en     km
en     km

ក្រុមកម្មកររោងចក្រស្ដាឡៃថ៍ចូលធ្វើការវិញក្រោយធ្វើកូដកម្មតវ៉ាជិតមួយខែ

Share

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមកម្មកររោងចក្រស្ដាឡៃថ៍ បានសម្រេចចូលធ្វើការឡើងវិញក្រោយការតវ៉ាទាមទារដំណោះស្រាយ និងសុំអន្តរនាគមន៍ពីក្រសួងការងារ អស់រយៈពេលជិតមួយខែ។ ការចូលធ្វើការវិញរបស់ក្រុមកម្មករ គឺធ្វើឡើងតាមការអំពាវពាវនាវរបស់ក្រសួងការងារ និងភាគីថៅកែរោងចក្រ ដោយសន្យាថានឹងដោះស្រាយបញ្ហាដែលនៅសេសសល់ជូនកម្មករ។

លោក គីម ចាន់ចាវ រាយការណ៍

 

ក្នុងពេលចូលធ្វើការវិញនៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ នៅរោងចក្រស្ដាឡៃថ៍ មានតំណាងមន្ត្រីពីក្រសួងការងារមកសួរនាំផងដែរ។ ការសម្រេចចូលធ្វើការវិញនៅពេលនេះ ក្រោយពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោះហៅតំណាងភាគីពាក់ព័ន្ធ ចរចាស្វែងរកដំណោះស្រាយកាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីការតវ៉ា និងដង្ហែញត្តិដាក់ជូនក្រសួងការងារ បើទោះបីជាត្រូវបានអាជ្ញាធររារាំង ប៉ុន្តែក៏មានមន្ត្រីតំណាងក្រសួងការងារមកទទួលញត្តិតាមផ្លូវផងដែរ។

ស្រ្តីកម្មការិនីម្នាក់ដែលធ្លាប់បានចូលរួមការតវ៉ា និងដង្ហែញត្តិទាមទារផ្លាស់ប្ដូរប្រធានគ្រប់គ្រង និងប្រធានរដ្ឋបាលរោងចក្រកន្លងមក បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៩ ខែមិថុនានេះថា ក្រុមកម្មកររោងចក្រព្រមចូលធ្វើការឡើងវិញនេះតាមការអំពាវនាវពីក្រសួងការងារ ដោយសារភាគីពាក់ព័ន្ធដែលមានតំណាងកម្មករនិយោជិត តំណាងរោងចក្រ និងភាគីពាក់ព័ន្ធផ្សេងទៀត បានជួបពិភាក្សាដោះស្រាយបញ្ហានេះនៅក្រសួងការងារ។ ជាងនេះក្រោយជំនួបនេះ ក្រសួងការងារបានសន្យានិងបញ្ជាឱ្យកម្មករចូលធ្វើការវិញ ហើយបញ្ហាដែលនៅសេសសល់នឹងត្រូវស៊ើបអង្កេតបន្តដើម្បីដោះស្រាយបញ្ចប់វិវាទនេះ។

កម្មការិនីរូបនេះបន្តថា ក្រោយចូលធ្វើការវិញក្រុមហ៊ុន សម្រេចមិនកាត់ប្រាក់ដែលពួកគេមិនបានធ្វើការអំឡុងធ្វើកូដកម្មតវ៉ាកាលពីចុងខែឧសភាឡើយ ប៉ុន្តែរយៈពេលជិត២០ថ្ងៃក្នុងខែមិថុនា ដែលពួកគេមិនបានចូលធ្វើការហើយនាំគ្នាធ្វើកូដកម្មដែរនោះ ក្រុមហ៊ុនកំពុងពិចារណា។

«គ្រាន់តែថា អាយើងធ្វើកូដកម្មថ្ងៃ២៨-២៩ អាខែចាស់គេគិតលុយឱ្យវិញ ពេលអាខែថ្មីគេអត់ទាន់ដោះស្រាយចេញដែរហ្នឹង។ ហើយណាមួយគេស្នើសុំឱ្យកម្មករចូលធ្វើការវិញ ចឹងពួកខ្ញុំចូលធ្វើការវិញតាមគោលការណ៍របស់គេវិញចឹងហា៎ កុំឱ្យខុសច្បាប់គេ។ ចូលធ្វើការតាមគេស្នើសុំឱ្យយើងចូលវិញចឹង ដើម្បីដោះស្រាយបណ្ដើរៗបន្តទៀតចឹងហា៎»។

លើបញ្ហាវិវាទកម្មកររោងចក្រស្ដាឡៃថ៍ជាមួយអ្នកដឹកនាំក្នុងរោងចក្រនេះ កន្លងមក ក៏មានកិច្ចអន្តរាគមន៍ពី ក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអាជ្ញាធរមូលដ្ឋានផងដែរ ប៉ុន្តែកម្មករនៅតែទទូចឱ្យធ្វើតាម ចំណុចមួយក្នុងចំណោមចំណុចទាំង៩ ដែលកម្មករចង់ដកអ្នកគ្រប់គ្រងថ្មីនិងប្រធានរដ្ឋបាលរោងចក្រ។ ក្រុមកម្មករទាំងនោះអះអាងថា ចាប់តាំងពីលោក ម៉េង សុខជាតិ ឡើងគ្រប់គ្រង់ក្រុមហ៊ុន បញ្ហាជាមួយកម្មករតែងកើតមានជាបន្តបន្ទាប់។ ពួកគេអះអាងស្រដៀងគ្នាថា ប្រធានថ្មីរបស់ក្រុមហ៊ុន មិនមានការងារឱ្យកម្មករធ្វើគ្រប់គ្រាន់ទេ ហើយអ្នកបញ្ជាទិញត្រូវបានដក ជាហេតុបង្កផលប៉ះពាល់ការងារដល់កម្មករដោយមិនមានការថែមម៉ោង។ ជាងនេះក៏មានការបញ្ឈប់កម្មករនិងព្យួរការងារកម្មករផងដែរ។ កម្មការិនីខាងលើបញ្ជាក់ថា ក្នុងថ្ងៃចូលធ្វើការដំបូងនេះ មានមន្ត្រីក្រសួងការងារចុះមកសួរនាំកម្មករមួយចំនួន ដែលកំពុងធ្វើការផងដែរ ប៉ុន្តែអ្នកស្រីមិនដឹងថា សួរនាំពីអ្វីខ្លះឡើយ។

«ធម្មតាពួកខ្ញុំធ្វើការធម្មតា ម្សិលមិញឃើញមានក្រសួងការងារគេចុះមកសួរនាំកម្មករ៤-៥នាក់គេចុះមក។ គេអត់មានសួរដល់ក្រុមខ្ញុំផង គេមកសួរតែ២-៣នាក់គេឡើងទៅវិញ គេមិនសូវសួរកម្មករប៉ុន្មានទេ គេយកតែមតិខាងរោងចក្រច្រើនជាងកម្មករទេ»។

លោក រស់ សំបូរ អនុប្រធានសហជីពអំណាចយុវជនកម្ពុជានៃរោងចក្រស្ដាឡៃថ៍ មិនបានផ្ដល់ព័ត៌មានលម្អិតនោះទេ ក្រោយការចូលធ្វើការនេះ ប៉ុន្តែលោកបានប្រាប់យ៉ាងខ្លីថា ការចូលធ្វើការនេះដោយមានដំណោះស្រាយ ដោយក្រុមហ៊ុនដោះស្រាយឱ្យខ្លះ និងចំណុចសេសសល់ត្រូវដោះស្រាយក្នុងរោងចក្របន្ត។

«បាទដំណោះស្រាយគឺយើងមានហើយបង គឺពួកយើង ក្រុមហ៊ុនគេដោះស្រាយឱ្យយើងខ្លះ ហើយសល់ប៉ុន្មាន គឺយើងថា ចូលទៅដោះស្រាយនៅខាងក្នុងបន្តចឹងហា៎ណាបង»។

 

លើបញ្ហាទាមទារដកអ្នកគ្រប់គ្រងរោងចក្រនេះ ក្នុងការតវ៉ាកាលពីថ្ងៃទី១៤ ខែមិថុនា ក្រុមកម្មករបានបន្ថយការទាមទារ ដោយស្នើឱ្យអាជ្ញាធរពិសេសថៅកែរោងចក្រអន្តរាគមន៍ទម្លាក់តំណែង លោក ម៉េង សុជាតិ ពីអ្នកគ្រប់គ្រងមកត្រឹមប្រធានរដ្ឋបាល និងទម្លាក់ប្រធានរដ្ឋបាលលោក ស៊ុន វាសនា មកជាជំនួយការក្នុងរោងចក្រវិញ។ ការស្នើដោយបន្ថូរបន្ថយបែបនេះ ព្រោះក្រុមកម្មករយល់ឃើញថា សំណើសុំដកអ្នកទាំងពីរចេញពីក្រុមហ៊ុនហាក់មានសភាពតានតឹងនិងបានអូសបន្លាយពេលជិតមួយខែ ប៉ុន្តែអន្តរាគមន៍ដោះស្រាយពីអ្នកពាក់ព័ន្ធនានាហាក់គ្មានចេញលទ្ធផលជាដុំកំភួននៅឡើយ។ តាមរយៈការអន្តរាគមន៍ជាបន្តបន្ទាប់កម្មរិនីរោងចក្រខាងលើរំពឹងថា សំណើរសុំនេះ នឹងត្រូវបានភាគីរោងចក្រទទួលយក។

«ចា៎ខ្ញុំសង្ឃឹមថាអញ្ចឹងដែរ សង្ឃឹមថាអាចមានដំណោះស្រាយសមរម្យដែលខ្ញុំអាចទទួលយកបានចឹងហាស៎។ ហើយបើការដោះស្រាយរបស់ក្រសួងចេញមកពួកខ្ញុំទទួលយកអត់បាន អាហ្នឹងមិនដឹងម៉េចទៀតក៏ពួកខ្ញុំអត់ដឹងដែរ»។

ក្រុមហ៊ុនស្ដារឡៃថ៍ អឹតែរិល មេនូហ្វេកឆឺរីង ជារោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានកម្មករនយោជិតសរុបជាង៤ពាន់នាក់ ក្នុងនោះមានស្ត្រី៣៣៩១នាក់។ សហជីពធ្លាប់អះអាងថា កន្លងមកក្រោយមាននាយកគ្រប់គ្រងថ្មី ក្រុមហ៊ុនបញ្ឈប់កម្មករអស់ជាង៣០០នាក់ មុននឹងមានការតវ៉ាទាមទារទម្លាក់នេះ ៕

Share

Image
Image
Image