en     km
en     km

មន្ទីរពេទ្យគន្ធបុប្ផាសម្រេចវះកាត់យកស្ករកៅស៊ូទំហំ​ប៉ុនក្រពះចេញពីក្នុងពោះក្មេងស្រីតូចអាយុ៥ឆ្នាំ

Share

ភ្នំពេញ៖​ នៅទីបំផុតមន្ទីរពេទ្យគន្ធបុប្ផាបានសម្រេចជួយសង្រ្គោះជីវិតក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ ដោយធ្វើការវះកាត់យកស្ករកៅស៊ូចេញពីក្នុងពោះក្មេងស្រីនោះដល់ទៅពីរលើក ព្រោះស្ករកៅស៊ូមានទំហំធំពេក ពោលគឺប៉ុនក្រពះរបស់ក្មេងស្រីនោះ។ នេះបើតាមការចុះផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃទី១៩ខែមេសាឆ្នាំ២០២៣នេះ។

នេះជាស្ករកៅស៊ូវះយកចេញពីពោះក្មេងស្រី។នាងបានញុំាវាជាច្រើនខែថ្ងៃដោយហេតុថាមានរសជាតិផ្អែមឆ្ងាញ់ ខណៈម្តាយខ្លួនជាអ្នកលក់ចាប់ហួយដោយមានលក់ស្ករកៅស៊ូនេះស្រាប់។រូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យគន្ធបុប្ផា។

បើតាមមន្ទីរពេទ្យគន្ធបុប្ផា​បញ្ជាក់ថា ក្មេងស្រីរូបនេះបានលួចញុំាស្ករកៅស៊ូមិនឱ្យម្តាយដឹង​ជាច្រើនខែថ្ងៃដោយបានលេបចូលក្នុងពោះបង្កើតបានជាដុំកៅស៊ូមួយយ៉ាងធំស្ទើរប៉ុនទំហំក្រពះ ធ្វើឲ្យកកស្ទះក្នុងក្រពះនិងពោះវៀន។ តាមការពន្យល់បន្ថែម ការញុំាស្ករកៅស៊ូដោយលេបចូលក្នុងពោះរាល់ថ្ងៃបែបនេះ នឹងអាចបង្កើតបានជាដុំរឹងស្ទះក្នុងក្រពះឬក្នុងពោះវៀនដែលគេហៅថា “ដុំប៊ីហ្សូអារ”។

ប្រការនេះក្រុមគ្រូពេទ្យគន្ធបុប្ផាបានសម្រេចជួយសង្រ្គោះជីវិតក្មេងស្រីដោយឆ្លុះថតក្រពះ និងទីបំផុតវះកាត់ក្រពះពោះវៀនដល់ទៅ ២ លើកទើបអាចយកដុំស្ករកៅស៊ូចេញពីពោះក្មេងស្រីនោះបាន។

តាមរយៈហេតុការណ៍នេះ មន្ទីរពេទ្យគន្ធបុប្ផា​សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសមាតាបិតានិងអាណាព្យាបាលសូមមើលថែកូនចៅតូចៗឲ្យបានល្អ កុំបណ្តោយឱ្យក្មេងៗញ៉ាំរបស់មិនរំលាយរាល់ថ្ងៃ៕

Share

Image
Image
Image