en     km
en     km

ក្រសួងកិច្ចការនារីគ្រោងអនុវត្តគម្រោងជួយស្ដ្រីងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ

Share

ក្រសួងកិច្ចការនារី បានឱ្យដឹងថា ក្រសួងបានរៀបចំ និងគ្រោងអនុវត្តគម្រោងជួយដល់ស្ដ្រីងាយរងគ្រោះបំផុត ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយសារតែពួកគេពឹងផ្អែកជាខ្លាំងលើកសិកម្ម និងធនធានធម្មជាតិ។

ការលើកឡើងរបស់ក្រសួងកិច្ចការនារី ដែលមានលោកស្រី  អ៊ឹង កន្ថាផាវី ជារដ្ឋមន្ដ្រី បានបញ្ជាក់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងសិក្ខាសាលាដាក់ឲ្យដំណើរការគម្រោងការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ ថាការអនុវត្តគម្រោងនេះ ជាការឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការធ្វើឲ្យស៊ីសង្វាក់ជាមួយក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ «មេគង្គ-ឡានឆាង» ក៏ដូចជាក្របខណ្ឌជាសកល ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។

បើតាមក្របខណ្ឌគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០១៤-២០២៣ បានលើកឡើងថា ប្រជាពលរដ្ឋក្រីក្រនៅជនបទ ដែលភាគច្រើនជាស្រ្តី គឺជាក្រុមងាយរងគ្រោះបំផុត ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ក្រសួងកិច្ចការនារី អះអាងថា គម្រោងដែលក្រសួងគ្រោងអនុវត្តនេះ នឹងចូលរួមចំណែកពង្រឹងលទ្ធភាព និងសមត្ថភាពបន្ស៉ាំ និងធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ។ ក្នុងនោះ ក្រសួងនឹងដាក់ចេញនូវវិធានការ និងមធ្យោបាយបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពនៃទឹកស្អាត និងអនាម័យ ដើម្បីឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ស្រ្តី និងគ្រួសារ។

សូមជម្រាបថា គម្រោងនេះដែរនឹងចាប់ផ្តើម ដោយមានកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ដែលស៊ីសង្វាក់ជាមួយស្ថានភាពជាក់ស្តែង របស់បណ្តាប្រទេសនីមួយៗក្នុងតំបន់មេគង្គ ឡានឆាង មានចិន ថៃ ឡាវ និងកម្ពុជា ដែលជាការឆ្លើយតបនឹងយេនឌ័រនៅក្នុងសកម្មភាពអាកាសធាតុ និងការពង្រឹងសមត្ថភាពបន្សាំ និងភាពធន់របស់ស្រ្តី នៅតាមជនបទ។ នេះបើតាមការបញ្ជាក់ពីក្រសួងកិច្ចការនារីដដែល៕

Share

ព័ត៌មានទាក់ទង

Image