en     km
en     km

រយៈ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរមានអគ្គិភ័យ១៥ករណី

Share

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃកន្លងទៅនេះ គឺពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាកើតមានគ្រោះអគ្គិភ័យចំនួន១៥លើក មានការកើនឡើងចំនួន០៨លើកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ លោកនេត វត្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៣នេះ។ លោក គីម ចាន់ចាវ រាយការណ៍

របាយការណ៍នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឱ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ គឺកើតឡើងដោយសារឆ្លងចរន្តអគ្គិសនីចំនួន០៨លើក ដោយសារភ្លើងទៀនធូបចំនួន០៥លើក និងកំពុងស្រាវជ្រាវចំនួន០២លើក។ ក្នុងចំណោមគ្រោះអគ្គិភ័យទាំង១៥លើកនេះ បានបណ្តាលឱ្យមនុស្សរងរបួសម្នាក់ ឆេះខូចខាតរថយន្តចំនួន០៤គ្រឿង, ឆេះខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១៣ខ្នងផ្ទះ និងឆេះឃ្លាំងចំនួន០១។ ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ពី រាជធានី-ខេត្តដែលរងគ្រោះថ្នាក់អគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃនេះ គឺមានខេត្តបន្ទាយមានជ័យ ០១ករណី, កំពង់ចាម ០១ករណី, បាត់ដំបង ០១ករណី, ខេត្តកណ្ដាល ០១ករណី, ព្រះវិហារ ០១ករណី, កំពង់ធំ ០១ករណី, ខេត្តស្វាយរៀង ០១ករណី, រាជធានីភ្នំពេញ ០២ករណី, កំពត ០១ករណី, ស្ទឹងត្រែង ០១ករណី, រតនគិរី ០១ករណី, ព្រះសីហនុ ០១ករណី, សៀមរាប ០១ករណី និងខេត្តកំពង់ស្ពឺ០១ករណី។

ជាការកត់សម្គាល់ កាលពីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២២ គ្រោះអគ្គិភ័យទូទាំងប្រទេសកើតឡើងត្រឹមតែចំនួន០៧លើកប៉ុណ្ណោះ ដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែងត្រឹមតែ០៥ខ្នងផ្ទះ។ ក្នុងនោះមានតែ០៦រាជធានី-ខេត្តដែលរងគ្រោះដោយសារគ្រោះអគ្គិភ័យ។ នេះមានន័យថាករណីអគ្គិភ័យនៅតែកើនឡើង បើទោះបីជាអាជ្ញាធរពាក់ព័ន្ធបានព្យាយាមផ្សព្វផ្សាយពីការបង្ការ និងប្រុងប្រយ័ត្នយ៉ាងណាក្ដី៕

Share

Image
Image
Image