en     km
en     km

លោកស្រី ភឿង សកុណាស្នើឱ្យសមាគមអ្នកភ្លេងចងក្រងឯកសារភ្លេងគោលទុកជាឯកសារជាតិ

Share

លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើទៅកាន់សមាគមអ្នកភ្លេង ឱ្យចងក្រងឯកសារភ្លេងគោលឲ្យបានច្រើន ដើម្បីឲ្យឯកសារនេះ ក្លាយជាឯកសារជាតិសម្រាប់កូនចៅច្រើនជំនាន់ទៅមុខទៀត។ លោកស្រីបញ្ជាក់ថា ការចងក្រងនេះនឹងមានកិច្ចសហការ ព្រមទាំងឯកភាពពីក្រសួងមុនការបោះពុម្ពផ្សាយសម្រាប់ក្លាយជាឯកសារជាតិ ។ ការស្នើរបស់រដ្ឋមន្ដ្រីវប្បធម៌ ខណៈជួបជាមួយសមាគមអ្នកភ្លេងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។


ស្របពេលនៃបរិបទសង្គម ព្រមទាំងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ធ្វើឱ្យសមាគមអ្នកភ្លេងមានការព្រួយបារម្ភពីការបាត់បង់ភ្លេងស្របតាមទម្រង់ដើមយ៉ាងខ្លាំង។ តែយ៉ាងណាមិញ សមាគមនេះបានដាក់ទិសដៅ ប្រមូលធនធានមនុស្ស វប្បធម៌ ដោយត្រូវឈរលើស្មារតីរួបរួមគ្នា សាមគ្គីគ្នា ជួយគ្នា ដើម្បីធានានិរន្តភាពកិច្ចការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌។ សមាគមនអ្នកភ្លេងអះអាងថា មានកត្តា៣យ៉ាងគឺ ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ ទើបអាចអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈភ្លេងបាន។

លោក ភោគ សំអុន អគ្គលេខាធិការសមាគមអ្នកភ្លេងបានលើកឡើងថា ភារកិច្ចរបស់សមាគមអ្នកភ្លេង គឺការចែករំលែកនិងផ្ទេរចំណេះដឹង ចំណេះធ្វើនូវវិស័យសិល្បៈវប្បធម៌ពីមនុស្សចាស់ទៅយុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេន។

ផ្អែកតាមស្មារតីថែក្សា និងអភិវឌ្ឍន៍របស់សមាគមអ្នកភ្លេង លោកស្រីរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ព្រឹទ្ធាចារ្យ សាស្រ្តាចារ្យជើងចាស់ ដែលមានស្នាដៃ ហើយចំណេះដឹងនៅសល់ច្រើន ត្រូវគាស់កកាយឡើងវិញ ដើម្បីធ្វើយ៉ាងណាអោយកំរិតនៃភ្លេងកាន់តែពីរោះស្របតាមក្បួនខ្នាត និងពិធីផ្សេងៗ ដោយមានកំរិតស្តង់ដាទំនើបស្របតាមបច្ចេកវិទ្យារីកចម្រើននាពេលបច្ចុប្បន្ននេះ៕

Share

Image
Image
Image