en     km
en     km

លោកស្រី សេង រាសី៖ រដ្ឋគួរធ្វើយ៉ាងណាកុំឱ្យមានការរើសអើងចំបោះបុគ្គលិកសេវាកម្សាន្ដទេសចរណ៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ

Share

នាយិកាអង្គការសិលការ លោកស្រី សេង រាសី ថារដ្ឋគួរធានាមិនឱ្យមានការរើសអើងចំពោះបុគ្គលិកសេវាកម្សាន្ដទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសស្ដ្រី នៅពេលពួកគេទៅទទួលសេវាសុខភាពដែលរដ្ឋបានផ្ដល់ជូនប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលដល់បុគ្គលិកបម្រើការក្នុងវិស័យនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោកស្រី សេង រាសី នាយិកាអង្គការសីលការបានលើកឡើងថា ការសម្រេចរបស់រដ្ឋ ក្នុងការផ្ដល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលិកបម្រើការក្នុងសេវាកម្សាន្ដទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺនេះជំហានដ៏សំខាន់ និងមានប្រយោជន៍សម្រាប់ស្ដ្រី ដែលបម្រើការលើសេវាកម្សាន្ដ។

បើតាមសេចក្ដីសម្រេចចេញថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលបានឱ្យដឹងថា ការផ្ដល់របបសុខភាពដល់បុគ្គលិកបម្រើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺ ផ្ដោតសំខាន់លើស្ដ្រីដែលបម្រើការនៅតាមរង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀរហ្គាឌិន កន្លែងម៉ាស្សា និងស៉្បា ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលរដ្ឋនឹងរាប់រងនូវការចំណាយទាំងស្រុង។

បើតាមគោលនយោបាយ “មិនបោះបង់ពលរដ្ឋណាម្នាក់” រាជរដ្ឋាភិបាលកម្ពុជាថាការដាក់ចេញនូវគោលនយោបាយគាំពារសង្គមនេះ មានគោលបំណងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមារបស់ប្រជាជន។

ទោះជាយ៉ាងណា លោកស្រី សេង រាសី ថារដ្ឋាភិបាលគួរពិនិត្យមើលលើសិទ្ធិការងាររបស់បុគ្គលិកបម្រើការនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាកុំឱ្យមានការរើសអើង ពេលពួកគេទៅទទួលសេវាសុខភាពនៅតាមកន្លែងនីមួយៗ ចំពោះការងាររបស់ពួកគេ។

ទន្ទឹមគ្នានេះដែរ រាជរដ្ឋាភិបាលបានអំពាវដល់ម្ចាស់វិស័យសេវាកម្សាន្ដទេសចរណ៍ទាំងអស់ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលិកបម្រើការនៅកន្លែងរបស់ខ្លួន និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជូនទៅរដ្ឋបាលរាជធានី ខេត្តឬក្រុង ស្រុក ខណ្ឌ មុនស្នើទៅបេឡាសន្ដិសុខសង្គម៕

 

 

Share

Image
Image
Image