តុលាការកំពូល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានបដិសេធបណ្ដឹងសារទុក្ខរបស់ក្រុមយុវជន ៩នាក់ ពីបទ“ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ជុំវិញការតវ៉ា នៅមុខតុលាការសាលាដំបូងអំឡុងពេលសវនាការរឿងក្ដីលោក រ៉ុង ឈុន ករណីតវ៉ាបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ បើទោះបីជាទោសត្រូវបានព្យួរក៏ពិតមែន ប៉ុន្តែយុវជនដែលជាប់ទោស អះអាងថា នៅតែមិនអាចទទួលយកបាន ត្បិតក្រុមរបស់ខ្លួន គ្រាន់តែទាមទារឱ្យដោះលែង អ្នកដែលការពារព្រំដែន។
លោក គីម ចាន់ចាវ រាយការណ៍
អ្នកជាប់ទោសទាំង៩នាក់នោះ ជាអតីតសកម្មជននយោបាយ សកម្មជនសង្គម និងយុវជនបរិស្ថាន។ តុលាការកំពូលបានសម្រេចបដិសេធបណ្ដឹងសារទុក្ខរបស់ពួកគេ ដោយការចោទប្រកាន់ពីបទញុះញង់ទៅលើអតីត និងសកម្មជនខ្មែរថាវរៈ ដែលមានដូចជា អ្នកនាង ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ និងសកម្មជនរបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ លោក កើត សារ៉ាយ លោក មួង សុភ័ក្រ និងលោក មាន ព្រហ្មមុនី ព្រមទាំង អតីតសមាជិកគណបក្សសង្គ្រោះជាតិ លោក ឈួ ផេង និង លោក ជុំ ពុទ្ធី ។
ការបដិសេធនេះមានន័យថា តុលាការបានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលសម្រេចកាត់ទោសសកម្មជនទាំងនោះ ចំនួន ២០ ខែក្នុងពន្ធនាគារជាមួយនឹងការព្យួរទោសពួកគេចន្លោះពី៥ ទៅ ៦ ខែ ទុកជាបានការដដែរ។ អ្នកនាង ឈឿន ដារ៉ាវី និងប្ដីគឺ លោកហ៊ុន វណ្ណៈ លោក ឈួ ផេង និង លោក ជុំ ពុទ្ធី ត្រូវបានជាប់ពន្ធនាគាររយៈពេល ១៥ ខែ ខណៈពេលដែល លោក កើត សារ៉ាយ លោក មួង សុភ័ក្រ លោក មាន ព្រហ្មមុនី លោក ថា ឡាវី និង កញ្ញា អេង ម៉ាឡៃ បានជាប់ក្នុងពន្ធនាគាររយៈពេល ១៤ ខែ ។ អ្នក ទាំង ៩ រូបនាក់នេះក៏ត្រូវបានពិន័យជាទឹកប្រាក់ក្នុងម្នាក់ ២ លានរៀល (ប្រហែល ៥០០ ដុល្លារអាមេរិក) ផងដែរ ។
នៅពេលប្រកាសសាលដីកានៅតុលាការកំពូលនៅព្រឹកនេះ ក្នុងចំណោមអ្នកជាប់ទោសទាំងអស់នេះ គឺគេឃើញតែវត្តមានលោក មួង សុភ័ក្រ និង លោក ថា ឡាវី តែប៉ុណ្ណោះដែលបានចូលស្ដាប់ការប្រកាសសាលដីកាដោយផ្ទាល់។ បើទោះបីអ្នកជាប់ទោសផ្សេងទៀត មិនបានចូលរួម ប៉ុន្តែការប្រកាសនេះ មានការចូលរួមស្ដាប់ពីអ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មន្ត្រីតំណាងពីខាងអង្គការសហប្រជាជាតិ រួមទាំងអ្នកសារព័ត៌មានផងដែរ។ តាមរយៈដំណើរការនីតិវិធីរបស់តុលាការកំពូល មានចំណុចមួយដែលប្លែកពីការស៊ើបអង្កេត នៅសាលដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍។ ចំណុចនោះគឺតុលាការជាន់ខ្ពស់មួយនេះ រកឃើញថា លោក ទុំ វុទ្ធី និងលោក ឈួ ផេង បានទាក់ទងពីផែនការតវ៉ាអំឡុងពេលសាវនាការរឿងក្ដីលោក រ៉ុង ឈុន តាមទូរសព្ទជាមួយលោក ហូរ វ៉ាន់ ក្រុមចលនាប្រឆាំងនៅក្រៅប្រទេសជាមួយលោក សម រង្ស៊ី ដែលជាប់ទោសពីបទរួមគំនិតក្បត់ជាតិ។
លោក ថា ឡាវី ដែលបានចូលស្ដាប់ការប្រកាសសាលក្រមនៅព្រឹកនេះ បានប្រាប់វិទ្យុស្ត្រី នៅមុខតុលាការ ក្រោយការប្រកាសសាលដីកាថា លោកនិងក្រុមយុវជនដទៃ ធ្វើសកម្មភាពតាមដាន និងតវ៉ា អំពីសវនាលោក រ៉ុង ឈុន ដោយសារតែលោកមើលឃើញពីសកម្មភាពឈឺឆ្អាលពីព្រំដែន និងប្រទេសជាតិរបស់លោក រ៉ុង ឈុន។ ប៉ុន្តែលោកបដិសេធ ពីការណ៍ដែលថាក្រុមតវ៉ានេះមានទទួលបញ្ជាពីលោក ហូរ វ៉ាន់។
«ខ្ញុំមិនមានការបង្គាប់បញ្ជាពីអ្នកណា អ្នកណី ដូចដែលរៀបរាប់នៅក្នុងឈ្មោះដែលតុលាការបានដាក់ឱ្យមើល មានឈ្មោះ ហូរ វ៉ាន់ មានអី ខ្ញុំសួរថា ហូរ វ៉ាន់ ហ្នឹងពីណា? ខ្ញុំមិនស្គាល់ផង!…»
ចំណែកយុវជនជាប់ទោសម្នាក់ទៀត ដែលបានចូលស្ដាប់សាលដីកាដែរនោះ គឺលោក មួង សុភ័ក្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង និងជាសមាជិកសហព័ន្ធសង្គមស៊ីវិលដែលពេលនេះកំពុងងាកមកធ្វើសកម្មភាពជិតស្និទ្ធជាមួយរដ្ឋាភិបាល។ លោកថា តុលាការកំពូលបានចោទលោក លើកិច្ចការដែលលោកមិនដែលស្គាល់គ្នាសោះ គ្រាន់តែដើរមកមើលគេធ្វើសកម្មភាពតវ៉ា ក៏ត្រូវបានជាប់បទល្មើសដែរ ក្នុងនាមជា សហចារីរួមគំនិតគៀងគរមនុស្ស។
«ការលើកឡើងនីតិវីធីច្បាប់របស់អង្គតុលាការជាការលើកឡើងហើយ តែការអនុវត្តរបស់យើងៗនៅគោរពតាម សិទ្ធិរបស់យើងធ្វើការទេ។ បើសិនជាគាត់មានសិទ្ធិអំណាចក្នុងការតម្កល់ទុក ឬក៏កាត់ថាខុស អាហ្នឹងជាឆន្ទានុសិទ្ធរបស់តុលាការ ហើយយើង បើនៅតែស្រែកថា តុលាការអយុត្តិធម៌ វានៅតែដដែលៗចឹង តែយើងមិនដឹងថាពេលណាយើងអាចមានយុត្តិធម៌ក្នុងផ្លូវតុលាការបានទេ ប្រទេសកម្ពុជា»។
លោក ថា ឡាវី យល់ថា បើទោះបីជាពេលនេះលោក និងសកម្មជនផ្សេងទៀតមិនត្រូវបានជាប់ក្នុងពន្ធនាគារ ដោយត្រូវព្យួរទោសវិញក្ដី តែលោកយល់ថា ការសម្រេចរបស់តុលាការកំពូលដែលកម្កល់សេចក្ដីសម្រេចរបស់សាលឧទ្ធរណ៍ទុកជាបានការដដែលនេះ បង្ហាញថាក្រុមរបស់លោកដែលជាសកម្មជនធ្វើការដើម្បីយុត្តិធម៌សង្គមនៅតែមានទោស។
«ខ្ញុំនៅតែទទួលយកអត់បានទេ អាបទចោទមួយហ្នឹងហ៍ ហេតុអី? យើងទាមទារឱ្យដោះលែង អ្នកដែលការពារព្រំដែនរបស់យើង ចឹងគាត់អ្នកដែលការពារព្រំដែនខុសច្បាប់ដែរ? ចុះយើងនេះ អ្នកដែលឃើញតុលាការប្រើនីតិវិធីរបស់ខ្លួន ប្រើច្បាប់របស់ខ្លួនទៅចាប់អ្នកដែលការពារព្រំដែនសួរថាយើងឈឺចាប់អត់? ឈឺចាប់ ចឹងហើយសួរថាទទួលយកបទចោទមួយហ្នឹង ដែលគេថាទៅញុះញង់បានទេ? ខ្ញុំនៅតែនិយាយពាក្យដដែល ថាខ្ញុំអត់បានទៅញុះញង់អីផង! ខ្ញុំមិនឱ្យពលរដ្ឋទៅវ៉ៃដំកាប់ចាក់គ្នាផង ខ្ញុំគ្រាន់តែចង់ឃើញយុត្តិធម៌ មានយុត្តិធម៌មួយហ្នឹងដើម្បីផ្ដល់ឱ្យអ្នកស្រលាញ់ជាតិពិតប្រាកដហ៍»។
សូមបញ្ជាក់ថា កន្លងមកពួកគេក៏បានអនុវត្តទោស ដោយជាប់ពន្ធនាគារផងដែរ ប៉ុន្តែគិតមកទល់នឹងថ្ងៃទី៣១ ខែឧសភានេះ ពួកគេកំពុងនៅក្រៅឃុំ ដោយអនុវត្តការព្យួរទោស ដោយភ្ជាប់នូវលក្ខខណ្ឌមួយចំនួន ដូចជាការហាមឃាត់មិនឱ្យចេញក្រៅប្រទេសជាដើម។
សកម្មជនទាំងនេះ ត្រូវបានចាប់ខ្លួនក្នុងអំឡុងខែ សីហា និងខែកញ្ញា ឆ្នាំ ២០២០ និងត្រូវបានឃុំខ្លូនបណ្តោះអាសន្នរង់ចាំសវនាការ ដែលរយៈពេលឃុំខ្លួននេះត្រូវបានរាប់បញ្ចូលទោសក្នុងពន្ធនាគាររបស់ពួកគេផងដែរ ។ សកម្មជនទាំង ៩នាក់ ត្រូវបានដោះលែងពីពន្ធនាគារវិញនៅដើមខែ វិច្ឆិកា ឆ្នាំ ២០២១ ប៉ុន្តែពួកគេត្រូវបានតុលាការព្យួរទោសសាកល្បងចំនួន ពីរឆ្នាំ និងស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសសកម្មជនទាំង ៩ រូបនេះ ជាមួយនឹងជនជាប់ចោទ ៥ រូបផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២១ ។ ជនជាប់ចោទចំនួន ៩នាក់ ក្នុងចំណោមពួកគេ បានប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះ តែត្រូវបានសាលាឧទ្ធរណ៍រាជធានីភ្នំពេញតម្កល់សេចក្តីសម្រេចនេះដដែល កាលពី ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ។ បទល្មើសព្រហ្មទណ្ឌទាំងនេះ ត្រូវបានយកមកប្រើប្រាស់មកលើសកម្មជនជាច្រើននាក់ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មដោយអហិង្សា ក្រោយពេលអាជ្ញាធរចាប់ខ្លួនអតីតប្រធានសហជីព និងសកម្មជនសិទ្ធិការងារ លោក រ៉ុង ឈុន កាលពីខែកក្កដា ឆ្នាំ ២០២០៕