en     km
en     km

អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ពីតម្រូវការខុសគ្នា រវាងការបោះឆ្នោតថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ

Share

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ពីតម្រូវការខុសគ្នារវាងការបោះឆ្នោតឃុំ-សង្កាត់ ការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតថ្នាក់ជាតិ ឬតំណាងរាស្ដ្រ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍​៖

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ពីតម្រូវការខុសគ្នារវាងការបោះឆ្នោតឃុំ-សង្កាត់ ការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតថ្នាក់ជាតិ ឬតំណាងរាស្ដ្រ។លោកបានលើកឡើងក្នុងថ្ងៃចាប់លេខរៀងគណបក្សថា ការអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំ២០២២ និងការបោះឆ្នោតក្រុមប្រឹក្សាស្រុកកាលពីពេលកន្លងទៅថ្មីៗនេះ ដោយ​សម្រេច​ឱ្យ​ប្រើ​តែ​ឯកសារ​កូពី​​នៃ​ប្រកាស​ស្តីពី​ការចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅក្រសួងមហាផ្ទៃ​មិន​ចាំបាច់​ធ្វើ​នីត្យានុកូលកម្ម ដោយសារនោះជាការបោះឆ្នោតថ្នាក់ក្រោមជាតិ។

ដោយឡែកសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ឬតំណាងរាស្ដ្រ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ត្រូវការឯកសារដើម យកទៅធ្វើនីត្យានុកូលកម្ម ហើយការធ្វើនេះតាំងពីការបោះឆ្នោតតំណាងរាស្ដ្រឆ្នាំ២០១៨មកម្លេះ។ លោកថា ដោយសារកាលពីនិតិកាលមុនគណបក្សភ្លើងទៀនមិនបានចូលរួមទើបមានការឆកល្វែងបែបនេះ។

សូមជម្រាបថា ដោយសារខ្វះឯកសារដើមយកទៅចម្លងនិងធ្វើនីត្យានុកូលកម្ម គ.ជ.បបានសម្រេចឱ្យគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនអាចចូលរួមធ្វើការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឡើយ។

គណបក្សភ្លើងទៀនបានព្យាយាមធ្វើសកម្មភាពជាច្រើនដើម្បីចូលរួមការបោះឆ្នោត តែជាលទ្ធផលចុងក្រោយ ក្រុមប្រឹក្សាធម្មនុញ្ញនៅតែមិនអនុញ្ញាតឱ្យបក្សនេះចូលរួមដដែល។ គណបក្សភ្លើងទៀនថែមទាំងរងការចោទពីប្រមុខរាជរដ្ឋាភិបាលថា មានអ្នកលួចលាក់ឯកសារដើមមិនចូលរួមដំណើរការឆ្នោត  ដើម្បីឱ្យបរទេសដាក់សម្ពាធមកលើកម្ពុជា។តែទោះជាយ៉ាងណានៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀនបានចេញមុខប្រកាសយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ៕

Share

ព័ត៌មានទាក់ទង

Image