en     km
en     km

មន្ត្រីនាំពាក្យCPPតបទៅការរិះគន់ថានាយករដ្ឋមន្រ្តី«ចង់រករឿងលោក រ៉ុង ឈុន មិនឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ»

Share

លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការរិះគន់របស់លោក សម រង្ស៊ី ដែលលើកឡើងថា សម្តេច ហ៊ុន សែន ថា «មានបំណងរករឿងលោក រ៉ុង ឈុន មិនឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ» គឺជាការលើកឡើងដែលមិនស្របនឹងភាពជាក់ស្ដែងនៅកម្ពុជាទេ។ ទោះយ៉ាងណា លោក រ៉ុង ឈុន អះអាងថា ប្រសិនបើសម្តេចហ៊ុន សែន បើកចិត្តឱ្យលោកចូលរួមប្រកួតប្រជែង លោកនឹងទទួលបានការគាំទ្រច្រើននៅមណ្ឌលខេត្តកណ្ដាល។ លោក គីម ចាន់ចាវ រាយការណ៍

ការឆ្លើយតបបែបនេះរបស់លោក សុខ ឥសាន បន្ទាប់ពីលោក សម រង្ស៊ី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះសារលើបណ្ដាញសង្គមថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានបំណងរករឿងលោក រ៉ុង ឈុន មិនឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ។ លោក សម រង្ស៊ី សរសេរថា«បន្តិចទៀតនេះ ហ៊ុន សែន នឹងប្រើតុលាការ និង គ.ជ.ប. ក្រោមបញ្ជាឲ្យរារាំងលោក រ៉ុង ឈុន មិនឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ»លោក សម រង្ស៊ី អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិបន្ថែមថា៖សម្តេច ហ៊ុន សែន ខ្លាចលោក រ៉ុង ឈុន ដែលនឹងឈរឈ្មោះ នៅខេត្តកណ្តាលដូចគ្នា ដែលអាចលោក រ៉ុង ឈុន មានប្រជាប្រិយភាពខ្ពស់ជាងឆ្ងាយ ជាពិសេសក្នុងចំណោមកម្មករ មន្ត្រីរាជការ និងគ្រូបង្រៀន។លោក សម រង្ស៊ី បន្តទៀតថា លោក រ៉ុង ឈុន ធ្លាប់ធ្វើជាប្រធានសហព័ន្ធសហជីពកម្ពុជា ហើយបានចេញមុខការពារបូរណភាពទឹកដីប្រទេសកម្ពុជា»។

ទាក់ទងក្នុងរឿងនេះ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការរិះគន់របស់លោក សម រង្ស៊ី គឺជាការលើកឡើងដែលមិនស្របនឹងភាពជាក់ស្ដែងនៅកម្ពុជា ប៉ុន្តែតាមរយៈបទសម្ភាសជាមួយវិទ្យុស្ត្រីនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោកកត់សម្គាល់ថា ក្រុមប្រឆាំងតែងតែព្យា យាមវាយប្រហារលើគណបក្សកាន់អំណាច ជាពិសេសលើសម្តេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សកាន់អំណាច។

«វាមិនមានជាការពិតទេ វាផ្ទុយពីការពិត ពីព្រោះថា ការណ៍ដែលរ៉ុងឈុន អាចឈរឈ្មោះបាន ឬមិនអាចឈរឈ្មោះបាន លក្ខណៈសម្បត្តិផ្ទាល់ខ្លួនរបស់រ៉ុង ឈុន ប៉ុណ្ណោះទេបាទ។ មិនមានអ្នកណាហាមឃាត់ ឬមួយរំលោភបំពារបំពានលើសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋរបស់រ៉ុង ឈុនទេ»។

ទោះយ៉ាណា លោក រ៉ុង ឈុន មិនបានឆ្លើយតបយ៉ាងណទេជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ។

«ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ជាសិទ្ធិសេរីភាពរបស់គាត់ ហើយខ្ញុំមិនអាចទៅធ្វើការបកស្រាយចំពោះអ្វីដែលោកបានលើកឡើងនោះទេ បាទ»។

ទោះជាបែបនេះក្ដី លោក រ៉ុង ឈុន ដែលធ្លាប់ជាប្រធានសមគមន៍គ្រូបង្រៀន ដែលបានចូលរួមកិច្ចសង្គមជាច្រើនបានបង្ហាញក្ដីរំពឹងថា ប្រសិនបើសម្តេច ហ៊ុន សែន បើកចិត្តឱ្យលោកចូលរួមប្រកួតប្រជែងឈរឈ្មោះបោះឆ្នោតនៅខែកក្កដាខាងមុខនេះ លោកនឹងទទួលបានការគាំទ្រច្រើននៅមណ្ឌលខេត្តកណ្ដាល ដែលត្រូវប្រកួតជាមួយសម្តេច ហ៊ុន សែន។

សូមរំលឹកជូនថា លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ក្រោយពីលោកបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឲ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។ យ៉ាងណា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចាត់ទុកថា ការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្ត សាធារណៈមតិជាតិ និងអន្តរជាតិ ដោយតាមរយៈការចោទមកលើការងារព្រំដែនរបស់រដ្ឋាភិបាល៕

Share

Image
Image
Image