en     km
en     km

កម្ពុជាចេញគោលនយោបាយនិងផែនការលើកកម្ពស់សិទ្ធិអំណាចស្ត្រីការកាត់បន្ថយវិសមភាពយេនឌ័រ

Share

ស្ថានបេសកកម្មអចិន្ត្រៃនៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បង្ហាញពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ដើម្បីលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងការកាត់បន្ថយវិសមភាពយេនឌ័រ។ បន្ថែមពីនេះ កម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការបង្ការនិងការពារ ដើម្បីលុបបំបាត់អំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់ទម្រង់លើកុមារ។ លោក គីម ចាន់ចាវ រាយការណ៍

ស្ថានបេសកកម្មអចិន្ត្រៃនៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បញ្ជាក់បែបនេះតាមរយៈសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្ស ដែលត្រូវបានលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស។ សេចក្ដីថ្លែងការណ៍នោះមាន ១២ចំណុច ក្នុងនោះបញ្ហាសមភាពយេនឌ័រ ត្រូវបានលើកពិភាក្សានៅចំណុចទី៥ ដោយបញ្ជាក់ថា ដើម្បីសម្រេចបានសមភាពយេនឌ័រ និងនិរន្តរភាពអេកូឡូស៊ី គោលនយោបាយនិងផែនការសកម្មភាពជាច្រើនត្រូវបានដាក់ចេញ ជាមួយនឹងការបង្កើតផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ដើម្បីលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងការកាត់បន្ថយវិសមភាពយេនឌ័រ។ ក្នុងនោះរួមមាន យុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ (២០១៦-២០២៣) ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន(២០២១.២០២៥) និងយុទ្ធសាស្ត្ររេដបូកជាតិ(២០១៧-២០២៦)។

សេចក្ដីថ្លែងការណ៍ បានបន្តថា កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការបង្ការនិងការពារ ដើម្បីលុបបំបាត់អំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់ទម្រង់លើកុមារ។ កិច្ចខិតខំប្រឹងប្រែងជាច្រើន ក្នុងនោះរួមមាន តាមរយៈការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ២០១៩-២០២៩ និងយុទ្ធនាការ ឌីជីថល “គិតគូរកូន“។ កម្ពុជាទទួលបានការកោតសរសើរពីអង្គការយូនីសេហ្វ

ក្នុងឆ្នាំ២០២២ ចំពោះការប្រយុទ្ធប្រឆាំងអំពើហិង្សាលើកុមារ។

ស្ថានបេសកកម្មអចិន្ត្រៃនៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បញ្ជាក់ថា កម្ពុជាគាំពារតួនាទីស្របច្បាប់របស់អង្គការសង្គមស៊ីវិលដែលបានចុះបញ្ជី ដែលមានចំនួនកើនឡើងជិត៦.០០០ អង្គការ។ អង្គការទាំងនោះ ត្រូវបានអនុញ្ញាតឱ្យចូលរួមដោយសេរីទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងកិច្ចដំណើរការតាក់តែងគោលនយោបាយនិងច្បាប់ ដោយបានរួមចំណែកដល់ ក្នុងនោះរួមមាន ការលើកកម្ពស់អភិបាលកិច្ចប្រព័ន្ធយុត្តិធម៌ និងសិទ្ធិមនុស្ស។ ទស្សនៈរិះគន់របស់សង្គមស៊ីវិលលើកិច្ចការសាធារណៈត្រូវបានសម្របសម្រួលបានយ៉ាងល្អតាមរយៈសេវាអ៊ីនធឺណិតតាមទូរស័ព្ទចល័តកម្ពុជាក្នុងតម្លៃសេវាទាបបំផុតនៅក្នុងតំបន់ និងបំពងបន្លឺបន្ថែមដោយប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី និងឌីជីថលជិត ២០០០ អង្គភាព ដែលកំពុងដំណើរការដោយមិនគ្មានការត្រួតពិនិត្យជាមុន និងរឹតត្បិត ដែលត្រូវបានធានាដោយច្បាប់ស្តីពីរបបសារព័ត៌មាន៕

 

Share

Image
Image
Image