en     km
en     km

ក្រុមចលនាមាតាធម្មជាតិបង្ហាញបច្ចុប្បន្នភាពទឹកស្ទឹងសៀមរាបថាមានសភាពល្អប្រសើរ

Share

លោក ថុន រដ្ឋា សកម្មជនក្រុមចលនាមាតាធម្មជាតិបានធ្វើបច្ចុប្បន្នភាពនៃទឹកស្ទឹងក្នុងក្រុងសៀមរាប ថាមានសភាពល្អប្រសើរ បន្ទាប់ពីឆ្លងកាត់ការចម្រោះមុនបង្ហូរចូលក្នុងស្ទឹង។ តាមរយៈវីដេអូពីក្រុមមាតាធម្មជាតិ លោក ថុន រដ្ឋា បញ្ជាក់ថា លោករីករាយដែលឃើញស្ទឹងសៀមរាបមានសភាពបែបនេះ។


សូមជម្រាបថា កាលពីឆ្នាំ២០២២ ក្រុមចលនាមាតាធម្មជាតិ បានរកឃើញថា ស្ទឹងសៀមរាបដែលមានទីតាំងស្ថិតនៅចំកណ្ដាលក្រុងសៀមរាប មានបញ្ហាបង្ហូរទឹកស្អុយចូលទៅក្នុងស្ទឹង និងមិនបានឆ្លងកាត់ការចម្រោះត្រឹមត្រូវនោះទេ។ ស្របពេលជាមួយគ្នានោះក្រុងសៀមរាប មានអាងចម្រោះទឹកកខ្វក់ដែលបានសាងសង់រួចរាល់ហើយ ដោយចំណាយថវិកាអស់ ១៤លានដុល្លារ។


អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ ធ្លាប់បានលើកឡើងកាលពីពេលនោះថា រដ្ឋាភិបាលកំពុងជួសជុលផ្លូវ ៣៨ខ្សែក្នុងក្រុង ទើបមានបញ្ហាទឹកកង្វក់ហូរចូលក្នុងស្ទឹងបែបនេះ។ លោកបញ្ជាក់ដែរថា ក្នុងកាលៈទេសៈនោះ គឺពិបាក តែការជួសជុលមិនប៉ះពាល់បរិស្ថានច្រើននោះទេ។ នេះបើយោងទៅតាម CamboJA។


សម្រាប់ការខិតខំប្រឹងប្រែងរបស់អភិបាលក្រុងសៀមរាប ក្នុងការធ្វើប្រព្រឹត្តកម្មទឹកស្អុយមុនបង្ហូរចូលស្ទឹងនេះ លោក រដ្ឋា ថា ជាដាក់ក្ដីសង្ឃឹមនិងមោទនភាពចំពោះក្រុមពួកគេជុំវិញការស្វែងរកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ លោករំលេចថា បើទោះក្រុមរបស់លោកតែងតែទទួលបានការចោទប្រកាន់គ្រប់រូបភាពមកវិញ និងមិនមានការឆ្លើយតបជាវិជ្ជមានពីអាជ្ញាធរក៏ដោយ ក៏ប៉ុន្ដែធ្វើឱ្យអាជ្ញាធរខិតខំដោះស្រាយបញ្ហាទាំងអស់នោះទៅវិញ ដែលនេះលោកចាត់ទុកថា ជារឿងដែលមិនគួរមើលរំលងនោះទេ៕

Share

Image
Image
Image