en     km
en     km

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ណែនាំសុវត្ថិភាពចំណីអាហារថ្ងៃចូលឆ្នាំថ្មីនិងរបៀបការពារជម្ងឺឆ្លង

Share

ដើម្បីសុវត្ថិភាពសុខាភាពការពារខ្លួនពីជម្ងឺផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រធាននាយកដ្ឋានជម្ងឺឆ្លងនៃក្រសួងសុខាភិបាល បានណែនាំពីវិធានការសុខភាព និងការទុកដាក់ចំណីអាហារចៀសវាង អាហារដែលខូចគុណភាព ដល់ពលរដ្ឋសម្រាប់ការពារសុខភាព។ លោក គីម ចាន់ចាវ រាយការណ៍

ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារលោកអ្នកឲ្យបានល្អ និងចៀសផុតពីបញ្ហាសុខភាពដែល អាចកើតមានជាយថា ហេតុបណ្ដាលចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លងនៃក្រសួងសុខាភិបាល បានប្រាប់វិទ្យុស្ត្រី ដោយលោកវេជ្ជបណ្ឌិតបានណែនាំ ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការធ្វើម្ហូបអាហារពីសត្វបក្សី គឺចៀសវាងនូវបក្សដែលឈឺ ឬងាប់ ត្បិតអីនៅកម្ពុជា ត្រូវបានរកឃើញថាជម្ងឺឆ្លងប្រភេទនេះបានរើបឡើងវិញទោះបីជាមិនទាន់រាលដាលក៏ដោយ។

លោកប្រធាននាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លងរូបនេះ បានណែនាំឱ្យរៀបចំចំណីអាហារឆៅ និងអាហារឆ្អិនឱ្យនៅ ដាច់ដោយឡែកពីគ្នា។ បន្ថែមពីនេះ ជ្រុញដែលកាប់សាច់ឆៅ និងឆ្អិតត្រូវប្រើផ្សេងគ្នា ក្នុងករណីប្រើតែមួយត្រូវលាងសម្អាតជាមួយទឹកក្ដៅជាមុនសិន។ ក្នុងករណីអាហារដែលត្រូវយកទៅវត្ត ឬទុករយៈពេលយូរ លោកវេជ្ជបណ្ឌិតណែនាំទុកដាក់តាមរបៀបស្ដង់ដារ ដើម្បីរក្សាគុណភាព ។

បន្ទាប់ពីបានណែនាំពីរបៀបរៀបចំម្ហូបអាហារសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានព្រមានពីជម្ងឺមួយចំនួនដែលអាចកើតមានឡើងក្នុងរដូវក្ដៅនេះដែរ។ ជម្ងឺទាំងនោះមានដូចជាជម្ងឺរាគរូស ដោយសារតែរុយរោមលើម្ហូបអាហារ និងផ្លែឈើទុំដែលមិនបានគ្របត្រឹមត្រូវ និងជម្ងឺគ្រុនឈាម ដែលអាចកើតមានឡើងលើអ្នកដែលដើរព្រៃ ជាពិសេសមូសខាំអ្នកដែលធ្វើសមាធិក្នុងព្រៃ ដែលទាមទារឱ្យមានការដាក់មុង ឬលាបជែលការពារមូសខាំ ដើម្បីបង្ការ។ ចំណែកក្មេងៗតូចៗ ត្រូវប្រុងប្រយ័ត្នលើជម្ងឺពងបែកដៃជើងដែលឆ្លងតាមលាមក និងទឹកមាត់។ ដើម្បីការពារគឺត្រូវឧស្សាហ៍លាងសម្អាតដៃឱ្យកុមារតូចៗ ហើយបើដើរលុយទឹក គឺត្រូវពាក់ស្បែកជើងកវែង៕

 

Share

Image
Image
Image