en     km
en     km

អ្នកវិភាគ៖មន្រ្តីបក្សភ្លើងទៀនគួរប្ដឹង គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញករណីមិនទទួលស្គាល់បក្សជាគណបក្សនយោបាយស្របច្បាប់

Share

ភ្នំពេញ៖ គណបក្សភ្លើងទៀនសម្រេចតតាំងតាមផ្លូវច្បាប់បន្តដើម្បីឱ្យក្រសួងមហាផ្ទៃផ្ដល់នីត្យានុកូលកម្មលើលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ សង្គមស៊ីវិលដែលធ្វើការលើកការបោះឆ្នោត និងអ្នកវិភាគយល់ថា ការងាកមកប្ដឹងក្រសួងមហាផ្ទៃក្រោយការប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញមិនបានជោគជ័យនេះ គឺហួសពេលទៅហើយ។ ប៉ុន្តែអ្នកវិភាគយល់ថា គណបក្សភ្លើងទៀន គួរប្ដឹងលើករណីដែល គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ មិនទទួលស្គាល់គណបក្សភ្លើងទៀន ជាគណបក្សនយោបាយស្របច្បាប់វិញទើបជាការប្រសើរ។

លោក គីម ចាន់ចាវ រាយការណ៍

 

លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(NICFEC) យល់ថា ការណ៍ដែលគណបក្សភ្លើងទៀនសម្រេចតតាំងតាមផ្លូវច្បាប់ ដើម្បីឱ្យក្រសួងមហាផ្ទៃផ្ដល់នីត្យានុកូលកម្មលើលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅពេលនេះ ហាក់ដូចជាហួសពេលត្បិតអីរយៈពេលតវ៉ាមានការកំណត់។

 

«ខ្ញុំមើលទៅវាដូចហួសពេលហា៎ ព្រោះអីក្រុមប្រឹក្សាធម្មនុញ្ញសម្រេចហើយអីហើយ ភ្លើងទៀនទើបឱ្យមេធាវីទៅសើរើអាសំណុំឯកសារដែលនៅក្រសួងណា៎លោក។ ហើយខ្ញុំខ្លាចវាហួសDATELINE អាCalendar បោះឆ្នោតវាហួសគេអត់ទទួល ទោះមានទោះបានក៏ដោយហា៎ ព្រោះពីមុនមកគាត់អត់រៀបចំ វាមានពេលកំណត់វានោះ»។

 

សម្រាប់គណបក្សភ្លើងទៀន មានតែលិខិតចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃតែ ដែលជាឯកសារចម្បងអាចឱ្យគណបក្សមួយនេះចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិខាងមុខបាន។

សម្រាប់លោក ឯម វណ្ណរ៉ា អ្នកវិភាគនយោបាយនៅកម្ពុជា ក៏យល់ដូចលោក សំ គន្ធាមី ដែរដែលថា វិធីសាស្រ្តរបស់មន្រ្តីបក្សភ្លើងទៀនដែលចង់បន្តប្តឹងទៅក្រសួងមហាផ្ទៃហាក់ហួសពេលបន្តិច។ ប៉ុន្តែយ៉ាងណាអ្នកវិភាគរូបនេះ យល់ថាក្នុងបរិបទពេលនេះ គណបក្សភ្លើងទៀន គួរប្ដឹងផ្ដល់លើករណីដែល គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ មិនទទួលស្គាល់គណបក្សភ្លើងទៀនដែលជាគណបក្សនយោបាយស្របច្បាប់ទើបជាការប្រសើរ។

«ប្ដឹងជានីតិវិធីមួយគ្រាន់ប្ដឹងឯកសារហ្នឹងមកទេ… ដោយហេតុថាគណបក្សភ្លើងទៀនអាចធ្វើទៅតាមច្បាប់ទាមទារឯកសារដើម ដើម្បីយកមកប្រើប្រាស់ទៅថ្ងៃអនាគត់ទៀត ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គណបក្សភ្លើងទៀន អាចធ្វើបាន អាចធ្វើបញ្ជាក់ថា អ្វីដែលក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សភ្លើងទៀន ជាអ្នកបក្សស្របច្បាប់ពេញលេញតាមច្បាប់ហើយ ហើយគណៈកម្មាធិការជាតិ(គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញមិនទទួលស្គាល់ ឬការណ៍ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនយកជាការនៃការចុះបញ្ជីហ្នឹង វាមិនស្របតាមគោលការណ៍ច្បាប់ ជារឿងដែលសំខាន់ដែលគណបក្សភ្លើងទៀនអាចធ្វើបានណា៎»។

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ នឹងបានរៀបចំរួចរាល់នូវលេខរៀងគណបក្សឈរឈ្មោះផ្លូវការទាំង១៨ ដោយមិនមានវត្តមានគណបក្សភ្លើងទៀនឡើយ។

 

ពាក់ព័ន្ធនឹងអវត្តមានគណបក្សភ្លើងទៀននេះ ប្រទេសលោកមួយចំនួនដូចជាអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី និងបារំាងជាដើម ក៏បានចេញសាររិះគន់ពីការបាត់បង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក ឯម សុវណ្ណរ៉ា យល់ថា ដើម្បីឱ្យមានភាពសេរី និងយុត្តិធម៌ស្របតាមលទ្ធិប្រជាធិបតេយ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរធ្វើយ៉ាងណាឱ្យមតិជាតិ និងអន្តរជាតិផ្ដល់តម្លៃជាអាជ្ញាកណ្ដាលឱ្យពិតប្រាកដ។ ការចាប់ឃុំអ្នកនយោបាយគួរតែសម្រួលឱ្យមានភាពប្រក្រតីឡើងវិញ។

 

«ប្រសិនបើនៅតែ ស្ថានភាពនៅតែរឹតត្បិត ឬក៏លំបាកទៅដល់អ្នកនយោបាយ ឬក៏សកម្មជនសង្គមធ្វើសកម្មភាពបញ្ចេញមតិតាមខ្លឹមសារគោលការណ៍ច្បាប់ទេ ខ្ញុំគិតថាជាបញ្ហាប្រឈមហើយវាមិនអាច ផ្ដល់អំណោយផលដល់ស្ថានភាពប្រជាធិបតេយ្យ និងធ្វើឱ្យសហគមន៍អន្តរជាតិជឿជាក់លើដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានទេ»។

 

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន អះអាងថា បើមានដំណោះស្រាយណាមួយអាចឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតបាន នោះបក្សនឹងអាចធ្វើការប្រកួតប្រជែងមួយដ៏ស្មើភាពក្នុងការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យពិតប្រាកដ។

 

 

«ទោះបីក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ ហើយក៏ដោយ បើមានដំណោះស្រាយនយោបាយយើងសប្បាយចិត្ត ពីព្រោះយើងបានចូលរួមតំណាងឱ្យប្រជាពលរដ្ឋជិត២លាននាក់ នៅក្នុងការប្រកួតប្រជែងមួយតាមបែបប្រជាធិបតេយ្យ»។

 

លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា ការបោះឆ្នោតដោយសេរីត្រឹមត្រូវ មិនអាស្រ័យលើគណបក្សនយោបាយ ឬគណបក្សភ្លើងទៀនចូលរួមឡើយ។ លោករំពឹងថា ការបោះឆ្នោតថ្នាក់ជាតិ២០២៣ខាងមុននេះ នឹងមានពលរដ្ឋចូលរួមបោះឆ្នោតច្រើន។

«ប្រជាជនកម្ពុជាលោកយល់ពីសភាពការណ៍ពិតនៅកម្ពុជា ចឹងប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងអញ្ជើញទៅបំពេញករណីកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋដែលមានការយល់ដឹង»។

 

ទោះយ៉ាងណាលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានចាត់ទុកអវត្តមានគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដាខាងមុខនេះ នឹងរុញច្រានឱ្យរាស្ត្រលែងខ្វល់រឿងនយោបាយ ដែលជាបញ្ហាប្រឈមដ៏អភ័ព្វដល់ប្រទេសជាតិ៕

Share

Image
Image
Image