en     km
en     km

ហេតុអ្វីពលរដ្ឋខ្លះនៅតែកបារម្ភនិងខ្លះទៀតមិនសូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នបញ្ហាកូវីដ១៩?

Share

ភ្នំពេញ៖ ក្តីបារម្មណ៍ និងការប្រុងប្រយ័ត្ន ក៏ដូចជាការអនុវត្តវិធានការសុខាភិបាល រួមមានពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា របស់ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ ហាក់មានចំនួនតិចតួចខ្លាំងក្លាណាស់នោះទេ ស្របពេលដែលវីរុសកូវីដ ១៩ មិនទាន់ទៅណាឆ្ងាយនោះទេ។ ហើយថ្មីៗនេះមានការគំរាមកំហែងដោយការផ្ទុះឡើងមេរោគបំប្លែងខ្លួនប្រភេទថ្មីដែលកាន់តែគ្រោះថ្នាក់ ហើយរាតត្បាតតាមបណ្តាលប្រទេសជាច្រើន។ ការបណ្តាយខ្លួនពីការប្រុងប្រយ័ត្ននេះធ្វើឱ្យមានក្តីបារម្ភ ភាពភ័យខ្លាច វីរុសកូវីដ១៩ ពីសំណាក់ពលរដ្ឋមួយភាគតូច និងអ្នកធ្វើការលើរឿងនេះ។ ចង់ដឹងថាហេតុអ្វីវិរុសកូវី១៩នៅតែជាស្រមោលតាមធ្វើឱ្យមនុស្សមួយចំនួននៅតែមានភាពភ័យខ្លាច? តើដំណោះស្រាយបែបណាដែលប្រជាពលរដ្ឋចង់បានក្នុងការបង្ការមិនឱ្យមានការរីករាលដាលជាថ្មីទៀត? តទៅនេះសូមនាង កញ្ញា លោក លោកស្រីស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

«ឃើញថាអ្នកខ្លះក៏ពាក់ទៅ ខ្លះទៀតក៏អត់ពាក់ដែរ និយាយទៅរឿងបារម្មណ៍កូវីដហ្នឹងក៏បារម្មណ៍ ការខ្វះខាតក៏បារម្មណ៍ចង់ឱ្យសុខភាពហ្នឹងវាដូចមុន»

«លែងបារម្មណ៍លែងអីហើយយល់ថាដូចែងផ្ទុះឡើងផ្ទុះដូចមុនហើយ លែងព្រួយបារម្មណ៍ដូចសារមុនហើយ កាលមុនមានការពារអីខ្លះឥឡូវដូចធម្មតា»

«ខ្ញុំគិតថាខ្ញុំនៅតែព្រួយបារម្មណ៍ចឹងដោយសារតែថ្វីត្បិតថាសព្វថ្ងៃយើងទទួលបានការចាក់វ៉ាកសាំងដែលអាចប្រការយើងពីជំងឺហ្នឹង ឬក៏បន្ថយជំងឺ អាការៈនិងរោគសញ្ញាដែលធ្វើឱ្យយើងក្នុងខ្លួនពិតមែន ប៉ុន្តែវានៅតែប៉ះពាល់ដល់សុខភាពយើងមួយចំនួន»

«នៅតែមានបងខ្លាចផ្ទុះឡើងសារវិញ ព្រោះឥឡូវលែងសូវមាននិយាយទៅរាងស្ងាត់ ខ្លាចតែផ្ទុះឡើងសារវិញវាខ្លាំងជាងកាលមុន»

«អាចនឹងព្រួយបារម្មណ៍ ព្រោះពេលកើតកូវីដម្តងៗយើងញាំថ្នាំច្រើនហើយម្យ៉ាងទៀតដូចខ្ញុំនិយាយចឹងទោះបីជាយើងចាក់វ៉ាក់សាំងក៏ដោយតែជំងឺកូវីដហ្នឹងតែវាចូលក្នុងសួតយើងហើយវាស៊ីសួតយើងហើយចឹងនៅតែព្រួយបារម្មណ៍តែភាគច្រើនខ្ញុំនៅតែពាក់ម៉ាសចឹងណាស់និយាយទៅពាក់ម៉ាស់គឺពាក់ជាប់»

សម្តីទាំងនេះគឺជាទស្សនៈលើកឡើងរបស់ពលរដ្ឋមួយចំនួនរស់នៅក្នុងរាជធានីភ្នំពេញដែលក្រុមការងារព័ត៌មានវិទ្យុស្រ្តីបានចុះជួបសម្ភាសន៍។ ពួកគេមានការយល់ឃើញផ្សេងៗគ្នាដោយផ្អែកតាមបទពិសោធន៍ឆ្លងកាត់ស្ថានភាពកូវីដកន្លងមក ប៉ុន្តែមតិភាគច្រើនដែលពួកគេបំផុសឡើងនៅមានកង្វល់ចំពោះវិរុសកូវីដ១៩នេះនៅឡើយ។

បើទោះបីជាបច្ចប្បន្នឃើញថា មនុស្សភាគច្រើនបានវិលត្រឡប់មកកាន់ជីវិតធម្មតា ដោយសារតែភាពស៊ាំនឹងការឆ្លង និងការចាក់វ៉ាក់សាំងការពារបន្ទាប់ពីជំងឺឆ្លងសកល គឺវីរុសកូវីដ១៩ បង្កជាភាពវិកវរដល់សកលលោកធ្វើឱ្យមនុស្សរស់ក្នុងស្ថានភាពដ៏លំបាកខុសៗពីគ្នាអស់រយៈពេល៣ឆ្នាំមកនេះក្តី ប៉ុន្តែការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមួយចំនួនផ្សេងនៅតែកើតមាននិងដក់ជាប់ជាមួយពួកគេជានិច្ច។ ការដក់ជាប់នូវក្តីបារម្ភនេះព្រោះថា កន្លងមកពួកគេជួបជាមួយបញ្ហាលំបាកនានាដែធ្វើឱ្យពួកគេហាក់មានការបាក់ស្បាត និងភ័យខ្លាខថាខ្លួននឹងត្រូវប្រឈមមុខម្តងទៀត ដោយអ្នកខ្លះធ្លាប់កើតជំងឺនេះផ្ទាល់ ខ្លះទៀតជីវភាពធ្លាក់ដុនដាបខ្លាំងនៅកំឡុងពេលមានការរាតត្បាតជំងឺឆ្លងសកលនេះ។

អង្គុយក្រោមដើមឈើជាមួយនឹងសម្លេងម៉ូតូឡានឆ្លងកាត់ទៅវិញទៅមក ស្រ្តីមានវ័យជាង៤០ឆ្នាំម្នាក់កំពុងឈប់រទេះលក់នំបញ្ចុកដែលទឹកមុខមិនសូវជាមានភាពរីករាយប៉ុន្មាននោះទេ។ អ្នកស្រីមានឈ្មោះថា ចាន់ ឆវី បច្ចប្បន្នរស់នៅបន្ទប់ជួលមួយជិតរោងចក្រមួយកន្លែងនៅខ័ណ្ឌពោធិ៍សែនជ័យប្រាប់វិទ្យុស្រ្តីថាកូវីដនៅតែធ្វើឱ្យអ្នកស្រីមានសេចក្តីព្រួយចិត្តព្រោះចាប់ពីកូវីដមានការកកើតខ្លួនមកទល់ពេលនេះ អ្នកស្រីជួបការលំបាកខ្លាំងក្នុងការដោះស្រាយជីវភាពគ្រួសារ។ លើសពីការបារម្មណ៍ទៀតនោះគឺអ្នកស្រីខ្លាចថាការដែលធ្វេសប្រហែសរបស់មនុស្សទៅលើវិរុសកូវីដ១៩ អាចនឹងធ្វើឱ្យមានការវិលត្រឡប់នូវវត្តមានកូវីដ១៩មកជាថ្មីម្តងទៀត។

 

អ្នកស្រី ចាន់ ឆវី 

អ្នកស្រី ចាន់ ឆវី៖« តាំងពីពីកូវីដមកពិបាកពិបាកអារឿងរកស៊ីហ្នឹងណាស់ធ្វើការសំណង់ក៏គេពិបាកលុយ ធ្វើការលក់ដូរក៏ពិបាក និយាយទៅពិបាកមែនទែនរាល់ថ្ងៃបច្ចប្បន្នឥឡូវហ្នឹង តាំងតែពីកើតឡើងរហូតទល់ឥឡូវអត់ទាន់មានធូរទេ(ជីវភាព) ឃើញថាខ្លះក៏ពាក់(ម៉ាស់) ហើយខ្លះក៏អត់មានពាក់ដែលទៅនិយាយទៅបារម្មណ៍ណាស់ ចឹងមានតែឱ្យពាក់ម៉ាស់ពាក់អីទៅកុំឱ្យវាកើតឡើងតទៅទៀតណាស់»។

យោងតាមក្រសួងសុខាភិបាលឱ្យដឹង វីរុសកូវីដ១៩ ពពួកអូមីក្រុង XBB.1.5 បានវាយលុកប្រទេសថៃរហូតដល់មន្ទីរពេទ្យឈ្មោះថា Siriraj Piyamaharajkarun មិនមានគ្រែសម្រាប់ដាក់អ្នកជំងីកូវីដ១៩ ទៀតទេ ដោយគ្រែទុកសម្រាប់តែអ្នកជំងឺធ្ងន់ធ្ងរ។ វីរុសកូវីដ១៩ ពពួកអូមីក្រុង ប្រភេទ XBB.1.5 ត្រូវបានអង្គការសុខភាពពិភពលោកលើកឡើងកាលពីដើមឆ្នាំ២០២៣ថា អាចជួយជំរុញឲ្យមានករណីឆ្លងរាលដាលកើនឡើង។

ផ្អែកតាមសារព័ត៌មានអន្ដរជាតិ Bangkok Post បានស្រង់សម្ដីប្រធានផ្នែកជំងឺផ្លូវដង្ហើម និងរបេងនៃមន្ទីរពេទ្យ Siriraj ថានៅក្នុងប្រទេសថៃមានករណីឆ្លងតាំងពីខែមេសាមកម្លេះ តែក៏បានព្យាករណ៍ថា នឹងថយចុះទៅវិញបន្ទាប់ពីសង្ក្រាន្ដឆ្នាំថ្មី។ មួយទៀតដែរ ដោយសារការបោះឆ្នោតនៅដើមខែឧសភា ឆ្នាំ២០២៣នេះ បានធ្វើឱ្យប្រជាពលរដ្ឋថៃធ្វើដំណើរទៅកាន់ស្រុកកំណើត និងធ្វើទេសចរណ៍ កត្តានេះបណ្ដាលឱ្យជំងឺកូវីដ១៩ បានកើនឡើងជាបន្ដបន្ទាប់។

ជុំវិញបញ្ហានេះ បណ្តាលឱ្យមានការព្រួយបារម្ភបន្ថែមទៀតពីសំណាក់ពលរដ្ឋ។ ក្នុងនោះយុវតីកំពុងបន្តសិក្សាថ្នាក់បរិញ្ញាបត្រមានឈ្មោះថា កួន សុលក្ខណា យល់ឃើញថាករណីនេះអាចជា សញ្ញាមួយបង្ហាញថាជំងឺកូវីដនៅមិនទាន់បាត់ទៅណាឆ្ងាយនោះទេ ដោយវានៅតែបន្ រីករាលដាលបន្តនូវវីរុសកូវីដ១៩បានបំប្លែងខ្លួនថ្មីដែលកើតមានឡើងនៅលើពិភពលោក។

យុវតី កួន សុលក្ខណា៖« ថ្វីត្បិតថាប្រទេសយើងអត់សូវកើតមានច្រើនមែនក៏ប៉ុន្តែខ្ញុំជឿថាប្រសិនបើប្រជាពលរដ្ឋយើងធ្វេសប្រហែសបញ្ឍប់នូវការថែរក្សាអនាម័យដូចជាការលាងដៃ ប្រើប្រាស់អាកុលឬក៏ពាក់ម៉ាស់អីចឹងអនាគតអាចនឹងមានការរាតត្បាតឡើងវិញ អីចឹងទៅខ្ញុំគិតថាក្នុងនាមជាប្រជាពលរដ្ឋយើងអតើចង់ឱ្យមានការរាលដាលក្នុងប្រទរសយើងវិញដោយមានផលប៉ះពាល់មិនត្រឹមតែផ្ទាល់ខ្លួនទេគឺសេដ្ឋកិច្ចយើងដែរ អីចឹងទៅយើងគួរតែបន្តនូវវិធីពាក់ម៉ាស់ លាងដៃ រក្សាគន្លាតនិយាយទៅវិធីផ្សេងៗយើងគួរតែបន្តវា»។

យុវតីម្នាក់ទៀតឈ្មោះ អារីតា វ័យ២០ឆ្នាំ មានរាងខ្ពស់មានការយល់ឃើញមិនខុសគ្នាប៉ុន្មានពីកញ្ញាកួន សុលក្ខណា នោះទេ។ អ្វីដែលកញ្ញា អារីតាបានរៀបរាប់គឺ នាងមានការខ្លាចក្រែងថាកម្ពុជាអាចប្រឈមនឹងការកើតឡើងជាថ្មីនូវវីរុសកូវីដ១៩នេះតាមរយៈលំហូរទេសចរណ៍។ ហេតុនេះកញ្ញាស្នើឱ្យមានការពង្រឹងវិធានការក្នុងការត្រួតពិនិត្យបន្ថែមចំពោះអ្នកដំណើរចេញចូលឆ្លងកាត់បណ្តាប្រទេសផ្សេងៗ។

កញ្ញា អារីតា៖« ក្នុងដំណាក់កាលហ្នឹងគឺយើងត្រូវត្រួតពិនិត្យ ត្រួតពិនិត្យឱ្យជាប់ដូចពេលដែលទើបតែបើកខ្ទប់វិញដែលគេចាប់ផ្តើមឱ្យមនុស្សយើងឱ្យភ្ញៀវទេចរណ៍ចូលមលវិញក៏ពិតមែនប៉ុន្តែយើងត្រូវត្រួតពិនិត្យថាពួកគាត់ចាក់វ៉ាក់សាំងហើយនៅ ហើយដាក់គាត់ចត្តាឡីស័កសិនទៅ ឬក៏មិនដាក់ឱ្យចត្តាឡីស័កទេឱ្យពួកគាត់ចេញអាក្រដាសមួយធ្វើតេស្តថាគាត់ធ្វើតេស្តទៅអត់មានកូវីដអីចឹងទេ»។

ទាក់ទងទៅការចាក់វ៉ាក់សាំងក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងកូវីដ១៩ទៅតាមដូសជម្រុញទី៤ ទី៥ និងដូសទី៦ នៅតាមមន្ទីពេទ្យនៅតីតាំងដែលខ្លួនរស់នៅ។
ដោយឡែកនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌មានវិទ្យុស្រ្តីបានចុះទៅសាកសួរបន្ថែមពីគ្រូពេទ្យទទួលបន្ទុកផ្នែកវ៉ាក់សាំងនៅឯមណ្ឌលសុខភាពចំការដូង ប៉ុន្តែមិនមានការអុញ្ញាតក្នុងការបកស្រាយពីចំនួនរបស់ប្រជាពលរដ្ឋដែលបានទៅទទួលវ៉ាក់សាំងទៅតាមដូសជម្រុញនៅឡើយទេ។ យ៉ាងណាមិញបើតាមការចុះទៅផ្ទាល់នេះក្រុមការងារវិទ្យុស្រី្តសង្កេតឃើញថាមិនសូវជាមានវត្តមានរបស់ប្រពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងនោះទេ ខណៈដែលនៅតាមន្ទីពេទ្យមួយចំនួនផ្សេងទៀតហាក់ដូចជាស្ងប់ស្ងាត់ មិនមានចំនួនច្រើនផងដែរ។

ស្ត្រីប្រកបរបរលក់ដូរដោយអូសរទេះរុញលក់នំបញ្ចុក អ្នកស្រីចាន់ ឆវី និយាយថាអ្នកស្រីមិនបានទៅទទួលវ៉ាក់សាំងតាមដុសជម្រុញនោះទេដោយហេតុថាបន្ទាប់ពីអ្នកស្រីចាក់វ៉ាក់សាំងរួចហើយគឺមានផលប៉ះពាល់ដល់សុខភាពដែលធ្វើឱ្យអ្នកស្រីសម្រេចចិត្តមិនទៅទទួលវ៉ាក់សាំងតាមដុសជម្រុញ។

អ្នកស្រី ចាន់ ឆវី៖«ខ្ញុំចាក់អត់កើតចាក់ទៅស្ពឹកដៃម្ខាងធ្វើការអីអត់កើតទេ ខ្ញុំចាក់ហើយគ្រប់៣ដងខ្ញុំមានបញ្ហាស្ពឹកមួយចំហៀងខ្លួនហ្នឹងកាន់អីក៏អត់ដឹងអត់មានកម្លាំងធ្វើទេម្ខាងដៃហ្នឹង(ដៃម្ខាងចាក់វ៉ាក់សាំង)ទល់តែឥឡូវហ្នឹងសាបថ្នាំទៅវាអាចធ្វើការកើតវិញ»។

ហេតុផលមួយផ្សេងទៀតដែលបុរសមា្នក់ទៀតមានឈ្មោះថា ផល្លី សក់រួញអង្គាសដី ដោយបុរសនេះចាកចេញពីស្រុកកំណើតនៅខេត្តព្រៃវែងមកប្រកបរបរលក់ដូរលក់ទឹកអំពៅ លោករៀបរាប់ថាបច្ចប្បន្នលោកទើបតែទទួលវ៉ាក់សាំងកូវីដ១៩ ដូសទី១ប៉ុណ្ណោះ។ មូលហេតុដែលលោកអខានទៅចាក់វ៉ាក់សាំងតាមដូសជម្រុញនោះព្រោះលោកមានបញ្ហាមួយចំនួនដូចជាផ្លូវឆ្ងាយ និងខាតការងារជាដើម។

លោក ផល្លី លក់ទឹកអំពៅនៅម្តុំជិតរោងចក្រមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

លោក ផល្លី ៖« អាពេលដំបូងចាក់ហើយក្តៅក្រោយមកអត់អីគ្រាន់គេតមត់ឱ្យហូបប៊ីយ៉ែអីចឹងខ្លាចក្តៅហើយទោចាក់នៅស្រុកម៉ែតេឱ្យទៅចាក់នៅនុង ពេលលក់ចឹងចេះតែខ្លាចខ្លាចអីចេះតែខ្ចិលទៅទៅ(ទៅចាក់វ៉ាក់សាំង)រឿងហ្នឹងវាមានតែប៉ណ្ណឹង»។

កាលពីថ្ងៃទី២៨ ខែឧសភា ក្រសួងសុខាភិបាលកម្ពុជា បានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាល ដូចជាពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា។ លើសពីនេះរបាយការណ៍ឆ្លងប្រចាំថ្ងៃពីក្រសួងសុខាភិបាលបង្ហាញថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភាមានការឆ្លងដល់ទៅ១០ ករណី ដែលជាចំនួនច្រើនជាងគេ បន្ទាប់ពីការឆ្លងបានបាត់សូន្យក្នុងរយៈពេលយ៉ាងយូរ៕

Share

Image
Image
Image