en     km
en     km

ស្ត្រី៤១នាក់ស្លាប់ក្រោមស្នាដៃក្មេងទំនើងក្នុងពន្ធនាគាររបស់ប្រទេសហុងឌូរ៉ាស

Share

មន្រ្តីប៉ូលិសហុងឌូរ៉ាសបានរាយការណ៍នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ ស្រ្តីចំនួន ៤១ នាក់បានស្លាប់នៅក្នុងពន្ធនាគារ ខណៈប្រធានាធិបតីហុងឌូរ៉ាសបានចោទប្រកាន់ថាជាស្នាដៃរបស់ក្រុមក្មេងទំនើងតាមដងផ្លូវម៉ារ៉ា។

អ្នកនាំពាក្យទីភ្នាក់ងារមន្រ្តីប៉ូលីសស៊ើបអង្កេតថ្នាក់ជាតិរបស់ប្រទេសហុងឌូរ៉ាស លោក Yuri Mora បានឱ្យដឹងថា ភាពអសន្តិសុខកាប់សម្លាប់នេះកើតឡើងនៅពន្ធនាគារមួយកន្លែងក្នុងទីក្រុង Tamara ដែលមានចម្ងាយប្រហែល ៥0 គីឡូម៉ែត្រពីភាគពាយព្យនៃរដ្ឋធានី Tegucigalpa នៃប្រទេសហុងឌូរ៉ាស។

លោក Yuri Mora បានបញ្ជាក់បន្ថែមថា នៅក្នុងហេតុការណ៍នេះ ជនរងគ្រោះចំនួន ២៦ នាក់ត្រូវគេដុតសម្លាប់ទាំងរស់ ចំណែកឯជនរងគ្រោះដទៃត្រូវគេបាញ់ ឬចាក់សម្លាប់យ៉ាងព្រៃផ្សៃ។ លោកបន្តថា បច្ចុប្បន្ន យ៉ាងហោចណាស់អ្នកទោសចំនួន ៧ នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ តាមការធ្វើកោសល្យវិច្ច័យបានសន្មតថា សាកសពទាំងអស់មានចំនួន ៤១ ហើយសុទ្ធសឹងជាស្រ្តីភេទ។

ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro បាននិយាយថា កុប្បកម្មនៅក្នុងពន្ធនាគារនេះជាផែនការគ្រោងទុករបស់ក្រុមក្មេងទំនើង ដែលមានរហស្សនាមថាម៉ារ៉ា ដោយពួកគេរៀបចំផែនការយ៉ាងម៉ត់ចត់ ជាពិសេសពួកគេក៏បានសូកប៉ាន់អាជ្ញាធរការពារនៅក្នុងពន្ធនាគារនេះដូចគ្នា។ លោកស្រីបានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមថា លោកស្រីនឹងចាត់វិធានការដោះស្រាយករណីនេះជាបន្ទាន់។ដោយឡែក ក្រុមសាច់ញាតិអ្នកជាប់ទោសរាប់សិននាក់កំពុងដាក់ការព្រួយបារម្ភ និងខឹងសម្បារ ខណៈពួកគេបានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ ដើម្បីតវ៉ាប្រឆាំងនឹងទង្វើអសីលធម៌ និងបំពានដល់សិទ្ធិមនុស្សរបស់អ្នកជាប់ទោស។ លោកស្រី Azucena Martinez មានកូនស្រីកំពុងឃុំឃាំងនៅក្នុងពន្ធនាគារខាងលើបានបង្ហាញពីការព្រួយបារម្ភថា ស្រ្តី ៤១ នាក់ត្រូវគេសម្លាប់យ៉ាងអណោយធម ហើយមកទល់នឹងពេលនេះ គ្មាននរណាបានដឹងថា តើសាកសពទាំងនេះជាសាច់ញាតិរបស់ក្រុមគ្រួសារណានៅឡើយទេ។

តាមសារព័ត៌មាន Associated Press បានគូសបង្ហាញថា ក្រុមក្មេងទំនើងម៉ារ៉ាកំពុងមានឥទ្ធិពល និងអំណាចយ៉ាងខ្លាំងក្លានៅក្នុងពន្ធនាគារ ដែលពួកគេមានសិទ្ធិកំណត់តាក់តែងច្បាប់ដោយឯកឯង និងហ៊ានធ្វើអាជីវកម្មលក់ដូរទំនិញហាមឃាត់នៅក្នុងពន្ធនាគារថែមទៀតផង។ ជាក់ស្តែង ក្រុមក្មេងទំនើងក៏អាចរត់ពន្ធកាំភ្លើង និងអាវុធផ្សេងៗទៀតបានដោយសេរី ដែលនេះជាបញ្ហាកើតមានឡើងជារឿយៗនៅក្នុងពន្ធនាគារនៃហុងឌូរ៉ាស។
ប្រធានប្រព័ន្ធពន្ធនាគាររបស់ប្រទេសហុងឌូរ៉ាស លោកស្រី Julisa Villanueva បានស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ពង្រីក និងពង្រឹងការបង្ក្រាបសកម្មភាពខុសច្បាប់ទាំងអស់នៅក្នុងពន្ធនាគារ ពិសេសលោកស្រីថា ខ្លួននឹងមិនអនុញ្ញាតឱ្យហេតុការណ៍នេះបន្តកើតមានឡើងជាដាច់ខាត៕

ប្រភព៖ AP ចុះថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣

Share

Image
Image
Image