en     km
en     km

សម្តេច ហ៊ុន សែន ប្រកាសឱ្យវៀតណាមចាប់លោក សម រង្ស៊ី ករណីប៉ុនប៉ងចូលកម្ពុជាតាមទឹកដីវៀតណាម

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសជូនជាដំណឹងដល់ភាគីវៀតណាមឱ្យសហការចាប់ខ្លួនលោក សម រង្ស៊ី អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ករណីប្រសិនជាលោក សម រង្ស៊ី ពិតជាប៉ុនប៉ងមកកម្ពុជាដោយប្រើប្រាស់បាស្ព័របារាំងឆ្លងចូលទឹកដីវៀតណាមមែននោះ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

ការប្រកាសរបស់នាយករដ្ឋមន្រ្តីកម្ពុជានេះ ធ្វើឡើងចំពោះមុខមន្រ្តីទូតវៀតណាមតែម្តងក្នុងឱកាសដែលមន្រ្តីទូតវៀតណាមបានមកចូលរួមក្នុងកម្មវិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៣នេះ។

បើតាមការថ្លែងរបស់សម្តេច ហ៊ុន សែន ការប៉ុនប៉ងធ្វើដំណើរមាតុភូមិនិវត្តន៍ចូលមកកម្ពុជារបស់លោក សម រង្ស៊ី គឺមិនមានភាពរលូននោះទេ ត្បិតប្រទេសម៉ាឡេស៊ីនិងថៃបានបដិសេធ។ សម្តេចបញ្ជាក់ថា សម្តេចបានទទួលព័ត៌មានថា លោក សម រង្ស៊ី កំពុងប្រើវិធីសាស្រ្តកាន់បាស្ព័របារាំងចូលមកកម្ពុជាដោយប្រើហេតុផលជាអ្នកទេសចរណ៍ឆ្លងចូលវៀតណាម។

នាយករដ្ឋមន្រ្តីបានចង្អុលទៅមន្ត្រីទូតវៀតណាមដែលអង្គុយលើឆាកវេទិកាជាមួយមន្រ្តីទូតចិនផងនោះ ដោយសង្កត់ធ្ងន់ៗថា ភាគីវៀតណាមត្រូវសហការជាមួយកម្ពុជាចាប់បញ្ចូនខ្លួនលោក សម រង្ស៊ី ឱ្យសមត្ថកិច្ចកម្ពុជា ព្រោះថាលោក សម រង្ស៊ី ជាទណ្ឌិតតាមរយៈអំណាចសាលក្រម ហើយកម្ពុជានិងវៀតណាមក៏មានបច្ចាប័ណ្ណផ្លាស់ប្តូរអ្នកទោសគ្នាទៅវិញទៅមកផងដែរ។

សម្តេច ហ៊ុន សែន៖«ខ្ញុំនិយាយចំហរម្តង គេ[លោក សម រង្ស៊ី]មានផែនការចូលមកម៉ាឡេស៊ី មកថៃ និងវៀតណាមតាមរយៈការប្រើបាស្ព័របារាំងធ្វើជាអ្នកទេសចរណ៍។ ហើយបើចូលវៀតណាម ខ្ញុំសូមស្នើចាប់ខ្លួនឱ្យខ្ញុំព្រោះមានដីកាចាប់ខ្លួន ហើយយើងមានទំនាក់ទំនងលើបញ្ហាហ្នឹង យើងមានទំនាក់ទំនងបច្ចាប័ណ្ណសហប្រតិបត្តិការខាងផ្លូវច្បាប់ ចឹងបើអាចង្រៃ[សម​ រង្ស៊ី]ចូលមកសុំចាប់ឱ្យខ្ញុំ»។

សម្តេច ហ៊ុន សែន ថ្លែងសារព្រមានជាថ្មីពីដំណើររបស់លោក​ សម រង្ស៊ី ដែលចង់ចូលមកកម្ពុជាវិញ។

សារព្រមានពីនាយករដ្ឋមន្រ្តីមួយលើកទីពីរលើកនេះ នៅស្របពេលដែលលោក សម រង្ស៊ី បានប្រកូរប្រកាសចូលមកកម្ពុជាវិញនៅមុនការបោះឆ្នោតនេះ ដោយលោកកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ីនៅឡើយ។ លោក សម រង្ស៊ី បានប្រកាសថាលោកនឹងយកទឹកដីថៃដែលសព្វថៃកំពុងមានចរន្តផ្លាស់ប្តូរអំណាចពីរបរផ្តាច់ការយោធារបស់លោក ប្រាយុទ្ធ ទៅអ្នកប្រជាធិបតេយ្យ។ តាមរយៈអ្នកកាន់អំណាចថ្មីនៅប្រទេសថៃនេះ លោកដាក់ការរំពឹងថា ភាគីថៃនឹងផ្តល់ទីតាំងឱ្យលោកឈរជើងកៀរគរកម្លាំងអ្នកស្នេហាជាតិចូលមកកម្ពុជាដើម្បីផ្លាស់ប្តូរសម្តេច ហ៊ុន សែន ពីអំណាច។

ក្នុងដំណើរមាតុភូមិនិវត្តន៍ពីសំណាក់លោក សម រង្ស៊ី នេះសម្តេច ហ៊ុន សែន បានប្រកាសរក្សាជំហរថានឹងបាញ់កាំភ្លើងធំ«BM 21»លើលោក សម រង្ស៊ី ដដែលបើសិនជាហ៊ានចូលមកកម្ពុជា។

សម្តេច ហ៊ុន សែន៖«ចឹងហេតុអីបានជា ហ៊ុន សែន និយាយពីបាញ់BM21 អ្នកឯង[សម រង្ស៊ី] ធ្វើរដ្ឋប្រហារ មកធ្វើសង្គ្រាម មកចាប់ហ៊ុន សែន ។បើមកធ្វើសង្គ្រាមត្រូវកម្ទេចក្បាលវាមុនទៅ អាមេបញ្ជាការត្រូវតែវៃវា កុំសង្ឃឹម»។

ជាការកត់សម្គាល់នៅជិតការបោះឆ្នោតជាតិកាន់តែខិតជិកចូលមកដល់នេះ គេសង្កេតឃើញថា សង្គ្រាមពាក្យសម្តីរវាងអ្នកនយោបាយមានអំណាចកាន់ក្នុងដៃនិងអ្នកប្រជែងអំណាច បានផ្ទុះឡើងសារជាថ្មីដែលបានធ្វើឱ្យមតិសាធារណជនជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍។

វត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។រូបភាពពីហ្វេសប៊ុកលោក សម រង្ស៊ី។

តែយ៉ាងណា រឿងរ៉ាវដូចគ្នានេះបានកើតឡើងម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ដែលគ្រានោះលោក សម រង្ស៊ី ក៏ប្រយុទ្ធសាស្រ្តប្រកូរប្រកាសចូលមកកម្ពុជាដូចគ្នានេះ តែកាលនោះលោកមិនអាចចូលមកកម្ពុជាបានទេ ព្រោះរដ្ឋាភិបាលថៃក្រោមអំណាចរបស់លោក ប្រាយុទ្ធ មិនបានអនុញ្ញាតឱ្យលោក សម រង្ស៊ី ឈរជើងនៅថៃ។

សម្រាប់មតិយល់ឃើញរបស់អ្នកវិភាគក្នុងស្រុកនៅតែមើលឃើញថា ការព្យាយាមរារាំងជាច្រើនលើកច្រើនសាមិនឱ្យលោក សម រង្ស៊ី ចូលស្រុកនេះ ហាក់បានបង្ហាញថា លោក សម រង្ស៊ី នៅតែមានឥទ្ធិពលនយោបាយក្នុងទឹកចិត្តប្រជាជនខ្មែរដែលស្រលាញ់គាំទ្រ។ ហើយស្រមោលបក្សប្រឆាំងនៅតែអាចលងបន្លាចអ្នកនយោបាយកាន់អំណាចបានដដែលជាដដែល៕

 

Share

Image
Image
Image