តំណាងយុវជនមកពីខេត្តចំនួនបី រួមមានខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី បានសំណូមពរឱ្យក្រសួងពាក់ព័ន្ធជួបដោះស្រាយបញ្ហាបោះបង់ការសិក្សា និងរៀបការវ័យក្មេងរបស់ក្មេងស្រី ដែលតំណាងយុវជនយល់ថាជាបញ្ហាអាទិភាព ហើយបញ្ហាទាំងនេះនៅតែកើតមានក្នុងសហគមន៍។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
យុវតី ពៅ ស្រីណូ ជាតំណាងយុវជនមកពីខេត្តចំនួនបី រួមមានខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី និងជាទូតសុឆន្ទៈនៃយុទ្ធនាការ«ក្មេងស្រីត្រូវមានឱកាសស្មើគ្នា»របស់អង្គការភ្លែនអន្ដរជាតិ បានលើកឡើងថា ក្មេងស្រីក្នុងសហគមន៍នៅតែបោះបង់ការសិក្សា និងរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង ដែលនេះជាបញ្ហាអាទិភាពត្រូវយកចិត្តទុកដាក់ដោះស្រាយ។
ការថ្លែងរបស់តំណាងយុវជនរូបនេះ ខណៈចូលរួមក្នុងកិច្ចសន្ទនាក្មេងស្រីដឹកនាំថ្នាក់ជាតិ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះនៅអគារ GIA កោះពេជ្រ ភ្នំពេញ។
យុវតី ស្រីណូ បានបន្ថែមថា វេទិកានេះនឹងអាចស្វែងរកដំណោះស្រាយពីក្រសួងពាក់ព័ន្ធនានា ដើម្បីលុបបំបាត់បញ្ហារបស់ក្មេងស្រី និងយុវជនជួបប្រទះកន្លងមក។ ក្នុងនាមជាទូតសុឆន្ទៈ យុវតីស្រីណូសង្ឃឹមថាក្រសួងពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹងគោលនយោបាយ ដើម្បីលើកកម្ពស់សិទ្ធិក្មេងស្រីឱ្យទទួលបានសិទ្ធិស្មើគ្នានិងសមភាពយែនឌ័រ។
ទាក់ទងក្នុងរឿងនេះ លោស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ក្រសួងកិច្ចការនារីបានសហការជាមួយអង្គការភ្លែនអន្ដរជាតិ ដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធបានអនុវត្តគម្រោងជាច្រើនផ្តោតលើបញ្ហាដែលជាក្តីព្រួយបារម្ភរបស់តំណាងយុវជន។ លោកស្រីបញ្ជាក់ថា ក្រសួងបានធ្វើការផ្សព្វផ្សាយលើការងារសមភាពយែនឌ័រនេះ តាមរយៈក្រសួងអប់រំ,ក្រសួងសុខាភិបាល និងវេទិកាយុវជន វេទិកាថ្នាក់ដឹកនាំរបស់ស្ដ្រី យុទ្ធនាការ១៦ ដើម្បីបញ្ឍប់អំពើហិង្សាលើស្ដ្រីនិងក្មេងស្រី និងការស្រាវជ្រាវថ្នាក់ជាតិពីអាពាហ៍ពិពាហ៍កុមារ និងការស់នៅក្នុងភាពជាប្ដីប្រពន្ធវ័យកុមារជាដើមផងដែរ។
តាមរយៈសកម្មភាពទាំងនេះលោកស្រីរដ្ឋលេខាធិការបន្ថែមថា សកម្មភាពអនុវត្តទាំងអស់នេះគឺជាមូលដ្ឋានជួយរៀបចំផែនការទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់ផងដែរ។
ចំណែកអ្នកនាង ឌីជេ ណាណា ទូតសុឆន្ទៈនៃអង្គការភ្លែនអន្ដរជាតិបានលើកពីផលប៉ះពាល់នៃការរៀបការវ័យក្មេងនេះថា បញ្ហានេះនាំឱ្យក្មេងស្រីបាត់បង់ឱកាសសិក្សា បាត់ឱកាសរកចំណូលនិងមានបន្ទុកចិញ្ចឹមបីបាច់កូនដែលនាំឱ្យក្មេងស្រីបាត់ឱកាសអភិវឌ្ឍន៍ខ្លួន។
ឌីជេ ណាណា យល់ថា តាមរយៈវេទិកាក្មេងស្រីដឹកនាំថ្នាក់ជាតិនេះ អ្នកនាងរំពឹងថានឹងអាចជួយឱ្យក្មេងស្រីមានភាពជាអ្នកដឹកនាំសម្រាប់ជីវិតខ្លួនឯង ការសម្រេចចិត្ត ជាពិសេសលើការសម្រេចចំណងអាពាហ៍ពិពាហ៍។
ជាមួយគ្នានៃការបិទបញ្ចប់កម្មវិធីនេះ តំណាងយុវជនមកពីខេត្តគោលដៅទាំងបីបានដាក់សំណូមពរទៅកាន់ក្រសួងពាក់ព័ន្ធនានា មានក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជាគោលនយោបាយបន្ថែម ជួយពន្លឿនដំណោះស្រាយនានា ឆ្លើយតបនឹងបញ្ហាប្រឈមរបស់យុវជន ពិសេសក្មេងស្រីដែលត្រូវបោះបង់ការសិក្សា និងរៀបអាពាហ៍ពិពាហ៍វ័យក្មេង៕