en     km
en     km

សម្ដេច ហ៊ុន សែន ៖ ច្បាប់ស្ដីពីការបោះឆ្នោតគ្រោងនឹងធ្វើវិសោធកម្មឆាប់ៗនេះ

Share

ច្បាប់ស្ដីពីការបោះឆ្នោតគ្រោងនឹងធ្វើវិសោធកម្មឆាប់ៗនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីបានលើកឡើងពីសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជានាពេលនេះ បន្ទាប់ពីបក្សប្រឆាំងបានបំផុសមិនឱ្យសមាជិកបក្សរបស់ខ្លួនទៅបោះឆ្នោតនាថ្ងៃទី២៣កក្កដាខាងមុខ តែអ្នកឃ្លាំមើលការបោះឆ្នោតយល់ថា ការធ្វើកំណែទម្រង់ច្បាប់នេះជារឿងល្អម្យ៉ាង ដើម្បីឱ្យសមាជិកបក្សទៅបោះឆ្នោតបានគ្រប់គ្នា។

លោក ​ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ផ្អែកតាមសារសំឡេងរបស់សម្ដេច ហ៊ុន សែន នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រសិនបើបេក្ខជនឈរឈ្មោះគណបក្សមិនទៅបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នោះក៏គ្មានសិទ្ធិឈរឈ្មោះជាបេក្ខភាពសម្រាប់ឱ្យគេបោះឆ្នោតឱ្យ គ្រប់ការបោះឆ្នោតមិនថា ឃុំ/សង្កាត់ ស្រុក ខណ្ឌ ក្រុង ឬថ្នាក់ជាតិដែរ។

បន្ថែមនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ខណៈជួបជាមួយកម្មករ កម្មការិនី ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា នឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតទាំងសកល និងអសកល ព្រមទាំងស្នើឱ្យប្រធានរដ្ឋសភា ព្រឹទ្ធសភា ជួយរាជរដ្ឋាភិបាលក្នុងការកែប្រែច្បាប់នេះដែរ។

បើតាមការអះអាងរបស់សម្ដេច ហ៊ុន សែន ការដែលជំរុញឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ព្រោះតែមេដឹកនាំក្រុមប្រឆាំងកំពុងបំផុសចលនារារាំងសមាជិកខ្លួនមិនឱ្យចូលរួមបោះឆ្នោតខាងមុខ។ សម្ដេចថែមទាំងពន្យុះឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់ របស់បក្សប្រឆាំង កុំទៅបោះឆ្នោត បន្ទាប់ពីច្បាប់ស្តីពីការបោះឆ្នោតត្រូវបានកែសម្រួលរួច។

វិទ្យុស្ដ្រីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សភ្លើងទៀនបានទេដោយទូរសព្ទមិនមានអ្នកទទួល។ តែគណបក្សដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធមិនឱ្យចូលរួមដំណើរការបោះឆ្នោតថ្នាក់ជាតិនេះ ធ្លាប់បានលើកឡើងថា  បក្សភ្លើងទៀននៅតែរក្សាគោលជំហ របស់ខ្លួនក្នុងការធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា ជាពិសេសច្បាប់ស្ដីពីគណបក្សនយោបាយ និងរក្សាឆន្ទៈក្នុងការចូលរួមការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់នាពេលខាងមុខ។

លោក សំ​គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិកយល់ថា ច្បាប់ដែលគ្រោងធ្វើវិសោធកម្មនេះមិនបានប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទូទៅទេ ដោយផ្ដោតលើតែបេក្ខជនបក្សនយោបាយតែប៉ុណ្ណោះ។ យ៉ាងណាលោកថា អ្នកប៉ះពាល់មានចំនួនតិច មិនច្រើននោះទេ ហើយក៏មិនមែនជាការបិទសិទ្ធិដែរ។

សូមជម្រាបថា នៅសល់តែជាង១ខែទៀតប៉ុណ្ណោះការបោះឆ្នោតតំណាងរាស្ដ្រអាណត្តិទី៧ និងឈានមកដល់។ ក្នុងនោះមានបក្សប្រកួតប្រជែងចំនួន១៨ ចូលរួមដំណើរការបោះឆ្នោត ដោយអវត្តមានបក្សប្រកួតប្រជែងចំនួន២ ដែលត្រូវបានគ.ជ.ប បដិសេធ ដោយខ្វះនូវឯកសារដើមនៃការចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ៕

Share

Image
Image
Image