លោកស្រី ប៉ូ ចាន់រស្មី ត្រូវបានចូលកាន់តំណែងជាប្រធានមន្ទីរព័ត៌មានខេត្តកំពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ជាផ្លូវការ ក្រោយត្រូវបានតែងតាំងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដោយក្រសួងព័ត៌មាន។ លោកស្រីជាអតីតអនុប្រធានមន្ទីរព័ត៌មានខេត្តកំពត ដោយចូលបំពេញតួនាទីជំនួសលោក អោក សំណាង ដែលត្រូវទៅទទួលមុខតំណែងជាសមាជិកក្រុមប្រឹក្សាខេត្តកំពត។
លោកស្រី ប៉ូ ចាន់រស្មី បានប្ដេជ្ញាចិត្តនឹងបំពេញការងារស្របតាមរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្ត និងច្បាប់ទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងថ្ងៃចូលកាន់មុខតំណែង។
យ៉ាងណា រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ថាច់ ផែន បានជំរុញឱ្យលោកស្រីប្រធានមន្ទីរព័ត៌មានទើបចូលកាន់តំណែងថ្មីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់លើការផ្សព្វផ្សាយ ពិសេសឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលសង្គម ដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រលំ។
ចំណែករឿងបោះឆ្នោតនាពេលខាងមុខ លោករដ្ឋលេខាធិការបានឱ្យ មន្ទីរព័ត៌មានខេត្តពង្រឹងការផ្សាយរាល់ព័ត៌មានពាក់ព័ន្ធទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលប្រកាសលទ្ធផលបោះឆ្នោត ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនបានយល់ច្បាស់។
ជាមួយគ្នាដែរ រដ្ឋបាលខេត្តកំពត បានជំរុញឱ្យលោកស្រីប្រធានមន្ទីរព័ត៌មានធ្វើការងារផ្សព្វផ្សាយសក្ដានុពលខេត្ត បានទូលំទូលាយ និងច្បាស់លាស់ ហើយបានបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ៕