កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានធ្វើពិធីប្រគល់អំពូលសូឡាចំនួន ៥០ ដើម ជូនទៅដល់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ តាមរយៈយុទ្ធនាការ “ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។
“ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង” ជាយុទ្ធនាការមួយបង្កើតឡើងដោយក្រុមហ៊ុន FWD Cambodia តាំងពីឆ្នាំ ២០២១ មក ក្នុងគោលបំណងជួយដល់សហគមន៍ដោយការបរិច្ចាគបង្គោល និងអំពូលសូឡា ដែលគិតរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានប្រគល់បង្គោល និងអំពូលជាង ១ ០០០ ដើមហើយជូនដល់សហគមន៍នានាក្នុងប្រទេសកម្ពុជា រួមមានខេត្តតាកែវ មណ្ឌលគិរី បាត់ដំបង កំពង់ស្ពឺ ក្រចេះ កំពតជាដើម។
លោក ជីម គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន FWD Cambodia មានមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមចំណែកក្នុងការជួយសហគមន៍ជាបន្តបន្ទាប់ ដោយលើកនេះយើងបានប្រគល់បង្គោល និងអំពូលសូឡាដល់សាកលវិទ្យាល័យដែលមាននិស្សិតជាង ១៣០០ នាក់។ ការដំឡើងបង្គោល និងអំពូលសូឡាក្នុងបរិវេនសាលា និងតាមដងផ្លូវក្នុងសាលា នឹងជួយបំភ្លឺផ្លូវដល់និស្សិតនិងលោកគ្រូអ្នកគ្រូក្នុងការធ្វើដំណើរពេលយប់។”។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្តមមានសេចក្ដីរំភើបរីករាយដែលបានផ្ដល់ជាអនុសាសន៍ និងការជ្រោមជ្រែងក្នុងកម្មវិធីប្រគល់ និងទទួលអំពូលសូឡានេះ ជាពិសេសស្របពេលដែលមានតម្រូវការក្នុងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ផ្ទាល់តែម្ដង។ ឯកឧត្តមក៏បានសរសើរផងដែរពីគុណភាពនៃអំពូលសូឡាដែលផ្ដល់ជូនដោយក្រុមហ៊ុន FWD Cambodia នាពេលកន្លងមក ដោយឯកឧត្តមបានឃើញ និងទទួលបានមតិវិជ្ជមានផ្ទាល់ពីប្រជាពលរដ្ឋក្នុងសហគមន៍ដែលធ្លាប់ទទួលបានអំពូលសូឡារួចមកហើយ។
ឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន FWD Cambodia ដែលបាននាំយកអំពូលសូឡាមកប្រគល់ជូនសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ យើងខ្ញុំ។ អំពូលសូឡាទាំងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរនៅពេលយប់របស់សិស្សនិស្សិត និងលោកគ្រូអ្នកគ្រូជាច្រើននាក់។ ខ្ញុំក៏សូមកោតសរសើរចំពោះក្រុមហ៊ុន ដែលបានផ្តួចផ្តើមបង្កើតយុទ្ធនាការនេះឡើង ដើម្បីជួយដល់សហគមន៍កម្ពុជា”។