en     km
en     km

ក្រសួងសុខាភិបាលកម្ពុជារំលឹកឱ្យប្រុងប្រយ័ត្នកូវីដ១៩ ខណៈមន្ទីរពេទ្យមួយនៅថៃអស់គ្រែដាក់អ្នកឆ្លងមេរោគនេះ

Share

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសភ្លាមៗ ឱ្យប្រុងប្រយ័ត្នអំពីការឆ្លងជាថ្មីនូវជំងឺកូវីដ១៩ ខណៈប្រទេសជិតខាងកម្ពុជាប្រកាសថា មន្ទីរពេទ្យមួយសម្រាប់ព្យាបាលកូវីដ១៩នៅថៃ មិនអាចទទួលយកអ្នកជំងឺទៀតទេ ដោយសារគ្រែដាក់អ្នកជំងឺពេញអស់។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីក្រើនរំលឹកសារជាថ្មីឱ្យប្រុងប្រយ័ត្នអំពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ដោយបញ្ជាក់ថា នៅប្រទេសថៃមានករណីឆ្លងរហូតដល់មន្ទីពេទ្យមួយកន្លែងគ្មានគ្រែសម្រាប់ដាក់អ្នកជំងឺទៀតនោះឡើយ។


ក្រសួងរំលេចថា បណ្ដាប្រទេសជិតខាង និងនៅលើសាកលលោកមានការកើនឡើងនូវករណីឆ្លងជាសញ្ញាបង្ហាញថា វីរុសកូវីដ១៩ មិនទាន់ទៅណាឆ្ងាយនោះទេ។ នៅកម្ពុជាក៏មានការឆ្លងឡើងវិញបន្ដិចបន្តួចផងដែរ ចាប់ពីថ្ងៃទី៥ ខែឧសភា មក។
បើតាមរបាយការណ៍ឆ្លងប្រចាំថ្ងៃពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភាមានការឆ្លងដល់ទៅ១០ ករណី ដែលជាចំនួនច្រើនជាងគេ បន្ទាប់ពីការឆ្លងបានបាត់សូន្យក្នុងរយៈពេលយ៉ាងយូរ ។
តាមក្រសួងសុខាភិបាលកម្ពុជាដដែលថា វីរុសកូវីដ១៩ ពពួកអូមីក្រុង XBB.1.5 បានវាយលុកប្រទេសថៃរហូតដល់មន្ទីរពេទ្យឈ្មោះថា Siriraj Piyamaharajkarun មិនមានគ្រែសម្រាប់ដាក់អ្នកជំងីកូវីដ១៩ ទៀតទេ ដោយគ្រែទុកសម្រាប់តែអ្នកជំងឺធ្ងន់ធ្ងរ។
វីរុសកូវីដ១៩ ពពួកអូមីក្រុង ប្រភេទ XBB.1.5 ត្រូវបានអង្គការសុខភាពពិភពលោកលើកឡើងកាលពីដើមឆ្នាំ២០២៣ថា អាចជួយជំរុញឲ្យមានករណីឆ្លងរាលដាលកើនឡើង។
ផ្អែកតាមសារព័ត៌មានអន្ដរជាតិ Bangkok Post បានស្រង់សម្ដីប្រធានផ្នែកជំងឺផ្លូវដង្ហើម និងរបេងនៃមន្ទីរពេទ្យ Siriraj ថានៅក្នុងប្រទេសថៃមានករណីឆ្លងតាំងពីខែមេសាមកម្លេះ តែក៏បានព្យាករណ៍ថា នឹងថយចុះទៅវិញបន្ទាប់ពីសង្ក្រាន្ដឆ្នាំថ្មី។
មួយទៀតដែរ ដោយសារការបោះឆ្នោតនៅដើមខែឧសភា ឆ្នាំ២០២៣នេះ បានធ្វើឱ្យប្រជាពលរដ្ឋថៃធ្វើដំណើរទៅកាន់ស្រុកកំណើត និងធ្វើទេសចរណ៍ កត្តានេះបណ្ដាលឱ្យជំងឺកូវីដ១៩ បានកើនឡើងជាបន្ដបន្ទាប់។


យោងតាមនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងថៃ បញ្ជាក់ថា ជាមធ្យមមានអ្នកឆ្លងចំនួន ២៦៣២ នាក់ក្នុងមួយថ្ងៃ កាលពីចន្លោះថ្ងៃទី១៤-២០ ខែឧសភា ឆ្នាំ២០២៣។ ប្រជាជនដែលឆ្លងភាគច្រើនមានអាយុ៦០ឆ្នាំ ឬលើសពីនេះ និងស្ដ្រីមានផ្ទៃពោះ ដែលមិនបានទទួលវ៉ាក់សាំងរយៈជាយូរ។
អង្គការសុខភាពពិភពលោក WHO ប្រកាសថា កូវីដ១៩ នៅជាបញ្ហាសុខភាពដែលបានកើតឡើង ហើយ មិនមែនជាកង្វល់អន្ដរជាតិទៀតទេ។ WHOបន្ថែមថា ប្រជាជនទូទៅលើសាកលលោក និងតំបន់ ហាក់ដូចជាមានការធ្វែសប្រហែសខ្លះៗផង សន្ដិភាពនិយមខ្លះៗផង និងមិនទៅចាក់វ៉ាក់សាំងដូសជំរុញភាពសុំាផង ធ្វើឱ្យវីរុសនេះ មានឱកាសវ៉ៃលុកឡើងវិញបាន។
WHO បន្ថែមថា ខ្លួនមិនដឹងថានឹងមានការបំប្លែងវីរុសកូវីដ១៩ថ្មី ដល់កម្រិតណាទេ ដោយវីរុសចេះបំប្លែងខ្លួន ។ ដូច្នេះហើយបើវីរុសទៅចាប់ដៃជាមួយមេរោគផ្សេងទៀត នោះនឹងក្លាយជាមេរោគថ្មីស្រឡាងមួយទៀត ដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងមុនៗ។ តើពិភពលោកនឹងអាចកើតទៅជាវិបត្តិធ្ងន់ធ្ងរទៀតដែរទេ? នេះជាការលើកឡើងពីអង្គការសុខភាពពិភពលោក។


យ៉ាងណាកាលពីពេលកន្លងទៅមានការលើកឡើងថា យុវវ័យដែលមានសុខភាពល្អ មិនបាច់ទទួលវ៉ាក់សាំងដូសជំរុញទី៣ ទី៤ ទី៥ ទី៦ អីនោះទេ ព្រោះវ៉ាក់សាំងមានអត្ថប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុត។ ប៉ុន្តែព័ត៌មាននេះត្រូវបានក្រសួងសុខាភិបាលកម្ពុជាបានច្រានចោលទាំងស្រុង និងប្រតិកម្មថាការផ្សាយនេះមានការបកស្រាយខុសពីបច្ចេកទេស ហើយមានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជា។
ទាំងក្រសួងសុខាភិបាល ទាំងអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យបន្ដការពារ និងរៀនរស់ជាមួយវត្តមាននៃមេរោគទាំងឡាយដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ បន្ដថែរក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែង៕

Share

Image
Image
Image