en     km
en     km

វិធីសង្គ្រោះបឋមពេលមានបញ្ហាគាំងបេះដូង

Share

ការគាំងបេះដូង កើតឡើងនៅពេលដែលឈាមសម្រាប់ផ្គត់ផ្គង់បេះដូងត្រូវបានរាំងស្ទះ ដែលអាចបំផ្លាញសាច់ដុំបេះដូងយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេ នោះនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។

 

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព hellodoctor របស់ប្រទេសហ្វីលីពីន

 

អ្នកជំងឺគាំងបេះដូងជាច្រើននាក់ បានស្លាប់មុនពេលទៅដល់មន្ទីរពេទ្យ។ នេះជាមូលហេតុសំខាន់ណាស់ ដែលតម្រូវឱ្យអ្នកជំងឺទទួលបានការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ដឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីមានឱកាសរស់រានមានជីវិត។ ដូចច្នេះ ការស្វែងយល់អំពីវិធីសង្រ្គោះបន្ទាន់នៅពេលគាំងបេះដូងបានត្រឹមត្រូវ អាចជួយសង្គ្រោះជីវិតមនុស្សពីសេចក្តីមរណៈបាន។

 

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព hellodoctor របស់ប្រទេសហ្វីលីពីន

 

បើតាមគេហទំព័រសុខភាព hellodoctor របស់ប្រទេសហ្វីលីពីន បានបង្ហាញពីសញ្ញា និងរោគសញ្ញានៃបញ្ហាគាំងបេះដូងដូចជា៖ អ្នកជំងឺមិនស្រួលក្នុងទ្រូង និងមានឈឺចាប់ពីទ្រូងទៅស្មា ដៃ និងខ្នងកាន់តែខ្លាំង បែកញើស ដង្ហើមខ្លី មានអារម្មណ៍ចង់ក្អួត ឈឺក្បាល វិលមុខ ស្លេកស្លាំង និងដួលសន្លប់។

 

បន្ថែមពីនេះ អ្នកជំងឺគាំងបេះដូងអាចនឹងអាចជួបប្រទះរោគសញ្ញាមុនជាច្រើនម៉ោង ថ្ងៃ ឬសប្តាហ៍មុនពេលគាំងបេះដូង។ ហើយជាធម្មតាវាបណ្តាលឱ្យឈឺចាប់ក្នុងទ្រូងលើសពី ១៥ នាទី។ ជាពិសេសចំពោះស្ត្រី ក្នុងករណីខ្លះប្រហែលជាមិនមានការឈឺទ្រូងធ្ងន់ធ្ងរ ឬគ្មានប្រទះរោគសញ្ញាអ្វីទាំងអស់ ។

តទៅនេះ យើងនឹងបង្ហាញនូវវិធីសាស្រ្តសង្រ្គោះបន្ទាន់សម្រាប់បញ្ហាគាំងបេះដូងដូចតទៅ៖

 

រូបភាពនេះមានប្រភពពីបរទេស

 

  • ជាដំបូងអ្នកត្រូវទូរស័ព្ទទៅ ១១៩ ជាបន្ទាន់ មុនពេលអ្នកចាប់ផ្តើមធ្វើការសង្រ្គោះបឋមជនរងគ្រោះដែលបានគាំងបេះដូង។
  • ជំហានបន្ទាប់ អ្នកត្រូវបន្ធូរសម្លៀកបំពាក់ដែលតឹងៗជាពិសេសនៅក និងចង្កេះជនរងគ្រោះ ហើយជួយផ្លាស់ទីពួកគេក្នុងទីតាំងដែលមានផាសុកភាព ដោយឱ្យអ្នកជំងឺសម្រាកក្នុងទីតាំងពាក់កណ្តាលអង្គុយ ដោយដាក់ជង្គង់ពួកគេឱ្យកោង ក្បាលនិងស្មារបស់ពួកគេត្រូវមានអ្វីសម្រាប់ផ្អែកផងដែរ ដើម្បីជួយសម្រួលដល់ការដកដង្ហើមដល់ជនរងគ្រោះ។
  • បន្ថែមពីនោះត្រូវរក្សាភាពស្ងប់ស្ងាត់ជានិច្ចក្នុងពេលសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តប្រភេទនេះ។ អ្នកសង្រ្គោះកុំភ័យស្លន់ស្លោ ហើយត្រូវប្រាប់អ្នកជំងឺឱ្យដកដង្ហើមវែងៗ នៅពេលពួកគេមានការថប់ដង្ហើម។

 

រូបភាពនេះមានប្រភពពីបរទេស

 

  • ប្រសិនបើអ្នកជំងឺសន្លប់ ឬឈប់ដកដង្ហើម អ្នកត្រូវចាប់ផ្តើមធ្វើការសង្រ្គោះបេះដូង ឬធ្វើ CPR ឱ្យបានភ្លាមៗ។ ប្រសិនបើអ្នកសង្រ្គោះពុំដែលទទួលការបណ្តុះបណ្តាលអំពីការធ្វើ CPR ទេ គ្រូពេទ្យណែនាំអ្នកសង្រ្គោះត្រូវធ្វើការសង្កត់ទ្រូងពី ១០០ដង ទៅ ១២០ ដង ក្នុងមួយនាទី។ ហើយត្រូវទទួលការណែនាំពីអ្នកជំនាញតាមទូរស័ព្ទអំពីសកម្មភាពសង្រ្គោះ រហូតដល់រថយន្តសង្រ្គោះបន្ទាន់មកដល់៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង