en     km
en     km

សហគមន៍ការពារព្រៃឈើ និងជលផល លើកឡើងពីបញ្ហាប្រឈម ក្នុងពេលបំពេញបេសកកម្មការងារ

Share

អ្នកសម្របសម្រួលភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលថ្នាក់ខេត្ត លោក កៅ​ វុត្ថា បានឱ្យថាគណៈកម្មការគ្រប់គ្រងសហគមន៍ នៃគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល តែងកត់សម្គាល់ឃើញថា ទំនាស់និងបទល្មើសនានា ក្នុងការគ្រប់គ្រងធនធានសហគមន៍នៅតែកើតមានឡើង។​​ ដូច្នេះលោកចាត់ទុកថា ការល្បាតព្រៃជាសកម្មភាពសំខាន់មួយក្នុងចំណោមសកម្មភាពទាំងឡាយ នៃដំណើរការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា ស្ដីពីមេរៀននិងបទពិសោធន៍១០ឆ្នាំកន្លងមក ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

 

 

លោក កៅ វត្ថា បានគូសបញ្ជាក់បន្ថែមពីបញ្ហាប្រឈមមួយចំនួនថា គណៈកម្មការគ្រប់គ្រងសហគមន៍ ត្រូវបានជនប្រព្រឹត្តិប្ដឹងពីបទ «កំហែងយកមានស្ថានទម្ងន់ទោស» សហគមន៍ បានជួបបទល្មើសកាប់រាន និងឈូសឆាយដីព្រៃ ហើយគណៈកម្មការគ្រប់គ្រងសហគមន៍ បានប្រមូលភស្តុតាងទៅឱ្យនគរបាលឃុំ ដោយមិនបានធ្វើកំណត់ហេតុប្រគល់ ទទួលបានត្រឹមត្រូវ និងមិនបានរាយការណ៍ជូនមន្ត្រីនគរបាលយុត្តិធម៌ និងរដ្ឋបាលព្រៃឈើឡើយ។ លោក អះអាងបន្តថា អ្នកប្រព្រឹត្តបានប្ដឹង គណៈកម្មការគ្រប់គ្រងសហគមន៍ចំនួន២នាក់ ពីបទ «ប្រើហិង្សាលើអ្នកកាន់កាប់អចនវត្ថុដោយសុច្ចរិត» និងឈានដល់ការឃុំខ្លួនបណ្ដោះអាសន្ន។ ករណីមួយទៀត អ្នកប្រព្រឹត្តបានប្ដឹង គណៈកម្មការគ្រប់គ្រងសហគមន៍ ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា និងគំរាមកំហែង» ដោយគណៈកម្មការគ្រប់គ្រងសហគមន៍ បានចូលរួមជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន ដកកូនស្វាយចន្ទីដែលដាំលើដីព្រៃសហគមន៍(នៅវាលអូក្ដី) ។ អ្នកប្រព្រឹត្តប្ដឹងបក នៅពេលដែលគណៈកម្មការគ្រប់គ្រងសហគមន៍ បានធ្វើពាក្យបណ្ដឹងទៅតុលាការដោយខ្លួនឯង(តាមរយៈមេធាវីការពារជនជាតិដើមភាគតិច) ពីបទ«ទន្ទ្រានយកដីព្រៃសហគមន៍» ដែលរឿងនេះបានកើតឡើងនៅសាលាឆ្ដោរ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

 

លើបញ្ហានេះ ភាគីតំណាងរដ្ឋាភិបាលគឺលោក អ៊ិត ភូមិរ៉ា មានតួនាទីជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានណែនាំឱ្យក្រុមសហគន៍ព្រៃឈើ ធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយក្នុងករណីចាប់ឬបង្ក្រាបបទល្មើសព្រៃឈើត្រូវជូនដំណឹងទៅអយ្យការអមសាលាដំបូងខេត្តសាម៉ី ជាមុនបើទោះបីជាករណីទាំងនោះជាបទល្មើសជាក់ស្ដែងក្ដី។

 

 

គណៈកម្មការគ្រប់គ្រងសហគមន៍ មានភារកិច្ចរាយការណ៍ និងផ្ដល់ព័ត៌មានជាបន្ទាន់នូវរាល់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃសហគមន៍ ដល់រដ្ឋបាលព្រៃឈើដែលនៅជិតបំផុត។ គណៈកម្មការគ្រប់គ្រងសហគមន៍មានសិទ្ធិ និងការទទួលខុសត្រូវ ធ្វើការគ្រប់គ្រងឱ្យបានល្អប្រសើរនូវព្រៃសហគមន៍ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រគល់ឱ្យ ដែលមានទំហំ ទីតាំង និងព្រំប្រទល់កំណត់នៅក្នុងឧបសម្ព័ន្ធទី១ នៃកិច្ចព្រមព្រៀង និងត្រូវចាត់វិធានការចាំបាច់ ដើម្បីការពារសហគមន៍នេះឱ្យមានប្រសិទ្ធិភាពខ្ពស់ ប្រឆាំងនឹងភ្លើងឆេះព្រៃ បទល្មើកាប់ឈើខុសច្បាប់ បទល្មើសបរបាញ់សត្វព្រៃ និងកាប់រានព្រៃ ឈូសឆាយព្រៃ ហ៊ុំព័ទ្ធកាន់កាប់ព្រៃ ធ្វើកម្មសិទ្ធិខុសច្បាប់ និងការរំលោភពីអ្នកខាងក្រៅ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង