en     km
en     km

ប្រេស៊ីលប្រកាសចាត់វិធានការជាបន្ទាន់ ក្រោយផ្ទុះជំងឺផ្តាសាយបក្សី

Share

 

កាលពីថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ប្រទេសប្រេស៊ីលបានប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នផ្នែកសុខភាពសត្វក្នុងរយៈពេល១៨0ថ្ងៃ ក្នុងគោលបំណងបង្ការការរីករាលដាលនៃមេរោគផ្តាសាយបក្សី។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើយោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ជំងឺផ្តាសាយបក្សីបានផ្ទុះឡើងជាលើកដំបូងនៅក្នុងប្រទេសប្រេស៊ីល នៅក្នុងរដ្ឋ Espirito Santo ចំនួន ៧ ករណី រួមទាំងរដ្ឋ Rio de Janeiro  ចំនួន ១ ករណីផងដែរ។តាមប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីលបានប្រកាសឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគផ្តាសាយបក្សី (H5N1) ដែលកំពុងកើនឡើងជាលំដាប់នៅក្នុងប្រទេសប្រេស៊ីល។ ក្នុងនោះដែរ អាជ្ញាធរប្រេស៊ីលបានប្រកាសស្ថានភាពអាសន្នផ្នែកសុខភាពសត្វ ក្នុងរយៈពេល ១៨0 ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងមេរោគផ្តាសាយបក្សី H5N1 ដែលបង្កជំងឺខ្លាំងទៅលើបក្សីព្រៃ។

 

សូមជម្រាបដែរថា ប្រទេសប្រេស៊ីល គឺជាប្រទេសដែលនាំចេញសាច់មាន់ដ៏ធំបំផុតរបស់ពិភពលោក ដោយពួកគេអាចរកចំណូលបាន១០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ អាជ្ញាធរប្រេស៊ីលបាននិយាយថា បច្ចុប្បន្ន ទីតាំងកើតហេតុសុទ្ធសឹងនៅឆ្ងាយពីតំបន់ផលិតកម្មសំខាន់ៗ។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះឡើងនៃជំងឺនេះ បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ប្រទេសប្រេស៊ីលជាខ្លាំង ដោយមានការរឹតបន្តឹងពាណិជ្ជកម្មពីប្រទេសផ្សេងៗ។ លើសពីនេះ កសិដ្ឋានជាច្រើនបាននាំគ្នាសម្លាប់សត្វស្លាបជាច្រើនក្បាល។

គួរបញ្ជាក់ថា ពិភពលោកធ្លាប់បានឆ្លងផុតការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីម្តងរួចហើយ កាលពីខែតុលា ឆ្នាំ២០២១ ដែលបានសម្លាប់សត្វស្លាបជាច្រើនក្បាល រួមទាំងថនិកសត្វខ្លះផងដែលមានជំងឺនេះ។

យ៉ាងណាមិញ បើតាមអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា អាជ្ញាធរប្រេស៊ីលត្រូវយកចិត្តទុកដាក់ និងត្រូវតាមដានយ៉ាងដិតដល់ ចំពោះការរីករាលដាលនៃមេរោគ H5N1នេះ តើវាអាចឆ្លងទៅមនុស្សដែរឬយ៉ាងណា៕

ប្រភព៖ BBC ចុះថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣

Share

Image
Image
Image