en     km
en     km

ស្នងការដ្ឋាននគរបាលខេត្តកំពតប្រកាសឱ្យឧកញ៉ារកស៊ីដីធ្លីចូលដោះស្រាយបញ្ហាជូនពលរដ្ឋជាបន្ដបន្ទាប់

Share

ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយចុចចំឈ្មោះលោក នួន អន មានងារឧកញ៉ារកស៊ីដីធ្លីទៅជួបជាមួយប្រជាពលដ្ឋ ដែលកំពុងចាំលោកចូលខ្លួនដោះស្រាយបញ្ហានានា។ ស្នងការដ្ឋានបញ្ជាក់ថា លោកឧកញ៉ាស្រូតទៅជួបប្រជាពលរដ្ឋឆាប់ៗ កុំចាំដល់ស្នងការអញ្ជើញ។


ការហៅឧកញ៉ាដីធ្លីទៅដោះស្រាយជាមួយប្រជាពលរដ្ឋនេះ មិនមែនជាករណីដំបូងឡើយ ខណៈថ្មីៗនេះ ស្នងការដ្ឋាននគរបាលខេត្តកំពតបានទទួលពាក្យបណ្ដឹងជាង១០០ករណី ដែលក្រុមហ៊ុនវិនិយោគរកស៊ីដីធ្លីឈ្មោះ ពិភពដីមាស មួយទៀត របស់ឧកញ៉ា២រូប គឺ លោក ហ៊ី គឹមហុង និងលោក ចេង សង្ហាក់ បានជួបបញ្ហាជាមួយប្រជាពលរដ្ឋដូចគ្នាដែរ។


បើតាមស្នងការដ្ឋានខេត្តដដែលបញ្ជាក់ថា ប្រជាពលរដ្ឋដែលដាក់ពាក្យបណ្ដឹងជាង១០០ករណីនេះ គឺមានបញ្ហាដីធ្លីនៅខេត្តកំពង់ស្ពឺ តែក្រុមហ៊ុន ពិភពដីមាស មានទីស្នាក់ការនៅខេត្តកំពត។ យ៉ាងណា ហ្វេសប៊ុករបស់ក្រុមហ៊ុន ពិភពដីមាសនេះ បានបង្ហោះហៅប្រជាពលរដ្ឋដែលមានបញ្ហាកាន់ទីតាំងក្រុមហ៊ុនដើម្បីចូលរួមធ្វើបច្ចុប្បន្នភាព និងសម្របសម្រួលជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន។


សូមជម្រាបថា កាលពីដើមខែមេសា នៅខេត្តកំពតដដែល ប្រជាពលរដ្ឋជាង២ពាន់គ្រួសារបានដាក់ពាក្យប្ដឹងទៅកាន់ក្រុមហ៊ុនឧកញ៉ាមួយដែរ គឺលោក ជា សារ៉ន។ ដោយគ្រានោះមានការអន្តរាគមន៍ពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពតជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីនេះ។ ករណីលោក ជា សារ៉ន ត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣៕

Share

Image
Image
Image