en     km
en     km

យុវ​ជន​ខ្មែរ​ ប្រមូលគ្នាបាតុកម្មនៅជប៉ុន ទាមទារឱ្យបក្សភ្លើងទៀនមានសិទ្ធិចូលរួមបោះឆ្នោត

Share

យុវ​ជន​ខ្មែរ​ ដែលរស់នៅប្រទេសជប៉ុន និងប្រទេសលោកសេរី ដែល​អះ​អាង​ថា​ខ្លួនជា​ពល​រដ្ឋ​សកម្ម​ បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ ​ក្នុងរាជធានីនៃប្រទេសជប៉ុន​។​ បាតុ​កម្ម​នេះធ្វើឡើងដើម្បីទាមទារឱ្យ​គណ​បក្ស​ភ្លើង​ទៀន​អាច​ចូល​រួម​បោះ​ឆ្នោត​ ​ ​ស្នើ​​ប្រ​ទេស​​ភាគី​ហត្ថ​លេ​ខី​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ដល់​ប្រទេស​កម្ពុជា និងស្នើ​ឱ្យរដ្ឋាភិបាល​ជប៉ុន​ផ្តាច់​ជំនួយ​ទៅ​កាន់​កម្ពុជា​ ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​។ ចំណែកមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថាយុវជនខាងលើទាមទារ ទាំងមិនដឹងខ្យល់ ហើយរំលោភទៅលើ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍

 

យុវជនខ្មែរ ដែលអះអាងខ្លួនថាជា​ពល​រដ្ឋ​សកម្ម​ទាំងនោះ បានមកជួបជុំគ្នា​នៅទីក្រុង​តូក្យូ​ប្រទេសជប៉ុន​នៅថ្ងៃទី២៥ មិថុនា ២០២៣ ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារលក្ខខណ្ឌ៣ចំណុច ទី១ ទាមទារអោយមានវត្តមានគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនីតិកាលទី៧។ ២ ស្នើសុំអោយសហគមអន្តរជាតិគិតគូរអំពីលំហរសិទ្ធិសេរីភាពនិងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ៣ ស្នើដល់ប្រទេសហត្ថលេខីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសគិតគូរឡេីងវិញចំពោះស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន ។

បាតុករម្នាក់ឈ្មោះ សោម សុជាតិ ដែលពាក់អាវពណ៌ទឹកក្រូច មានពាក់របាំងមុខរូបលោក ថាច់ សេដ្ឋា ផងនោះ បានបញ្ជាក់ខ្លឹមសារនៃការរៀបចំខ្លួនរបស់លោកថា លោកស្លៀកឈុតពណ៌ទឹកក្រូចនេះគឺតំណាងឱ្យលោកថាច់ សេដ្ឋា ដែលត្រូវបានគេចាប់ខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដែលលោកអះអាងថា លោកត្រូវបានគេចោទប្រកាន់យ៉ាងអយុត្តិធម៌ដែលមកទល់នឹងពេលបច្ចុប្បន្ននេះ លោកថាច់ សេដ្ឋាមិនទាន់បានរួចខ្លួននៅឡើយ។

«នៅពេល មកទលនឹងបច្ចុប្បន្ននេះ គាត់មិនទាន់មានសេរីភាពទេ គាត់ត្រូវរង អំពើអយុត្តិធម៌ដោយការចោទប្រកាន។..យើងទាំងអស់គ្នាទាមទារឱ្យគណបក្សភ្លើងទៀន មានការចូលរួមបោះឆ្នោតនៅក្នុងឆ្នាំ២០២៣នេះ ហើយមួយទៀតយើងទាមទារឱ្យប្រទេសហត្ថលេខី(សន្តិភាពទីក្រុងប៉ារីស) ទាំង១៨ប្រទេសមេត្តាកោះប្រជុំជាបន្ទាន់ជម្រុញដល់រដ្ឋាភិបាលលោកហ៊ុន សែន ឱ្យងាកមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញ»។

ចំណែកស្ត្រីបាតុករម្នាក់ទៀតដែលពាក់កងពណ៌ផ្ទៃមេឃមួយពីលើក្បាលដែលតំណាងឱ្យស្ត្រីសេរីភាព ត្បិតស្ត្រីបាតុកររូបនេះ អះអាងថា ស្ត្រីសេរីភាពនេះ គោរពសិទ្ធមនុស្សនិងប្រជាធិបតេយ្យ។ អ្នកស្រីអះអាងថា ប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ហើយអ្នកស្រីទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធមនុស្ស និងបើកផ្លូវឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតឡើងវិញ។

«ព្រោះអីអ្នកនាងសេរីភាពគាត់ស្រលាញ់គោរពប្រជាធិបតេយ្យ នៅស្រុកខ្មែរយើងប្រជាធិបតេយ្យពុករលួយ គ្មានសិទ្ធិសេរី គ្មានសិទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ ដូច្នេះថ្ងៃនេះយើងចូលរួមបាតុកម្មដើមទាមទារសិទ្ធិសេរីភាពនៅប្រទេសកម្ពុជា។ …ហើយទាមទារឱ្យគណបក្សភ្លើងទៀនអាចចូលរួមការបោះឆ្នោត»។

ទោះយ៉ាងណា លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២៦ ខែមិថុនានេះ ដោយឆ្លើយតបការតវ៉ាឱ្យបើផ្លូវសម្រាប់គណបក្សភ្លើងទៀននេះថា ការទាមទារទោះក្នុងរូបភាពណាក៏ដោយមិនត្រូវឃ្លាតឆ្ងាយពីពាក្យថាប្រជាធិបតេយ្យ និងនីតិរដ្ឋឡើយ។ បន្ថែមពីនេះ លោកនៅតែចាត់ទុកថាការដែលអវត្តមានគណបក្សភ្លើងទៀន និងគណបក្សមួយទៀត ដែលមិនអាចចូលរួមការបោះឆ្នោតបាន ដោយសារតែមិនបានបំពេញតាមលក្ខខណ្ឌតម្រូវ។

«ដើម្បីបោះឆ្នោតបានមិនមែនទាមទារចូល ដោយអត់ធ្វើអីទាំងអស់នោះទេ គឺត្រូវចុះបញ្ជីឈរឈ្មោះ និងដាក់បេក្ខជន ហើយការចុះបញ្ជីនេះគណបក្សភ្លើងទៀនលោកអត់បានបំពេញគ្រប់លក្ខខណ្ឌ អត់បានបំពេញគ្រប់ឯកសារដែលជា ការកំណត់របស់គ.ជ.ប ដែលគណបក្ស១៨ទៀតលោកបំពេញបាន ដោយឡែកគណបក្សភ្លើងទៀន និងគណបក្សមួយទៀតលោកអត់អាចបំពេញបាន។ នេះបានន័យថា គណបក្សសាម៉ី លោកអត់បានដើរតាមនីតិវិធីនៃការបោះឆ្នោតទេ អញ្ចឹងលោកត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះអវត្តមានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បាទ»។

 

ងាកមកស្ត្រីបាតុករម្នាក់ទៀត​ដែលមកពីតំបន់ហ្សាកាំមីហារ៉ា ប្រទេសជប៉ុន បានបង្ហាញអារម្មណ៍រំភើបដែលបានចូលរួមបាតុកម្មទាមទារនេះ ហើយបាតុករម្នាក់នោះនៅតែស្នើឱ្យគ.ជ.ប អនុញ្ញាតឱ្យគណបក្សភ្លើងទៀនអាចចូលរួមការបោះឆ្នោតខាងមុខ។

«អរគុណដល់ប្រជាជនកម្ពុជារបស់យើងដែលរស់នៅប្រទេសជប៉ុនដែលបានចូលរួមយ៉ាងច្រើនកុះករ។ ស្នើសុំឱ្យ រាជរដ្ឋាភិបាលជប៉ុនហ្នឹងជួយ ស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ហើយនិងជួយឱ្យ គជប ហ្នឹងឱ្យគណបក្សភ្លើងទៀនបោះឆ្នោតឡើងវិញ»។

ឆ្លើយតបនឹងបាតុកម្មនេះ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកក្រុមយុវជននេះថា ជាក្មេងៗដែលមិនដឹងខ្យល់ ដែលយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកធ្វើជាបង្អែក។ លោកអះអាងថា តាមគោលការណ៍នីតិរដ្ឋនៅកម្ពុជា គណបក្សភ្លើងទៀន​មិនអាច​ចូល​រួមការ​បោះឆ្នោតបានទេ ដោយលោកប្រៀបធៀបថាអង្ករបានក្លាយទៅជាបាយរួចហើយ។

«កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចង្អុលបង្ហាញឱ្យកម្ពុជាដើរតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយការណ៍ដែលចង់ឱ្យភ្លើងទៀនចូលរួមការបោះឆ្នោតនោះវាជាការអង្ករបានក្លាយទៅជាបាយរួចទៅហើយ។ ហើយការណ៍អង្ករក្លាយជាបាយនេះ គឺទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ ដូច្នេះការស្នើរបស់ក្មេងៗមិនដឹងខ្យល់ទាំងនោះគឺរំលោភទៅលើ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជាយ៉ាងពិតប្រាកដ នៅពេលដែលគាត់យល់ថា ការស្នើរបស់គាត់ត្រឹមត្រូវតាមកិច្ចព្រមព្រៀង»។

លោក សោម សុជាតិ ទទូចដល់រដ្ឋាភិបាលជប៉ុនគួរជម្រុញដល់ប្រទេសហត្ថលេខីសញ្ញាសន្តិភាពទីក្រុងប៉ារីស ឱ្យកោះប្រជុំពិភាក្សាឡើងវិញពីការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា។ មួយវិញទៀតលោកស្នើរដ្ឋាភិបាលជប៉ុនត្រូវពិចារណាពីការផ្ដល់ជំនួយដល់កម្ពុជា។

«ចំពោះទាក់ទងនឹងជំនួយ របស់ជនជាតិជប៉ុន សូមឱ្យជប៉ុនជំនួយដោយតម្លាភាព កុំឱ្យជំនួយទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយឱ្យមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា»។

ក្នុងការបោះឆ្នោតនៅកម្ពុជាកន្លងមកជប៉ុន គឺជាប្រទេសមួយដែលផ្ដល់ជំនួយ និងចាត់បញ្ជូនអ្នកសង្កេតការណ៍មកជាប្រចាំ។ ក៏ប៉ុន្តែក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ ជប៉ុន និងប្រទេសជាសម្ព័ន្ធមិត្ត​ដែលកាន់​លទ្ធិប្រជាធិបតេយ្យសេរីលើលោក​ មិនបាន​បញ្ជួនអ្នក​សង្កេត​ការណ៍​របស់ពួកគេ​មកតាមដាន​ដំណើរការ​បោះឆ្នោត​ឡើយ៕

 

Share

Image
Image
Image