en     km
en     km

អង្គការភ្លែនរំពឹងថាកុមារជាង១ម៉ឺន៥ពាន់នាក់នឹងទទួលអត្ថប្រយោជន៍ពីគម្រោងទឹកស្អាតនិងអនាម័យ

Share

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គការភ្លែនអន្ដរជាតិកម្ពុជា បានសម្ពោធគម្រោងថ្មីមួយដែលមានរយៈពេល ៣ឆ្នាំ ដើម្បីលើកកម្ពស់សុខភាព និងបរិស្ថានរស់នៅរបស់ក្មេងស្រី ក្មេងប្រុស និងឪពុកម្តាយរបស់ពួកគេ ដោយបង្កើនការទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យគ្រប់គ្រាន់ និងស្មើភាពគ្នា នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
(លោក ឡាក់ ច័ន្ទតារា ជូនសេចក្តីរាយការណ៍)

រូបតំណាង ទឹកស្អាត

តាមរយៈអង្គការភ្លែន គម្រោងនេះមានឈ្មោះថា “សម្រេចបានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ” ដែលមានកុមារជាង ១ម៉ឹន ៥ពាន់នាក់ នឹងទទួលអត្ថប្រយោជន៍ពីគម្រោងនេះ។


បើតាមការស្ទង់មតិប្រជាសាស្ដ្រ និងសុខភាព របស់ប្រទេសកម្ពុជា ឆ្នាំ២០២១-២០២២ បង្ហាញថា ១៥%នៃគ្រួសារនៅជនបទមិនមានលទ្ធភាពទទួលបានសេវាទឹកស្អាតជាមូលដ្ឋាននៅក្នុងរដូវប្រាំង មានតែ៦៦% ប្រើប្រាស់វិធីកែលម្អទឹកសមស្រប។ ប្រភពទឹកកែលម្អសមស្របមានភាគច្រើនជាទឹកបណ្ដាញ ទឹកក្បាលម៉ាស៊ីនសាធារណៈ ទឹកអណ្ដូងស្នប់ ឬអណ្ដូងខួង ទឹកអណ្ដូងជីកមានគ្របការពារ ទឹកចេញពីក្រោមដី ទឹកភ្លៀង ទឹកឡានស៊ីទែន ទឹកធុងរទេះ និងទឹកដបជាដើម។


កង្វះទឹកស្អាត និងអនាម័យ ទម្លាប់បន្ទោបង់ពាសវាលពាសកាល គឺជាមូលហេតុមួយបណ្ដាលឱ្យកុមារក្រិសក្រិន និងស្គមស្គាំង។ នេះបើតាមការឱ្យដឹងពីការស្រាវជ្រាវរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងដៃគូពាក់ព័ន្ធ។ យ៉ាងណានៅឆ្នាំ២០២២ អត្រាក្រិសក្រិនកុមារអាយុក្រោម ៥ ឆ្នាំថយចុះមកត្រឹម ២២% ខណៈអត្រាគ្របដណ្ដប់សេវាផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋានក្នុងក្របខ័ណ្ឌទូទាំងប្រទេសមានការកើនឡើង ពី ៧៥ ដល់ ៧៨% គិតដល់ឆ្នាំ ២០១៩។
ទោះបីយ៉ាងណា ប្រភពដដែលថា អត្រាក្រិសក្រិននៅតែមានប្រេវ៉ាឡង់ខ្ពស់ដដែល រឺឯការទទួលបានសេវាផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន នៅតែមានគម្លាត ជាពិសេសវិសមភាពរវាងទីក្រុង និងជនបទ៕

Share

Image
Image
Image