en     km
en     km

មហាជនគាំទ្រវិធានការរបស់ក្រសួងវប្បធម៌លើចំណាត់ការវីដេអូប៉ះពាល់ដល់វប្បធម៌តម្លៃស្ដ្រីនិងកុមារ

Share

មហាជនជាច្រើនបានចូលទៅបញ្ចេញមតិតាមរយៈហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយបង្ហាញការគាំទ្រព្រោងព្រាតចំពោះចំណាត់ការ របស់ក្រសួងលើអ្នកផលិតវីដេអូខ្លីៗ ឬអ្នកបង្កើតវេទិកាដែលប៉ះពាល់ដល់ប្រពៃណី វប្បធម៌ ព្រមទាំងតម្លៃស្ដ្រី និងកុមារ។

មហាជនខ្លះបានសរសេរថា គាំទ្រ១០០ភាគរយ និងខ្លះបានសរសេរថា រងចាំចំណាត់ការបែបនេះយូរមកហើយ។
គួរជម្រាបថា នៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ មានអ្នកបង្កើតវីដេអូ ឬមាតិកាជាច្រើនបានបង្ហោះវីដេអូ និងរូបភាពដែលប្រាស់ចាកក្រមសីលធម៌ ដោយបង្កផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរជាហូរហែរ ពិសេសក្នុងបណ្ដាញសង្គម តិកតុក។


កាលពីចុងសប្ដាហ៍មុន ក្រសួងវប្បធម៌បានឱ្យបញ្ឈប់ជាបន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្ដដែលមានចរិកលក្ខណៈអាសអាភាស ស្រើបស្រាល និងអសីលធម៌បន្ដទៀត។ បើរកឃើញថា បន្ដមានសកម្មភាពទាំងនេះ ក្រសួងថា និងចាត់វិធានការម៉ឹងម៉ាត់តាមផ្លូវច្បាប់ជាធរមាន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ។


ទោះបីមានការគាំទ្រចំពោះវិធានការរបស់ក្រសួងវប្បធម៌យ៉ាងណា ក៏មានអ្នកបញ្ចេញមតិមួយចំនួនបានស្នើឱ្យក្រសួងវប្បធម៌អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនេះ ដើម្បីបញ្ជៀសនូវផលប៉ះពាល់ និងរក្សាបានគុណតម្លៃ សេចក្ដីថ្លៃថ្នូរ វប្បធម៌ប្រពៃណីរបស់ជាតិ ពិសេសលើកស្ទួយសិទ្ធីស្ដ្រី និងកុមារ៕

Share

ព័ត៌មានទាក់ទង

Image