en     km
en     km

តើការងាកចុះចូលបក្សកាន់អំណាចដោយសារប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបម្រើសង្គមជាតិ?

Share

នៅពេលមាននិន្នាការនៃការចុះចូលគណបក្សកាន់អំណាចកំពុងតែកើតមានឡើង អ្នកវិភាគ និងអ្នកនយោបាយមួយចំនួន ចាត់ទុកថាការសម្រេចនេះគឺជាសិទ្ធិបុគ្គលរៀងៗខ្លួន។ ទោះយ៉ាងណាការចុះចូលនេះបានធ្វើឱ្យគណបក្សក្រៅរដ្ឋាភិបាលចុះទ្រុឌទ្រោម ហើយអ្នកចុះចូលទាំងនោះសុទ្ធតែមានផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកមន្ត្រីបក្សកាន់អំណាចអះអាងថា គណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់ យុវជន និងមន្ត្រីដែលចុះចូលទាំងនោះទៅតាមជំនាញសមត្ថភាព និងគុណសម្បត្តិរបស់បុគ្គលម្នាក់ៗ ដោយមិនប្រកាន់អតីតកាលដែលពួកគេធ្លាប់រិះគន់ឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញអ្នកដែលធ្លាប់រិះគន់បក្សកាន់អំណាចមួយចំនួន កំពុងតែមាននិន្នាការងាកមកចុះចូលជាមួយគណបក្សកាន់អំណាចច្រើនករណីគួរឱ្យកត់សម្គាល់។ ថ្មីៗនេះសកម្មជនបក្សប្រឆំាងដែលធ្លាប់ជាប់ពន្ធនាគារមានដូចជា លោក យឹម ស៊ីណន លោក ហ៊ុន កុសល និងលោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ប្រចាំខែត្រតាកែវ និងមន្ត្រីបក្សប្រឆាំងមួយចំនួនទៀត ដូចជាលោក យ៉ង សាំងកុមារ លោកសាម អ៊ីន ជាដើម ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយទទួលបានតំណែងក្នុងជួររដ្ឋាភិបាល។ បន្ថែមពីនេះក្រុមយុវជនសង្គមមួយចំនួន បានប្ដូរទស្សនៈរបស់ខ្លួន ទៅគាំទ្ររដ្ឋាភិបាល។ ចំណែកថ្មីៗនេះ ប្រធានអង្គការសង្គមស៊ីវិលដែលធ្លាប់រិះគន់បញ្ហាតម្លាភាពនៅកម្ពុជា គឺលោក ព្រាប កុល ក៏បានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចផងដែរ។

លើបញ្ហានេះ លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានចាត់ទុកការចុះចូលជាមួយគណបក្សកាន់អំណាច ពីសំណាក់មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលមួយចំនួនដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាទទួលបានតំណែងនិងតួនាទីជាដើម។ លោកថា ចរន្តចុះចូលនារយៈពេលចុងក្រោយនេះ អាចជាកត្តារារាំងដល់ប្រជាធិបតេយ្យនៅកម្ពុជា ត្បិតការប្រកួតប្រជែងអំណាចពេលនេះកំពុងបាត់បង់តុល្យភាព។

«ទោះតិចឬច្រើនបុគ្គលទាំងអស់ចាកចេញពីគណបក្សក្រៅរដ្ឋាភិបាល ឬពីសង្គមស៊ីវលដើម្បីចូលរួមជាមួយគណបក្សកាន់អំណាចសុទ្ធតែមានផលប្រយោជន៍ផ្ទាល់ខ្លួន តិចឬច្រើន។ …ព្រោះអ្នកខ្លះដើម្បីរួចពីការឃុំឃាំង ក៏សុំទោសហើយចូលជាមួយគណបក្សប្រជាជន ដើម្បីបានតួនាទីផង រួចខ្លួនពីការឃុំឃាំងផង»…។

ចំណែកលោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយនៅកម្ពុជា បានសាទរចំពោះអ្នកនយោបាយ យុវជនសង្គម និងមន្ត្រីសង្គមស៊ីវិល ដែលចុះចូលទាំងនោះ ប្រសិនបើពួកគេមានទស្សនៈវិជ្ជមានក្នុងការកសាងសង្គម ប៉ុន្តែបើក្រុមយុវជននោះចុះចូលដើម្បីគ្រាន់តែបម្រើឥទ្ធិពលនិន្នាការនយោបាយទេ នឹងមិនអាចជួយសង្គមបានឡើយ តែផ្ទុយទៅវិញគឺបង្កការបែកបាក់សង្គម។ យ៉ាងណាលោក បានចោទជាសំណួរថា ការសម្រេចចុះចូលនេះ ដោយសារតែសកម្មភាពដែលខ្លួនបានធ្វើកន្លងមកខុសឬយ៉ាងណា?

«មានន័យថាម៉េចទទួលស្គាល់កំហុសខ្លួនឯងធ្វើពីមុនខុសឬយ៉ាងម៉េច?…ក៏ប៉ុន្តែខ្ញុំមិនរិះគន់ ឬទោមនស្សជាមួយយុវជនដែលចូលរួមការងារជាមួយរដ្ឋាភិបាលទេ ខ្ញុំមានតែសាទរបើសិនគាត់អាចសម្រេចនូវគោលដៅបំណងដែលគាត់ចង់បានណា៎។ សម្រាប់ខ្ញុំៗមិនគាំទ្រការយកក្រុមយុវជនមកប្រឈម ឬវាយប្រហារក្រុមយុវជនដដែលទេ។ តែបើអ្នកទាំងអស់មានទស្សនៈវិជ្ជមានក្នុងការកសាងសង្គមវាជារឿងល្អ សម្រាប់ពលទូទៅ តែបើយុវជននោះគ្រាន់តែបម្រើនៅក្នុងឥទ្ធិពលនយោបាយ វាមិនអាចជួយសង្គមអីបានទេ វាមានតែដុះនូវរូបភាបមិនល្អនៃការបែកបាក់សង្គម…។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបើកទ្វារស្វាគមន៍គ្រប់អ្នកចុះចូលលើកលែងតែលោក សម រង្ស៊ី អះអាងថា គណបក្សរបស់លោក មិនប្រកាន់អតីតកាលដែលពួកគេធ្លាប់រិះគន់គណបក្សលោកក៏ដោយ ដោយយកពួកគេប្រើប្រាស់តាមសមត្ថភាពរបស់បុគ្គលនីមួយៗ។

«គោលបំណង និងសំណូមពរគណបក្សប្រជាជនគឺប្រមូលគ្រប់កម្លាំងនយោបាយទាំងអស់ដើម្បីរួមគ្នា កសាងការពារមាតុភូមិ អភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនហើយ ប្រើប្រាស់ទៅតាមលទ្ធភាព សមត្ថភាព និងគុណសម្បត្តិរបស់បុគ្គលម្នាក់ៗ។…យើងមិនមែនថាយកមកវាអត់ប្រយោជន៍ទេ អ្នកវៀចយកមធ្វើកង់ អ្នកត្រង់យកធ្វើកាំទៅ..»។

ទោះជាយល់ថា ការចុះចូលធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនក្ដីប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្នមិនស្ដីបន្ទោសចំពោះអ្នកចុះចូលនេះឡើយ។

«ខ្ញុំមិនបន្ទោសទេដោយសារការតស៊ូរបស់លោកមួយចំនួនមិនបានផលផ្ទាល់ខ្លួនកន្លងមកវាច្រើនឆ្នាំ ដូច្នេះអ្នកខ្លះក៏អស់ចិត្តនិងបក្សប្រឆាំង។ រឿងមួយទៀតដែលសំខាន់ព្រោះមនុស្សមួយចំនួនអស់ក្ដីរំពឹងរួមរស់ជាមួយគណបក្សក្រៅរដ្ឋាភិបាល…។ ហើយរូមទាំងការធ្វើទុក្ខបុកម្នេញមួយចំនួនផង ពីសិទ្ធិសេរីភាពហ្នឹង យើងឃើញមានការចាប់ចង ដាក់គុកហើយនិងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់សម្ពាធអីជាដើមហ្នឹង។…ការសម្រេចចិត្តរបស់បុគ្គលទាំងឡាយចូលជាមួយបក្សកាន់អំណាចសុទ្ធតែមានហេតុផលបែបហ្នឹងហើយ»។

យ៉ាងណា អ្នកជំនាញនយោបាយលោក ឯម សុវណ្ណរ៉ា ចង់ឃើញយុវជនកម្ពុជាដែលលោកចាត់ទុកជាតួអង្គសំខាន់ក្នុងសង្គម គួរធ្វើការឈរលើគោលការច្បាប់ និងផលប្រយោជន៍ជាតិជារួម ជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន។

«កុំឱ្យតែខ្លួនឯងបានផលប្រយោជន៍ពីអ្នកនយោបាយហើយហែកហួរគ្នាក្នុងសង្គមដែលខ្លួនឯងធ្លាប់រស់នៅ ឬបក្ខពួកដែលខ្លួនឯងធ្លាប់រាប់អាន ធ្វើការជាមួយហ្នឹង។ ខ្ញុំឃើញរូបភាពបែបហ្នឹង វាសង្គមខ្មែរកែអត់ឡើងតាំងអតីតកាលមកហ៌ ទស្សវត្ស៦០-៧០ កើតឡើងវាច្រើនទៅហើយ វានៅដុះពន្លកកាន់តែធំចឹងទេ ហើយក្នុងសង្គមប្រជាធិបតេយ្យមិនគួរដុះពន្លកចឹងទេ បារម្ភសង្គមយើងហ្នឹងអាច នៅក្នុងសង្គមប្រជាធិបតេយ្យវាមិនគួរវិវត្តន៍ទៅបែបហ្នឹងទៀតទេ។ អ្វីគួរតែគោលការណ៍ច្បាប់ ហើយច្បាប់បម្រើឱ្យសង្គមម្រើពលរដ្ឋផង មិនគួរឱ្យមានបម្រើផលប្រយោជន៍ក្រុមបក្ខពួកអ្នកនយោបាយចឹងវាមិនបានក្ដីសុខពលរដ្ឋទូទៅទេ…»។

 

ជុំវិញការរិះគន់ចំពោះក្រុមដែលចុះចូលនេះ កន្លងសម្តេច ហ៊ុន សែន ប្រមុខបក្សកាន់អំណាច ក៏ធ្លាប់ប្រតិកម្មផងដែរ ដោយអះអាងថាអ្នកចុះចូលទាំងនោះ បានដឹងច្បាស់ថា ពួកគេកន្លងមកបានគាំទ្របក្សប្រឆាំងតែមិនបានលទ្ធផល ហើយមួយចំនួនទទួលបានការបណ្ដុះបណ្ដាលបដិវត្តពណ៌នៅអាមេរិក ដែលមិនអាចឱ្យពួកគេរួមរស់ជាមួយបាន ទើបងាកមកគាំទ្ររដ្ឋាភិបាលវិញ៕

Share

Image
Image
Image