រដ្ឋាភិបាលនៅតែអះអាងថា មិនមានច្បាប់សម្រាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាទេ ដោយសារកង្វល់ពីជំងឺអេដស៍បន្ដរកឃើញមានការកើនឡើង ពិសេសលើអ្នកស្រលាញ់ភេទដូចគ្នា។ តែយ៉ាងណារដ្ឋាភិបាលនៅតែលើកឡើងដែរថា មិនឱ្យរើសអើងចំពោះក្រុមស្រលាញ់ភេទដូចគ្នាឡើយ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
សម្ដេច ហ៊ុន សែន បានប្រកាសសារជាថ្មីម្ដទៀត នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ថាកម្ពុជាមិនមានការហាមឃាត់មិនឱ្យស្រឡាញ់ភេទដូចគ្នាទេ តែក៏មិនមានច្បាប់អនុញ្ញាតឱ្យប្រជាជនដែលមានភេទដូចគ្នារៀបការនឹងគ្នាដែរ។ ការថ្លែងបែបនេះ ខណៈរាជរដ្ឋាភិបាលថា ជំងឺអេដស៍បានបន្ដកើនឡើងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២២ ដែលភាគច្រើនកើតឡើងដោយសារអ្នកស្រលាញ់ភេទដូចគ្នា។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ថា នៅឆ្នាំ២០២២ មានករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាចំនួន១,៤០០ករណី ដែលកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ហើយភាគច្រើនកើតលើអ្នកស្រឡាញ់ភេទដូចគ្នា ពិសេសប្រុស និងប្រុស។
រដ្ឋាភិបាលថាករណីជំងឺអេដស៍នៅកម្ពុជាបានថយចុះប្រសើរ ប៉ុន្តែបែរជាមានការកើនឡើងក្នុងដំណាក់កាលចុងក្រោយនេះវិញ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន និងបង្កើនវិធានការទប់ស្កាត់។
យ៉ាងណាការលើកឡើងរបស់រាជរដ្ឋាភិបាលកម្ពុជាករណីមិនឱ្យក្រុមអ្នកស្រលាញ់ភេទដូចគ្នារៀបការនេះក៏ មិនមែនជាលើកទី១ដែរ។ ភ្ជាប់ជាមួយគ្នារាជរដ្ឋាភិបាលបានអំពាវនាវមិនឱ្យរើសអើងលើអ្នកស្រលាញ់ភេទដូចគ្នាទេ ជាពិសេសថា គួរផ្ដល់ឱកាសការងារសម្រាប់ពួកគេ រាប់អានគ្នាធម្មតាក្នុងភាពជាប្រជាជាតិតែមួយ។
នៅកម្ពុជាក៏ធ្លាប់មានការស្នើសុំឱ្យធ្វើ វិសោធនកម្មច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា រៀបអាពាហ៍ពិពាហ៍ ពិសេសខាងសង្គមស៊ីវិលសិទ្ធិមនុស្សបានជួយដល់សមាគមក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក្នុងរឿងនេះដែរ។ បែបនេះក្ដីក៏រាជរដ្ឋាភិបាលនៅតែមិនទាន់មានការចេញច្បាប់សម្រាប់ពួកគេឡើយ។
គួរជម្រាបថា នៅក្នុងខែមិថុនានេះ គឺជាខែនៃក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅទូទាំងពិភពលោក រៀបចំកម្មវិធីបុណ្យ Pride ឬមោទនភាព សម្រាប់ឧទ្ទិសដល់កុប្បកម្ម Stonewall កាលពីឆ្នាំ 1969។ នៅកម្ពុជាក៏មានរៀបចំកម្មវិធីនេះដែរ កាលពីដើមខែមិថុនា នាទីក្រុងកោះពេជ្រ ភ្នំពេញ៕