ខណៈព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា នឹងខិតមកដល់នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួងព្រះបរមរាជវាំង សាលារាជធានីភ្នំពេញ និងសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឡើង ដើម្បីអបអរសាទរ។
កម្មវិធីដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនាម្សិលមិញ ត្រូវបានលោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា សម្ដេចហ្លួងម៉ែបានព្រះរាជទានថវិកាដល់គណៈកម្មការរៀបចំ ដើម្បីជំរុញឲ្យការរៀបចំមានគុណភាព និងកាន់តែល្អប្រសើរ ។
សូមជម្រាបថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដជាតិលើកទី១១ ម្សិលមិញធ្វើឡើងនៅមុខព្រះបរមរាជវាំង ដោយមានអត្តពលិកជិត៤០០០នាក់ មកពី៤៥ប្រទេស រត់ប្រណាំងលើវិញ្ញាសាររត់ចម្ងាយ២១គីឡូម៉ែត្រ វិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងការរត់កម្សាន្ដសម្រាប់កុមារចម្ងាយ ២,៥០០ម៉ែត្រផងដែរ៕