en     km
en     km

សិក្សាស្រាវជ្រាវ៖CCHRរកឃើញមានការគំរាមកំហែងនៅសហគមន៍នេសាទតំបន់ឆ្នេរក្នុងខេត្តកំពតនិងកែបពីសំណាក់គម្រោងអភិវឌ្ឍន៍

Share

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)កាលពីដើមឆ្នាំ២០២៣នេះ បានបញ្ចេញសលាកប័ត្រព័ត៌មានមួយជុំវិញលទ្ធផលនៃការស្រាវជ្រាវទៅលើគម្រោងអភិវឌ្ឍន៍ចំនួនពីរ ដែលកំពុងគំរាមកំហែងសហគមន៍នេសាទនៅតំបន់ឆ្នេរនៃខេត្តកំពតនិងកែបពីសំណាក់ក្រុមហ៊ុនចំនួនពីរគឺក្រុមហ៊ុន ជីងគ័រ និងក្រុមហ៊ុនអុមនី។ សលាកប័ត្រព័ត៌មានរបស់CCHRសង្កត់ធ្ងរថា បើសិនគម្រោងទាំងនោះនៅតែបន្ត នោះនឹងបង្កឱ្យមានផលប៉ះពាល់ទៅដល់សហគមន៍នេសាទក្នុងខេត្តទាំងពីរ។ តាមរយៈសលាកប័ត្រនេះCCHRបានផ្តល់អនុសាសន៍ចំនួន១២ចំណុចដល់រដ្ឋាភិបាលនិងក្រុមហ៊ុនវិនិយោគពាក់ព័ន្ធផងដែរ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិប្រជានេសាទ សិទ្ធិដីធ្លី និងសេរីភាពជាមូលដ្ឋានសម្រាប់សហគមន៍នេសាទនៅតំបន់ឆ្នេរទូទាំងប្រទេសកម្ពុជា។

ដើម្បីចង់ដឹងថាតើ ប្រជានេសាទនៅតំបន់ឆ្នេរក្នុងខេត្តកំពតនិងកែបកំពុងប្រឈមបញ្ហាអ្វីខ្លះ?តទៅនេះសូមនាងកញ្ញាលោកលោកស្រី អញើញស្តាប់ការសិក្សាស្រាវជ្រាវដែលរៀបរៀងដោយលោក កែវ សុខា ដូតតទៅ!។

សហគមន៍នេសាទត្រូវបានបង្កើតឡើងជាផ្លូវការដោយព្រះរាជក្រឹត្យឆ្នាំ២០០៥ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរអាចរួមគ្នាបង្កើតសហគមន៍នេសាទក្នុងតំបន់របស់ខ្លួន ដើម្បីបង្កើនការគ្រប់គ្រងជលផលក្នុងមូលដ្ឋានកាន់តែល្អប្រសើរ។សហគមន៍នេសាទបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាច្រើនលាននាក់ និងរួមវិភាគទានយ៉ាងសំខាន់ដល់សុវត្ថិភាពស្បៀងក្នុងស្រុក។ជាងនេះប្រជាពលរដ្ឋខ្មែរត្រូវបានដឹងថាជាអ្នកទទួលទានសាច់ត្រីច្រើនបើធៀបនឹងជាតិសាសន៍ដទៃលើពិភពលោក។អ្នកបរិភោគសាច់ត្រីត្រូវបានប៉ាន់ប្រមាណមានចន្លោះពី៣៨ទៅ៦៧គីឡូក្រាមជារៀងរាល់ឆ្នាំសម្រាប់ប្រជាពលរដ្ឋម្នាក់ ហើយ៧៥%នៃប្រជាពលរដ្ឋខ្មែរទទួលបានប្រូតេអ៊ីនដែលទទួលបានពីសាច់ត្រី។ ព្រោះហេតុដូចនេះហើយ សហគមន៍នេសាទគឺជាតួអង្គដ៏សំខាន់ក្នុងការគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមខ្មែរ។

ជាងនេះទៀត ការចិញ្ចីមជីវិតដែលបានពីរបរនេសាទធ្វើឱ្យសមាជិកសហគមន៍នេសាទទទួលបានសិទ្ធិមនុស្សសំខាន់ៗមានដូចជា សិទ្ធិមានចំណីអាហារ សិទ្ធិមានលំនៅឋាន សិទ្ធិមានសុខភាព និងសិទ្ធិទទួលបានការអប់រំសម្រាប់កុមារ។

តែទោះបីជាយ៉ាងនេះក្តី ជីវភាពរស់នៅរបស់សហគមន៍នេសាទនៅតែទទួលរងការគំរាមកំហែងដោយការកើនឡើងនេះគម្រោងអភិវឌ្ឍន៍នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅតំបន់សមុទ្រ និងតំបន់ឆ្នេរសមុទ្រពីគម្រោងវិនិយោគក្នុងគោលដៅទេសចរណ៍។

ប្រជាសហគមន៍នេសាទបានរងផលប៉ះពាល់តាមរយៈការទន្ទ្រានយកដែននេសាទដែលសហគមន៍ធ្លាប់អាស្រ័យផល ដោយគម្រោងអភិវឌ្ឍន៍បានរារាំងប្រជាសហគមន៍មិនឱ្យនេសាទនិងបានបំផ្លាញបរិស្ថាន។សកម្មភាពនេះបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតនិងបែបផែនរស់នៅរបស់សហគមន៍នេសាទ និងប៉ះពាល់ដល់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។

សលាកប័ត្រព័ត៌មានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)បានបង្ហាញពីផលប៉ះពាល់របស់សហគមន៍នេសាទក្នុងខេត្តកំពតនិងកែបដែលកំពុងប្រឈមមុខផលវិបាកនានាពីគម្រោងអភិវឌ្ឍផ្តល់ជូនដោយរដ្ឋាភិបាលមានដូចជា ការសាងសង់កំពង់ផែពហុបំណង កំពង់ផែទេសចរណ៍អន្តរជាតិកំពត កំពង់ផែសមុទ្រ និងទីក្រុងរណប ឬកោះសិប្បនិមិ្មតដែលទីនោះមានទីលានវាយកូនហ្គោល និងកន្លែងរមណីយដ្ឋានផងដែរ។

ក្នុងនោះមានសហគមន៍នេសាទចំនួន ៨ កន្លែងដែលទទួលរងការគំរាមកំហែងពីផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុន អុមនី ក្រុមហ៊ុនជីងគ័រ និងក្រុមហ៊ុនដទៃទៀត។ សហគមន៍រងផលប៉ះពាល់ចំនួន៥ក្នុងខេត្តកំពត មានដូចជា ​សហគមន៍កំពង់សាមគ្គី ត្រពាំងសង្កែ ត្រពាំងរពៅ សហគមន៍ចង្ហោល និងសហគមន៍ព្រែកត្នោត។ ចំណែកសហគមន៍នេសាទចំនួន ៤ផ្សេងទៀតក្នុងខេត្តកែបក៏កំពុងប្រឈមបញ្ហាដូចគ្នាមាន សហគមន៍ភូមិថ្មី កំពង់ត្រឡាច និងអូរក្រសារ។

ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១២ ដីដែលសហគមន៍ព្រែកត្នោត ត្រពាំងរពៅ និងចង្ហោនពឹងអាស្រ័យសម្រាប់ការរស់រាន ត្រូវបានដាក់បញ្ចូលលាយឡំក្នុងគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន ជីងគ័រ ប៉ាប៉ា ភេត្រូលៀម និងក្រុមហ៊ុនកំពង់ផែកំពតឡូជីសស្ទីក ខូអិលធីឌី។ តាមរយៈសិទ្ធិទទួលបានពីការវិនិយោគ ក្រុមហ៊ុនទាំងពីរបានចាក់ដីចូលសមុទ្រទំហំប្រមាណ១៦០០ហិកតានៅសង្កាត់ព្រែកត្នោត ក្រុងបូកគោខេត្តកំពត។ ចំណែកនៅឆ្នាំ២០១៨ គម្រោងដ៏ធំរបស់ក្រុមហ៊ុនអុមនីដែលសាងសង់កោះសិប្បនិម្មិតក្នុងគោលដៅអភិវឌ្ឍវិស័យទេសចរណ៍បានក្តាប់យកផ្ទៃដីទំហំជិត៤០០០ហិកតានៅក្នុងស្រុកទឹកឈូកខេត្តកំពតនិងក្រុងកែប ខេត្តកែប។ប្រការនេះបានបង្កជាការគំរាមកំហែងដល់សហគមន៍នេសាទកំពង់សាមគ្គី ត្រពាំងសង្កែ ក្នុងខេត្តកំពត និងសហគមន៍ភូមិថ្មី កំពង់ត្រឡាច និងអូរក្រសារ។

តាមរយៈការស្រាវជ្រាវនេះគឺនៅឆ្នាំ២០២០និង២០២១ CCHR បានបញ្ជាក់ថា ខ្លួនបានសម្ភាសក្រុមហ៊ុន ជីងគ័រ តែក្រុមហ៊ុនតបថា​ មិនទាន់បានធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមនៅឡើយទេ ខណៈក្រុមហ៊ុនអុមនី បានប្រគល់សិទ្ធិដល់ក្រុមហ៊ុនមួយឈ្មោះថាគ្រីអេទីវ ដើម្បីសិក្សាហេតុប៉ះពាល់បរិស្ថាននិងសង្គមក្នុងតំបន់អភិវឌ្ឍនោះ។ យ៉ាងណាCCHRពុំអាចសុំការឆ្លើយតបពីក្រុមហ៊ុនគ្រីអេទីវបានទេ។ ហើយមកដល់ឆ្នាំ២០២២ CCHRបញ្ជាក់ថា ក៏ពុំទទួលបានការឆ្លើយតបណាមួយពីអ្នកពាក់ព័ន្ធដែលជុំវិញលទ្ធផលសិក្សាពីហេតុប៉ះពាល់ផ្នែកបរិស្ថាននិងសង្គមនេះ។ ក៏ប៉ុន្តែនៅឆ្នាំ២០២២ដដែរគឺនៅខែសីហា មានមន្រ្តីក្រសួងបរិស្ថានម្នាក់បានប្រាប់ទៅអង្គការមូលដ្ឋានមួយតាមរយៈបទសម្ភាសន៍ថា ក្រសួងបរិស្ថានធ្លាប់បានស្នើទៅក្រុមហ៊ុនទាំងពីរពិនិត្យរបាយការណ៍វាយតម្លៃរបស់ពួកគេឡើងវិញ។ ប៉ុន្តែCCHRនៅពុំទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយជុំវិញការសិក្សាហេតុប៉ះពាល់បរិស្ថាននិងសង្គមពីគម្រោងអភិវឌ្ឍន៍ទាំងពីរនៅឡើយទេ។

សម្រាប់CCHRយល់ថា កង្វះព័ត៌មានអំពីគម្រោងអភិវឌ្ឍន៍បន្តក្លាយជាក្តីកង្វល់យ៉ាងខ្លាំង។ ចំណែកភាពមិនច្បាស់លាស់ដែលសហគមន៍នេសាទបានពើបប្រទះ ចំពោះការអភិវឌ្ឍន៍តំបន់ឆ្នេរ បានបង្កផលប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ប្រជាសហគមន៍ផងដែរ។ ប្រជានេសាទក្នុងសហគមន៍បានរាយការណ៍ប្រាប់CCHRថា ពួកគេមានអារម្មណ៍មិនសប្បាយចិត្ត ឆាប់ខឹង និងតានតឹងដោយសារគម្រោងអភិវឌ្ឍន៍ និងព្រួយបារម្ភពីការបាត់បង់មុខរបរនេសាទដែលជាប្រភពនៃប្រាក់ចំណូលរបស់ពួកគេ។ ប្រជាសហគមន៍នេសាទខ្លះរាយការណ៍ថា ពួកគេគេងមិនលក់ដោយហេតុថាដីរបស់ពួកគេកំពុងត្រូវបានគេទន្ទ្រានយក ហើយគ្រួសារខ្លះកើតជាជម្លោះនិងហិង្សាក្នុងគ្រួសារក៏មានព្រោះជួបវិបត្តិនេះ។ ប្រធានសហគមន៍ម្នាក់បានសម្តែងទឹកចិត្តចង់លាឈប់ព្រោះភាពតានតឹងដោយពុំអាចជួយអ្វីដល់សហគមន៍បាន។

តាមរយៈកិច្ចសម្ភាសន៍ដែលមានបង្ហាញក្នុងសលាកប័ត្រព័ត៌មាននេះ ប្រជាសហគមន៍នេសាទនៅតែស្ថិតក្នុងភាពភ័យខ្លាច ហើយបារម្ភថាបើគម្រោងរបស់ក្រុមហ៊ុននៅតែបន្ត នោះសហគមន៍នឹងបាត់បង់អ្វីគ្រប់យ៉ាង។ ក្នុងនោះដីធ្លីដែលធ្លាប់រស់នៅ ធនធានធម្មជាតិដែលធ្លាប់ពឹងអាស្រ័យដើម្បីចិញ្ចឹមជីវិត និងរបរនេសាទជាប្រពៃណីរបស់ពួកគេនឹងបាត់បង់ ហើយការសិក្សារបស់កូនៗក៏ស្ថិតក្នុងភាពមិនច្បាស់លាស់ផងដែរ។

ទោះបីជាក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិបានផ្តល់នូវការការពារចំពោះដីសហគមន៍នេសាទនិងសិទ្ធិជាមូលដ្ឋានក្រោយការចុះបញ្ជីនៅក្រសួងកសិកម្មយ៉ាងណាក្តី តែការចុះបញ្ជីជាសហគមន៍នេសាទមិនបានផ្តល់អំណាចគ្រប់គ្រាន់ឱ្យប្រជានេសាទក្លាយជាម្ចាស់ដីឡើយ តែផ្ទុយទៅវិញ ក្រសួងអាចដកហូតយកមកវិញពេលណាក៏បាន។ រឹតតែធ្ងន់ធ្ងរជាងនេះ សហគមន៍នេសាទអាចនឹងត្រូវរំសាយចេញដោយពុំជូនដំណឹងជាមុន។

បើទោះបីជាមានការវាយតម្លៃពីការប៉ះពាល់ផ្នែកសិទ្ធិផ្សេងៗដល់សហគមន៍នេសាទយ៉ាងណាក្តី តែក្រុមហ៊ុនទទួលសិទ្ធិសាងសង់បានបញ្ជាក់តាមបណ្តាសារព័ត៌មានកាលពីពេលមុនថា វត្តមាននៃកំពង់ផែនានាបានផ្តល់ផលប្រយោជន៍យ៉ាងមហាសាលដល់សេដ្ឋកិច្ចជាតិ។ក្នុងនោះកំពង់ផែពហុបំណងអាចបង្កើនសមត្ថភាពដាក់ទូកុងទីន័របានរហូតដល់ទៅ៣០ម៉ឺនកុងទីន័រនៅឆ្នាំ២០២៥ ហើយកើនឡើងដល់ទៅ៦០ម៉ឺនទូនៅឆ្នាំ២០៣០។ ការសាងសង់នេះក៏បានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរបានប្រមាណមួយម៉ឺននាក់ផងដែរ។  

 

 

Share

Image
Image
Image