en     km
en     km

ពលរដ្ឋត្រូវបុរីរឹបអូសផ្ទះអាចរាយការណ៍ទៅCDCអន្តរាគមន៍ចៀសវាងខាតប្រាក់ធ្លាប់បង់រំលួសកន្លងមក

Share

សម្តេច ហ៊ុន សែន ស្នើម្ចាស់គម្រោងបុរី រៀបចំការបង់ប្រាក់រម្លស់ឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ដោយចៀសវាងការរឹបអូសផ្ទះ។ ប្រមុខរដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋដែលត្រូវបានម្ចាស់គម្រោងបុរីរឹបអូសផ្ទះ រាយការណ៍ទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីទទួលបានការអន្តរាគមន៍ ចៀសវាងការខាតបង់ប្រាក់ដែលបានបង់ជូនម្ចាស់គម្រោងកន្លងមក ដោយមិនបានផ្ទះរស់នៅ។ លោក គីម ចាន់ចាវ រាយការណ៍

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ កុំឱ្យរឹបអូសយកផ្ទះប្រជាពលរដ្ឋ ដែលមិនទាន់មានលទ្ធភាពបង់ប្រាក់ប្រចាំខែ ដោយសារបញ្ហាហិរញ្ញវត្ថុ។ ការអំពាវនាវបែបនេះ ក្រោយពេលដែល ព័ត៌មានជុំវិញការរឹបអូសផ្ទះពីម្ចាស់ដែលបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ឬបុរីផ្ទាល់ ដោយសារតែម្ចាស់ផ្ទះមិនមានលទ្ធភាពបង់បន្ត ព្រោះតែបាត់បង់ប្រាក់ចំណូលអាជីវកម្ម  និងខ្លះទៀតរកចំណូលមិនបានជាដើមនោះ ត្រូវបានលេចលឺ ឬផុសពាសពេញបណ្ដាញសង្គម។

ថ្លែងពីលើវេទិកា ក្នុងជំនួបជាមួយកម្មករ កម្មការិនី នៅខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៩ ខែមិថុនានេះ សម្តេច ហ៊ុន សែន ណែនាំម្ចាស់គម្រោងលំនៅដា្ឋន ឬបុរីថា បើទោះបីជាមិនរឹបអូស ក៏ថៅកែម្ចាស់បុរីមិនមានការខាតបង់នោះដែរ។ ប៉ុន្តែផ្ទុយទៅវិញ ម្ចាស់បុរីចំណេញទៅវិញទេ ចំណេញត្រង់ថា ការប្រាក់នៅតែជាការប្រាក់ដដែល គ្រាន់តែឱ្យអ្នកទិញអូសបន្លាយពេលសងវែងជាងមុន។

«ទប់ស្កាត់បញ្ឈប់ភ្លាមនូវសកម្មភាពរឹបអូស ហើយរៀបចំឥណទានឡើងវិញ ឯអ្នកដែលទិញក៏មានការទទួលខុសត្រូវ ត្រូវតែសងគេ។ គេគ្រាន់តែកាត់បន្ថយពីមួយខែ៥០០ ឱ្យមកនៅ៣០០ តែត្រូវតែបង់ កុំឱ្យតែលឺនាយករដ្ឋមន្ត្រីថា ចឹងមិនខ្ចីបង់ អាហ្នឹងក៏អត់កើតដែរ»

នៅពេលនេះរដ្ឋាភិបាលមិនទាន់មានតួលេខជាក់លាក់នៅឡើយទេ ថាបុរីប៉ុន្មានត្រូវបានម្ចាស់គម្រោងបានរឹបអូសយកវិញ។ សម្តេចបានបញ្ជាឱ្យលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រៀបចំបញ្ជីឈ្មោះអ្នកដែលត្រូវបុរីរឹបអូសផ្ទះ។ ដោយសារតែអាជ្ញាធរមិនអាចកត់ត្រា និងដឹងពីចំនួនជាក់ស្តែង ប្រមុខរដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋដែលត្រូវបានបុរីរឹបអូសផ្ទះ រាយការណ៍ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នេះ ដែលមានទីតាំងនៅវិមានរាជរដ្ឋាភិបាល, ផ្លូវស៊ីសុវត្ថិ, ក្បែរវត្តភ្នំ, រាជធានីភ្នំពេញ ។

ទោះមិនដឹងពីចំនួនជាក់លាក់ប៉ុន្តែសម្តេច ហ៊ុន សែន ណែនាំឱ្យម្ចាស់គម្រោងបុរីទាំងអស់ សិក្សាផ្ដល់ថវិកាមួយចំនួនត្រឡប់ទៅម្ចាស់ផ្ទះដែលបានរឹបអូសវិញ ត្បិតបើរឹបអូសយកផ្ទះវិញ ហើយមិនផ្ដល់ថិវកាដល់ម្ចាស់ផ្ទះវាជារឿងអយុត្តិធម៌ដ៏ឆៅ ដែលធ្លាប់កើតមាននៅកម្ពុជា ត្បិតអ្នកដែលត្រូវរឹបអូស នឹងខាតប្រាក់ដែលខ្លួនធ្លាប់បានបង់ជូនម្ចាស់គម្រោងកន្លងមកទាំងស្រុង។

«ការរឹបអូសហ្នឹងវាឆៅពេក ផ្ទះតម្លៃ១០ម៉ឺន បង់បាន៥ម៉ឺនហើយរឹបអូសគ្រឹប។ ចឹងអា៥ម៉ឺនខំសន្សំតំាងពីណាពណីខូចអស់រលីង។ ចឹងយើងចង់ដឹងបុរីមួយៗប៉ុន្មាន ជួនកាលយកអាលុយរឹបអូសគេ ទៅធ្វើអ្នកមានឆ្កុយ»។

កន្លងមកព័ត៌មាននៃការរឹបអូសផ្ទះ ឬបុរី ពីអតិថិជនតែងកើតមានជារឿយៗ ពីម្ចាស់គម្រោងអចលនទ្រព្យឬបុរី ដោយសារអតិថជនមិនមានលទ្ធភាពបង់ប្រាក់ប្រចាំខែបន្ត។ ក៏ប៉ុន្តែករណីបញ្រ្ចាសនេះក៏ធ្លាប់កើតមានផងដែរ នោះគឺម្ចាស់បុរីបានបង្កភាពខ្វះខាតចំពោះអតិថិជន។​ពលរដ្ឋ​ដែល​ទិញ​បុរី​នៅ​ក្រុមហ៊ុន VIP បាន​ផ្ទុះ​ការ​តវ៉ា​បិទ​ផ្លូវនៅ​មុខ​បុរី ស្ថិត​នៅ​ភូមិ​ម៉ឺន្ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ ព្រោះតែ​ពួកគេ​មិន​ទទួល​បាន​ដំណោះស្រាយ ក្រោយពីក្រុមហ៊ុន​បាន​យក​ប័ណ្ណ​កម្មសិទ្ធិ​របស់​ពួកគេ​ទៅ​ដាក់​បញ្ចាំ។

ចំណែកបុរីមួយចំនួនទៀត ក្នុងនោះក៏មានបុរីរបស់អ្នកឧកញ៉ាវ័យក្មេងល្បីឈ្មោះឡេង ណាវ៉ាត់ត្រាផងដែរ ដែលត្រូវអតិជនរអ៊ូថា មានភាពយឺតយ៉ាវដល់ពេលកំណត់ត្រូវប្រគល់ផ្ទះ ប៉ុន្តែមិនឃើញមានផ្ទះសាងសង់រួចជូនពួកគេ។ ប៉ុន្តែករណីនេះត្រូវបានម្ចាស់បុរីលើកហេតុផលស្រដៀងគ្នាថា យឺតយ៉ាវដោយសារក្រុមហ៊ុនរងវិបត្តិសកលកូវីដ-១៩៕

Share

Image
Image
Image