en     km
en     km

អាជ្ញាធរខេត្តកណ្ដាល បញ្ជាក់ពីមូលហេតុដែលធ្វើឱ្យបាក់ច្រាំងទន្លេ ប៉ះពាល់ផ្ទះពលរដ្ឋ នៅស្រុកស្អាង

Share

អាជ្ញាធរបានបញ្ជាក់ថា ករណីបាក់ច្រាំងទន្លេត្រង់ចំណុចផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មិនបានបង្កផលប៉ះពាល់ដល់អាយុអាជីវិតពលរដ្ឋណាម្នាក់ទេ តែបានប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤០ខ្នងផ្ទះ។ លោកអភិបាលរងខេត្តកណ្ដាល បានប្រាប់ពីមូលហេតុនៃការបាក់ច្រាំងទន្លេនេះថាដោយសារ ទឹកទន្លេបានស្រកចុះទើបបណ្ដាលឱ្យមានការទាញដី ដែលធ្វើឱ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅលើច្រាំងទន្លេ។ លោក គីម ចាន់ចាវ រាយការណ៍

 

លោក ហាក់ សុខមករា អភិបាលរងខេត្ត ដែលបានដឹកនាំកងកម្លាំងទាំង០៣ប្រភេទ រួមជាមួយអាជ្ញាធរស្រុកស្អាង និងក្រុមការងាររុករក និងសង្គ្រោះរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេបាសាក់ និងអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ កាលពីថ្ងៃទី២៤ ខែមេសា បានឱ្យដឹងថា ការបាក់ច្រាំងទន្លេបាសាក់ ស្ថិតនៅផ្សារស្អាងខាងជើងនេះ បានបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នងផ្ទះ ស្មើនឹង២១ គ្រួសារ រងផលប៉ះពាល់ ក្នុងនោះផ្ទះដែលរលំទាំងស្រុងមានចំនួន ០២ខ្នងផ្ទះ ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ និងផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ។ ក៏ប៉ុន្តែក្នុងហេតុការណ៍បាក់ស្រុតច្រាំងនេះដែរមិនបណ្ដាលឱ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ។

លោកអភិបាលរងខេត្តរូបនេះចាត់ទុក ការបាក់ស្រុតច្រាំងទន្លេបាសាក់នេះ បណ្ដាលមកពីទឹកទន្លេបានស្រកចុះទើបបណ្ដាលឱ្យមានការទាញដី ដែលធ្វើឱ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅលើច្រាំងទន្លេ។ ហើយទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំង ដែលជាហេតុធ្វើឱ្យមានការបាក់ស្រុតជាជម្រាកៗ។

ជុំវិញករណីនេះដែរ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានបង្ហាញនូវសេចក្ដីសន្និដ្ឋានដោយបានបញ្ជាក់ថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងជាក់ស្ដែង និងបានវាយតម្លៃថា ស្ថានភាពដីមានភាពមិនប្រក្រតី ធ្វើឱ្យសំណង់លំនៅដ្ឋាននៅតែបន្តបាក់(ស្ថានភាពដីបានស៊ីរូងផ្នែកខាងក្រោមនៃសំណង់លំនៅដ្ឋាន)។ ចំពោះផ្ទះរបស់ប្រជាពលរដ្ឋដែលនៅអមនឹងច្រាំងទន្លេបាសាក់បានបាក់ស្រុតនេះ សុទ្ធសឹងតែជាប្រភេទផ្ទះអ្នកលក់ដូរ និងប្រកបអាជីវកម្មផ្សេងៗ។ ក្នុងករណីដែលការបាក់ស្រុតនៅតែបន្តកើតមាន ប្រជាពលរដ្ឋមិនអាចរស់នៅ និងបន្តការប្រកបអាជីវកម្មនៅលើទីតាំងដែលមានហានិភ័យនេះបានឡើយ ព្រោះវាអាចបង្កឱ្យកើតមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

អាជ្ញាធរខេត្តក៏បានចាត់វិធានការឆ្លើយតបបន្ទាន់ ដោយបានចុះណែនាំដល់ប្រជាពលរដ្ឋរងគ្រោះនិងទទួលរងផលប៉ះពាល់ គឺត្រូវរើសម្ភារៈ និងជញ្ជូនទ្រព្យសម្បត្តិដែលមិនទាន់បាត់បង់ចេញពីទីតាំងកើតហេតុ។ យ៉ាងណាអាជ្ញាធរក៏បានណែនាំឱ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងចាកចេញពីលំនៅដ្ឋានដែលមិនមានសុវត្ថិភាព និងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕

Share

Image
Image
Image