en     km
en     km

ADB៖ សេដ្ឋកិច្ចកម្ពុជានឹងស្ទុះដោយការងើបឡើងនូវវិស័យទេសចរណ៍

Share

ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)លើកឡើងថា បើទោះបីតម្រូវការនាំចេញខាងក្រៅមានកម្រិតខ្សោយ តែសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងដោយសារវិស័យទេសចរក្នុងអត្រា ៥,៥% នៅក្នុងឆ្នាំ ២០២៣ និងកើនដល់ ៦,០% នៅឆ្នាំ ២០២៤។
លោក ឡក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

យោងតាមរបាយការណ៍ចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា ៥,៥% ក្នុងឆ្នាំ ២០២៣ និងកើនដល់ ៦% នៅឆ្នាំ ២០២៤ ដែលជំរុញដោយសារការងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣។ នេះបើយោងទៅតាមADB។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលចេញនៅខែមេសា ឆ្នាំ ២០២៣ បានលើកឡើងថា វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងកើនឡើង ៧.៣% នៅឆ្នាំ ២០២៣ ហើយមានការកើនឡើង ៦.៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានគេរំពឹងថា នឹងបង្គួរក្នុងអត្រាមធ្យម ៣% ក្នុងឆ្នាំ ២០២៣ និង ៤% នៅឆ្នាំ ២០២៤។

របាយការណ៍នេះបាននិយាយថា ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាក៏ពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងបន្តរបស់ប្រទេស ដើម្បីបង្កើនការវិនិយោគបៃតងឈានទៅដោះស្រាយសក្តានុពលកំណើនរយៈពេលវែង។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងបន្ថែមថា សេដ្ឋកិច្ចរបស់កម្ពុជាកើនឡើងប្រមាណ ៥.២% ក្នុងឆ្នាំ ២០២២ ដោយសារការកើនឡើងនៃតម្រូវការខាងក្រៅសម្រាប់ផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា។ ការកើនឡើងនេះនាំឱ្យមានការរស់ឡើងវិញនៃតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើនពាណិជ្ជកម្មក្នុងស្រុក ការដឹកជញ្ជូន និងផ្នែកទំនាក់ទំនង។

ADB បានបញ្ជាក់ថា កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅមានកម្រិតខ្សោយ ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីការកែទម្រង់គោលនយោបាយ រួមទាំងច្បាប់វិនិយោគឆ្នាំ ២០២១ ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយសម្រាប់អ្នកវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។

លោកស្រីនាយិការADBប្រចាំប្រទេសកម្ពុជាបានលើកឡើងដែរ ហានិភ័យចំពោះទស្សនវិស័យសេដ្ឋកិច្ចរួមមានកំណើនសេដ្ឋកិច្ចខ្សោយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរ និងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណៈរដ្ឋប្រជាមានិតចិន តម្លៃថាមពលខ្ពស់ និងបញ្ហាអាកាសធាតុខ្លាំងដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម។

យ៉ាងណា ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២,៤ ពាន់លានដុល្លារនៅកម្ពុជា ដោយផ្តល់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួនជាង ៣៥០ លានដុល្លារពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២៕

 

Share

Image
Image
Image