ចគាំពារ ដោយសុវត្ថិភាពក្នុងការប្រឆាំងនឹងការកើនឡើងនៃអំពើពុករលួយ និងការក្លែងបន្លំ។ យ៉ាងណាភាគីរដ្ឋាភិបាលមិនទាន់បានឆ្លើយតបនៅឡើយទេ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សង្គមស៊ីវិលចំនួន៤ស្ថានប័នរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)  សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)  សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)  និងIntercountry Adoptee Voices (ICAV)បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយស្នើសុំរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការស្មុំកូនអន្ដរប្រទេស។

សង្គមស៊ីវិលទាំង៤ស្ថានប័នថា កម្ពុជានៅតែមានការខ្វះខាតកិច្ចគាំពារ ដោយសុវត្ថិភាពក្នុងការប្រឆាំងនឹងការកើនឡើងនៃអំពើពុករលួយ និងការក្លែងបន្លំ ជាហេតុនាំឱ្យកើតមានការក្លែងបន្លំស្មុំកូននាកន្លងមក ខណៈកម្ពុជាបានអនុម័តច្បាប់ថ្មីៗក្នុងការគ្រប់គ្រងការស្មុំកូនអន្តរប្រទេស ចាប់តាំងពីឆ្នាំ២០០៩ក៏ដោយ។

របាយការណ៍ពីសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលបន្ថែមថា  ដោយកម្ពុជាស្ថិតក្នុងលេខរៀងទី១៣៩ ក្នុងចំណោម ១៤០ប្រទេសនៅទូទាំងពិភពលោក នៅក្នុងសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២២ របស់គម្រោងយុត្តិធម៌ពិភពលោក និងទទួលបានពិន្ទុទាបបំផុតនៅក្នុងការប្រើប្រាស់ និងអនុវត្តបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដោយពុំមានរងឥទ្ធិពលមិនសមស្របពីតួអង្គណាមួយ។ ជាមួយគ្នាកម្ពុជាមានចំណាត់ថ្នាក់ចុងក្រោយ ឬក្បែរចុងក្រោយ ចំពោះមន្ដ្រីរដ្ឋាភិបាលនៅក្នុងអំណាចនីតិប្បញ្ញត្តិ និងតុលាការសម្រាប់ការប្រើប្រាស់ការិយាល័យរបស់ខ្លួនដើម្បីផលប្រយោជន៍ឯកជន និងចំណាត់ថ្នាក់ក្បែរបាតតារាង ក្នុងចំណោមប្រទេសនៅទូទាំងពិភពលោក សម្រាប់ការយល់ឃើញពីអំពើពុករលួយក្នុងសន្ទស្សន៍ឆ្នាំ២០២២ របស់អង្គការតម្លាភាពអន្តរជាតិផងដែរ ធ្វើឱ្យបរិបទនេះ ជាហានិភ័យនៃការរំលោភលើផលប្រយោជន៍របស់កុមារក្នុងការស្មុំកូនអន្ដរប្រទេស។

ការបើកឱ្យមានការស្មុំកូនអន្តរប្រទេសឡើងវិញ ដោយប្រថុយប្រថាន និងខ្វះការទទួលខុសត្រូវច្បាស់លាស់ គឺជាការប្រឆាំងនឹងការអនុវត្តច្បាប់ជាតិ និងអន្ដរជាតិ ។ នេះបើតាមការលើកឡើងពីក្នុងរបាយការណ៍ដដែល។ ច្បាប់ជាតិ និងអន្តរជាតិកំណត់ថា ការស្មុំកូនអន្ដរប្រទេស គួរតែធ្វើឡើងបន្ទាប់ពីការប្រើប្រាស់រួច នូវគ្រប់មធ្យោបាយថែទាំកុមារតាមគ្រួសារនៅក្នុងប្រទេសកំណើតរបស់ពួកគេ ។

សង្គមស៊ីវិលអះអាងថា កិច្ចគាំពារសង្គមក្នុងការគាំទ្រគ្រួសារនៅកម្ពុជា គឺនៅមិនទាន់មានគ្រប់គ្រាន់ឡើយ ខណៈដែលប្រទេសកម្ពុជា កំពុងដំណើរការកាត់បន្ថយចំនួនកុមារដែលរស់នៅក្នុងមណ្ឌលថែទាំ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រព័ន្ធថែទាំកុមារ និងប្រព័ន្ធស្មុំកូនក្នុងស្រុកផ្លូវការ ក៏នៅមិនទាន់ទទួលបានការអភិវឌ្ឍពេញលេញ និងមិនសូវមានការប្រើប្រាស់នៅឡើយដែរ។

វិទ្យុស្ដ្រីបានសុំការឆ្លើយតបពីលោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា តែលោកជាប់រវល់ប្រជុំ។ បើផ្អែកតាមសៀវភៅផ្នត់ ស្ដីពីនិតិវិធីស្មុំកូនអន្ដរប្រទេសកម្ពុជាបានកំណត់យ៉ាងច្បាស់ពីលក្ខខណ្ឌរបស់អ្នកស្មុំកូនចំនួន៩ ចំណុច ដោយចំណុចទី៥ ចែងថា ទាល់តែសញ្ជាតិ ឬប្រទេសអចិន្ដ្រៃយ៍នៃអ្នកសុំកូន មានទំនាក់ទំនងការទូតជាមួយកម្ពុជា ទើបអាចស្មុំកូនបាន និងមានលក្ខណ្ឌសំខាន់ៗផ្សេងទៀត។

យ៉ាងណាស្ថាប័នទាំង៤លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គួរតែផ្ដោតចិត្តការយកចិត្តទុកដាក់លើការបង្កើនលទ្ធភាពទទួលបានការការពារ និងការគាំទ្រសង្គមរបស់គ្រួសារ ព្រមទាំងពង្រឹងប្រព័ន្ធថែទាំតាមគ្រួសារក្នុងស្រុកឱ្យបានខ្លាំង ក៏ដូចជាកសាងសមត្ថភាពអ្នកធ្វើកិច្ចការសង្គមទាំងអ្នកថ្មី និងអ្នកចាស់៕

Share

ព័ត៌មានទាក់ទង

Image