en     km
en     km

អ្វីជាជំងឺឆ្កែឆ្កួត? (LA RAGE DECLAREE)

Share

ជំងឺឆ្កែឆ្កួត  គឺជាជំងឺរលាកខួរក្បាលនិងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ហើយជំងឺនេះបណ្តាលឲ្យអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៧ មនុស្សនៅលើពិភពលោកប្រហែល ៥៩០០០នាក់ក្នុងមួយឆ្នាំបានស្លាប់ ដោយសារជំងឺឆ្កែឆ្កួតដែលបណ្តាលមកពីឆ្កែខាំ ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអាហ្រ្វិក។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

តាមការបង្ហាញរបស់មន្ទីរពេទ្យកាល់ម៉ែត ចំពោះមូលហេតុនៃជំងឺឆ្កែឆ្គួតនេះ គឺបណ្តាលមកពីការចម្លងវីរុសជំងឺឆ្កែឆ្កួតពីសត្វមកមនុស្ស ដោយការខាំ (morsure), ខ្វាច (griffure), លិឍលើដំបៅឬរបួស (léchage) តាមរយៈសត្វឆ្កែដែលមានផ្ទុកវីរុសឆ្កែឆ្កួត។ បន្ថែមពីនេះ ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីមនុស្សមកមនុស្សគឺជាករណីមួយកម្រមានណាស់ ប៉ុន្តែអាចឆ្លងពីម្តាយមកកូននៅពេលមានផ្ទៃពោះ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

រីឯរោគសញ្ញា (Symptômes)នៃជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំនេះ បើតាមមន្ទីរពេទ្យកាល់ម៉ែតដដែល រោគសញ្ញានៃជំងឺនេះ ចែកចេញជា២ដំណាក់កាលដូចជា ៖

ទី១រោគសញ្ញាដំបូង (Période prodromique) មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ៖ ដែលមានអាការៈដូចជា អ្នកជំងឺមានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក។ ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន ហើយមានក្អួតចង្អោរ រាគ ឈឺក្បាល វិលមុខ តប់ប្រមល់ក្នុងខ្លួន និងដេកមិនលក់ ហើយវង្វេងជាដើម។ បន្ថែមពីនេះ អ្នកជំងឺគ្មានចំណង់អាហារផងដែរ។

ចំណែកឯរោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état) គឺជាដំណាក់កាលដែលរលាកខួរក្បាលនិងខួរឆ្អឹងខ្នងដែលមានរោគសញ្ញាដូចតទៅ៖ អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន និងនៅមិនស្ងៀមមានចលនារហូត (Hyperactivité)។ រីឯរោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie)។ ហើយមានចេញទឹកមាត់ច្រើន (Hypersalivation) ចេញញើសច្រើន និងចេញនោមអត់ដឹងខ្លួន។ រោគសញ្ញាម្យ៉ាងទៀត គឺពិបាកលេបចំណីអាហារ (Dysphagie)  និងមានប្រកាច់ (convulsions) រហូតដល់សន្លប់ (Coma)។

សូមបញ្ជាក់ថា​ ចាប់ពីពេលឆ្កែខាំរហូតដល់ពេលចេញរោគសញ្ញា អ្នកជំងឺមានអាការៈប្រែប្រួលពី៧ថ្ងៃរហូតដល់លើសពី១ឆ្នាំ។​ ជាពិសេស អ្នកជំងឹនឹងស្លាប់ ជាមធ្យម៥ថ្ងៃក្រោយបន្ទប់ពីចេញរោគសញ្ញាណាមួយខាងលើនេះ។ នេះបើតាមការបញ្ជាក់ពីមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

តាមការរៀបរាប់ខាងលើ យើងបានបង្ហាញរោគសញ្ញានិងការបង្ករោគនៃជំងឺឆ្កែឆ្កួតនេះ។ តទៅយើងនឹងលើកយកនៅ វិធីសង្គ្រោះបឋម និងការព្យាបាលក្រោយពីឆ្កែខាំវិញម្តង។ តាមមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងដូចតទៅ៖

  • វិធីទី១ ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសម្អាតមុខរបួសដោយទឹកនិងសាប៊ូ ឱ្យបានមុន១៥នាទីបន្ទាប់ពីលាងសម្អាតជាមួយទឹកថ្នាំសម្លាប់មេរោគដូចជា អាល់កុល ឬអ៊ីយ៉ូត។
  • វិធីទី២ មិនត្រូវដេររបួសដែលឆ្កែខាំឡើយ។
  • វិធីទី៣ ត្រូវចាក់វ៉ាក់សាំងការពារតេតាណូស។
  • វិធីទិ៤ ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)។
  • វិធីទី៥ គឺត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត ជាការល្អត្រូវធ្វើក្នុង២៤ម៉ោងក្រោយពី ឆ្កែខាំឬប៉ះពាល់ជាមួយសត្វដែលយើងសង្ស័យថាមានផ្ទុកមេរោគឆ្កែឆ្កួត។
  • និងវិធីចុងក្រោយគឺ ជួបប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតដែលនៅជិតអ្នកបំផុត។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

បន្ថែមពីនេះ មន្ទីរពេទ្យកាល់ម៉ែត ក៏បានបង្ហាញពីវិធានការការពារជំងឺឆ្កែឆ្តួតនេះផងដែរ។ ការការពារជំងឺឆ្កែឆ្កួតនេះ គឺផ្អែកលើការចាក់ថ្នាំបង្ការ ដូចជាចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កូត ចំពោះសត្វចិញ្ចឹម(ឆ្កែ ឆ្មា ជាដើម)ឲ្យបានទៀងទាត់។ ម្យ៉ាងទៀត ត្រូវចាក់វ៉ាក់សាំងការពារជាមុន ចំពោះអ្នកដែលមានហានិភ័យខ្ពស់ចំពោះជំងឺឆ្កែឆ្កួតដូចជា៖ពេទ្យសត្វ បុគ្គលិក មន្ទីរពិសោធន៏ឯកទេស អ្នករស់ជាមួយសត្វជាដើម។ រីឯម្យ៉ាងទៀត ត្រូវជៀសវាងកុំឲ្យឆ្កែ ឬ ឆ្មាខាំ ឬលិឍលើរបួសនិងដំបៅ។ ជាពិសេសត្រូវចាក់វ៉ាក់សាំងការពារក្រោយពីឆ្កែខាំឱ្យបានលឿនបំផុត។​

ជាចុងបញ្ចប់នៃអត្ថបទនេះ មន្ទីរពេទ្យកាល់ម៉េត បានអំពាវនាដល់សាធារណេជន ឱ្យទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរណាមួយ ប្រសិនបើមានឆ្កែខាំ ឬសត្វដែលចិញ្ចឹមកូនដោយទឹកដោះនិងសត្វដែលស៊ីសាច់ជាអាហារខាំ៕

Share

Image
Image
Image