អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ (UN ) ប្រចាំនៅកម្ពុជា លោក ចូសិប ស៊ូអើ បានថ្លែងថា អង្គការសហប្រជាជាតិ ពិតជាមានសេចក្តីត្រេកអរយ៉ាងខ្លាំងក្រោយឃើញនារីកម្ពុជាកាន់តែច្រើន ចូលរួមជាកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។តំណាងUNរូបនេះបានហៅការចូលរួមរបស់ស្រ្តីកាន់តែច្រើនបែបនេះ ថាជាការរក្សាសន្តិភាពកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ថ្លែងក្នុងពិធី«ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ International Day of UN Peacekeepers»នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធ កម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិតក្នុងតំបន់បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ លោក ចូសិប ស៊ូអើ បានលើកឡើងថា លោកពិតជាមានសេចក្តីត្រេកអរចំពោះនារី ដែលបានចូលរួមជា កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ។
លោកបន្តថា កម្លាំងរក្សាសន្តិភាពជាស្រ្តីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តការ រក្សាសន្តិភាពជារួម មានសិទ្ធិចូលរួមក្នុងសហគមន៍កាន់តែច្រើន ជួយលើកកម្ពស់សិទ្ធិមនុស្ស និងការពារជន ស៊ីវិល ព្រមទាំងលើកទឹកចិត្តស្រ្តីឲ្យក្លាយជាផ្នែកមួយដ៏មានអត្ថន័យនៃដំណើរការសន្តិភាព និងនយោបាយជាដើម។
សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានលើកឡើងថា ការបញ្ជួនស្រ្តីកម្ពុជាទៅបំពេញបេសកកម្មកាន់តែច្រើននៅក្រៅប្រទេសនេះ ជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា និងគ្មានថ្ងៃងាករ៉េក្នុងការជំរុញបង្កើនការប្រើប្រាស់កម្លាំងនារី«យេនឌ័រ» ឲ្យបាន២៥ភាគរយនៅគ្រប់បេសកកម្មរក្សាសន្តិភាពទំាងក្នុងកង និងនៅទីបញ្ជាការ។
សូមបញ្ជាក់ថា តាំងពីឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០២៣នេះ កម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ក្នុងនោះនារី ចំនួន៦៨១នាក់ បានចេញបំពេញបេសកកម្មក្នុងប្រទេសចំនួន៩ហើយ បន្ទាប់ពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ។ ប្រទេសដែលបានចូលរួមបំពេញបេសកកម្មនោះរួមមាន៖ប្រទេសសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស និងយេមែនជាដើម។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី។
នៅក្នុងឱកាសប្រារព្ឋទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិលើកទី៧៥នេះដែរ សម្តេច ទៀ បាញ់ ក៏បានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានស្ម័គ្រចិត្តលះបង់កូនចៅ ប្តីសី ឲ្យបំពេញការងាររក្សាសន្តិភាព ដើម្បីចូលរួមបំពេញបេសកកម្មរបស់ អង្គការសហប្រជាជាតិនេះដែរ៕