en     km
en     km

WMC បើកបណ្តុះបណ្តាលពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដល់សិក្ខាកាមក្រុមLGBTQI​

Share

ភ្នំពេញ៖ សិក្ខាកាមប្រមាណ១៥នាក់ ក្នុងនោះមានអ្នកអត្តសញ្ញាណស្រលាញ់ភេទដូចគ្នា(LGBTQI)ផងដែរ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)តាមរយៈប្រព័ន្ធZoom រយៈពេលពីរថ្ងៃគឺពីថ្ងៃទី១៥និងទី១៦ខែមិថុនាឆ្នាំ២០២៣។

នៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះដែរ គ្រូបង្គោលនៅ WMC  បានបង្ហាញពីមេរៀនទាក់ទងប្រភេទនៃប្រព័ន្ធផ្សព្វ ផ្សាយដែលមានដូចជា កាសែត ទូរទស្សន៍ វិទ្យុ ការផ្សព្វផ្សាយតាមទីសាធារណៈ ពិសេសបណ្តាញសង្គម (Facebook, YouTube, Telegram…) ដែលប្រជាពលរដ្ឋកំពុងនិយមប្រើប្រាស់សព្វថ្ងៃ។

មួយទៀតផងដែរ គ្រូបង្គោលបានចែករំលែកមេរៀនការគិតបែបស៊ីជម្រៅ ដែលជាមេរៀនមួយផ្តល់ពុទ្ធិដ៏សំខាន់ដល់សិក្ខាកាមទាំងអស់ ឱ្យមានមូលដ្ឋានកាន់តែរឹងមាំក្នុងការគិតពិចារណា ស្វែងយល់ពីហេតុផលនៅពីក្រោយនៃការផ្សព្វផ្សាយព័ត៌មាននីមួយៗរបស់ស្ថាប័នសារព័ត៌មានដែលផ្សាយព្រោងព្រាតតាមប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។

ដោយឡែកនៅថ្ងៃទីពីរជាថ្ងៃបន្ទាប់វិញ ក្រុមគ្រូបង្គោលនៃWMC ធ្វើបទបង្ហាញនូវមេរៀនសំខាន់ៗចំនួនពីរបន្ថែមទៀត ទាក់ទងរបៀបផ្ទៀងផ្ទាត់ព័ត៌មានមិនពិត និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិតដោយសុវត្ថិភាព។

ក្រុមគ្រូបង្គោលនៃWMC។

ការនាំយកមេរៀនមកចែករំលែកក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយសារតែ WMC យល់ថា បច្ចុប្បន្នមានការផ្ទុះឡើងនូវព័ត៌មានក្លែងក្លាយជាច្រើនលើបណ្តាញសង្គម ហើយព័ត៌មានក្លែងក្លាយទាំងនោះបានបង្កឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមងាយលុងចាញ់បោក បង់ខាតផលប្រយោជន៍ និងខាតបង់សេដ្ឋកិច្ច ពិសេសអាចប្រឈមបញ្ហានានានិងបញ្ហាសុខភាពផងដែរ។

ដោយឡែក មេរៀនទាក់ទងនឹងការឆ្លើយតបទៅកាន់ព័ត៌មានមិនពិតដោយសុវត្ថិភាព គ្រូបង្គោលបានបង្ហាញនូវគន្លឹះមួយចំនួន ដើម្បីធ្វើឱ្យសិក្ខាកាមចេះឆ្លើយតបនូវព័ត៌មានក្លែងក្លាយប្រកបដោយសុវត្ថិភាពនិងដោយប្រើភាពវៃឆ្លាត។ ប្រការនេះអាចបញ្ចៀសបានរាល់ហានិភ័យដែលកើតមានឡើងនៅពេលក្រោយ។

​មួយទៀតដែលការរៀបចំវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីចែករំលែកចំណេះដឹងផ្សេងៗទាក់ទង វិស័យព័ត៌មានដែលបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនានាសព្វថ្ងៃនេះ។ មួយវិញទៀត វគ្គបណ្តុះបណ្តាលនេះ ក៏បង្ហាញនិងចែករំលែកបញ្ហានានាដែលកើតមានឡើងលើបណ្តាញសង្គមដល់សិក្ខាកាមដើម្បីជាគន្លឹះដោះស្រាយបញ្ហាទៅថ្ងៃខាងមុខ។

សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលតាមរយៈZoom។

ក្នុងពេលបណ្តុះបណ្តាលនេះទៀតសោត គេសង្កេតឃើញថា សិក្ខាកាមដែលបានចូលរួមមានភាពសកម្មក្នុងការងារជាក្រុម ដោយសិក្ខាកាមបានចូលរួមពិភាក្សា ចូលរួមបញ្ចេញមតិយោបល់ ពិសេសអ្នកចូលរួមបានលើកឡើងនូវសំនួរជាច្រើនក្នុងកម្មវិធីនៃវគ្គបណ្តុះបណ្តាលនេះ។

ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានយល់ដឹងពីមូលដ្ឋានក្នុងការគិតឱ្យបានស៊ីជម្រៅ និងអាចស្វែងយល់កាន់តែច្បាស់ពីរបៀបប្រើប្រាស់បណ្តាញសង្គមឱ្យមានសុវត្ថិភាព ពិសេសបានដឹងពីល្បិចកលជនខិលខូចដែលតែងបោកប្រាស់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។

សិក្ខាកាមដែលបានចូលរួមបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ដោយទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ល្អៗបន្ថែមដែលអាចយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្រុមសិក្ខាកាមសន្យាថា នឹងចែករំលែកចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលទៅកាន់អ្នកក្បែរខ្លួនមាន មិត្តភក្តិ បងប្អូន ឪពុកម្តាយ សាច់ញាតិ និងអ្នកជិតខាងផងដែរ ដើម្បីពួកគេអាចគេចផុសពីការឆបោកលើបណ្តាញសង្គមពីសំណាក់ជនខិលខូច។

ជាក់ស្តែងសិក្ខាកាមម្នាក់ឈ្មោះ គង់ ប៊ុនថន អ្នកសម្របសម្រួលបណ្តាញអ្នកស្រលាញ់ភេទដូចគ្នាកម្ពុជា លើកឡើងថា វគ្គបណ្តុះបណ្តាលបានផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតដែលសុទ្ធសឹងជាចំណេះដឹងល្អៗទាក់ទងក្នុងជីវភាពរស់នៅបច្ចុប្បន្ន។ ក្នុងនោះមានគន្លឹះល្អៗជុំវិញការវិភាគផ្ទៀងផ្ទាត់ព័ត៌មានពិតនិងក្លែងក្លាយនិងអ្វីជាចេតនានៃការបញ្ចេញព័ត៌មានរបស់ស្ថាប័នព័ត៌មាន។ ពិសេសនោះ គឺការយល់ដឹងពីអ្វីជាទស្សនៈ និង ការពិត។ ប៊ុនថន បន្ថែមថា នៅមុនពេលទទួលបានវគ្គបណ្តុះបណ្តាលនេះ ខ្លួនពុំអាចបែងចែងនិងវិភាគថាព័ត៌មានមួយពិតឬមិនពិត តែក្រោយពីបានសិក្សារួចមកគឺបានដឹងពីគន្លឹះមួយចំនួនងាយស្រួលអាចកត់សម្គាល់នឹងបែងចែកប្រភេទនៃព័ត៌មានដែលបច្ចុប្បន្នត្រូវបានបង្ហោះព្រោងព្រាតលើបណ្តាញសង្គម។

សិក្ខាកាម គង់ ប៊ុនថន អ្នកសម្របសម្រួលបណ្តាញអ្នកស្រលាញ់ភេទដូចគ្នាកម្ពុជា។

សិក្ខាកាមរូបនេះបង្ហាញចំណាប់អារម្មណ៍ថា ខ្លួនសប្បាយចិត្តដែលបានរៀនវគ្គនេះ ដោយរំពឹងថា WMCនិងមានវគ្គបណ្តុះបណ្តាលក្រោយៗទៀត ពិសេសគឺការបណ្តុះបណ្តាលលើផ្នែកសរសេរព័ត៌មាន ព្រោះប្អូនចង់ក្លាយជាអ្នកសារព័ត៌មាននាពេលអនាគត។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)នឹងបើកវគ្គបណ្តុះបណ្តាលចំនួន ៨ លើក លើក្រុមគោលដៅចំនួនផ្សេងៗគ្នាក្នុងនោះមាន ក្រុមជនមានពិការភាព ក្រុមLGBTQI ក្រុមយុវជន ក្រុមស្រ្តី ក្រុមជនជាតិដើមភាគតិច ក្រុមចំណាក់ស្រុក ក្រុមសាសនា និងក្រុមមនុស្សចាស់ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានសិក្ខាកាមចំនួនចន្លោះពី ៣០-៤០ នាក់ចូលរួម៕

 

Share

Image
Image
Image