រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ – ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ដំណាក់កាលទីពីរ ក្នុងគោលបំណងដើម្បីគាំទ្រដល់សកម្មភាពអនុវត្តគម្រោងរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ដើម្បីពង្រីកសមត្ថភាពរបស់និស្សិតលើជំនាញផលិតពហុមាតិកាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងជំនាញទំនាក់ទំនងបែបឌីជីថល ក្រោមប្រធានបទ “អ្វីដែលយើងអាចធ្វើបានជាមួយជំងឺមហារីក”។
សកម្មភាពគម្រោងសំខាន់ៗនៃកិច្ចសហការនេះ រួមមានការរៀបចំយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមប្រព័ន្ធឌីជីថល ការផលិតផ្ទាំងផ្សព្វផ្សាយឌីជីថល និងការផលិតវីឌីអូផតខាសធ៍(podcast)ជាដើម។
លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានលើកឡើងថា នេះជាលើកទី២ហើយ ដែលដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ។ កាលពីលើកទី១ គម្រោងមានរយៈពេល៦ខែ ដោយរួមមានការផលិតយុទ្ធនាការតាមប្រព័ន្ធឌីជីថល ការផលិតផ្ទាំងផ្សព្វផ្សាយឌីជីថល ការផលិតវីឌីអូអប់រំខ្លីៗ និងការផលិតភាពយន្តឯកសារ និងភាពយន្តខ្នាតខ្លីជាដើម។
លោកបានបន្ថែមទៀតថា៖ «ការគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia នេះមានសារៈសំខាន់ណាស់ ក្នុងការផ្ដល់ឱកាសដល់និស្សិតអាចផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែងកាន់តែពេញលេញ ក្នុងន័យលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើរបស់និស្សិត DMC ផ្ទាល់។ ក្រៅតែពីការអនុវត្តជំនាញផលិតពហុមាតិកាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងជំនាញទំនាក់ទំនងបែបឌីជីថល ក្រុមនិស្សិតក៏នឹងមានឱកាសសិក្សាស្វែងយល់បន្ថែមទៀតពីប្រធានបទសង្គមនានា ពិសេសទាក់ទងនឹងការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកបន្ថែមលើអ្វីដែលពួកគេបានសិក្សាក្នុងថ្នាក់រៀន។»
លោក ជីម គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia មានប្រសាសន៍ថា៖ «ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍គឺជាស្ថាប័នដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងមួយក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាពក្នុងវិស័យសារព័ត៌មាន ទំនាក់ទំនង និងភាពយន្តជាដើម ហើយខ្ញុំជឿជាក់ថា ខ្លឹមសារដែលផលិតឡើងដោយធនធានមនុស្សនៃស្ថាប័ននេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងស្ថាប័ននានាទាំងថ្នាក់ជាតិ និងអន្តរជាតិ។» លោកបន្ថែមថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា កិច្ចសហការនេះនឹងរួមចំណែកជួយឱ្យយុវជនក៏ដូចជាក្រុមគ្រួសារជាច្រើនក្នុងប្រទេសកម្ពុជាអាចរស់នៅបានដោយភាពរីករាយតាមរយៈការថែទាំសុខភាពឱ្យបានល្អ ជាពិសេសដើម្បបង្ការខ្លួនពីជំងឺមហារីក និងការចេះរៀបចំផែនការហិរញ្ញវត្ថុត្រឹមត្រូវក្នុងក្រុមគ្រួសារដើម្បីត្រៀមខ្លួនក្នុងករណីមានជំងឺនេះកើតឡើង។»
គួរបញ្ជាក់ផងដែរថា ការចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ដោយមានការអញ្ជើញចូលរួមពីប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សមាជិកនៃគណៈគ្រប់គ្រងរបស់ FWD Cambodia រួមទាំងសាស្រ្តាចារ្យ និងនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ផងដែរ។
អាសយដ្ឋានទំនាក់ទំនងសម្រាប់សារព័ត៌មាន៖
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍
លោក នូ វិរៈ ០៨១ ២៥ ៩៥ ៩៤ |
ក្រុមហ៊ុន FWD Cambodia
លោក តារា សៅយុទ្ធនា ០១១ ៧៥៩ ៩៦៤ |