en     km
en     km

គ.ជ.ប ស្នើអាជ្ញាធរត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀងពេលឃោសនាបោះឆ្នោត

Share

នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវតាមរយៈលិខិតផ្លូវការមួយនៅថ្ងៃទី២៦ ខែមិថុនានេះ ដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ពិសេសគោរពតាមបទបញ្ជា និងនីតិវិធីសម្រាប់ការ បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយប្រព្រឹត្តទៅ ដោយសន្តិវិធីអហិង្សា សន្តិសុខ និងសុវត្ថិភាព។

ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ ប្រទេសជាសម្ព័ន្ធមិត្តដែលកាន់លទ្ធិប្រជាធិបតេយ្យសេរីលើលោកមួយចំនួនដែលធ្លាប់ចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជាកន្លងមក មិនបានបញ្ជួនអ្នកសង្កេតការណ៍របស់ពួកគេមកតាមដានដំណើរការបោះឆ្នោតឡើយ។ ការប្រកាសបែបនេះក្រោយពេលដែលគណបក្សភ្លើងទៀន ដែលគេចាត់ទុកជាគណបក្សប្រឆាំងដៃគូចម្បងរបស់គណបក្សកាន់អំណាច មិនអាចចូលរួមការប្រកួតប្រជែងលើការបោះឆ្នោតនេះបាន។ ក្នុងនោះដែរ ជប៉ុន ដែលធ្លាប់ចូលរួមសង្កេតការណ៍បោះឆ្នោត និងជាប្រទេសមួយដែលផ្ដល់ជំនួយ នៅកម្ពុជាកន្លងមក ប៉ុន្តែនៅក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិនេះ ជប៉ុន ក៏បានប្រកាសថា នឹងមិនចាត់អ្នកសង្កេតការណ៍តាមដានឡើយ។

គ.ជ.ប បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗអាចអនុវត្តកម្មវិធី ឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។ ថ្លែងប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២៦ ខែមិថុនានេះ លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យ គ.ជ.ប ប្រាបឱ្យដឹងថា គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់សម្រាប់រៀបចំការឃោសនានេះ។
សូមនាង កញ្ញា លោក លោកស្រី ស្ដាប់ប្រសាសន់លោក ហង្ស ពុទ្ធា !

Share

Image
Image
Image