en     km
en     km

ក្រុមកសិករបន្តដាក់ញត្តិសុំកិច្ចអន្តរាគមន៍ដោះលែងប្រធាននិងសមាជិកសម្ព័ន្ធសហគមន៍កសិករកម្ពុជា

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣នេះ ក្រុមប្រជាកសិករប្រមាណ១០០នាក់បានបន្តនាំគ្នាដាក់ញត្តិទៅក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធអន្តរាគមន៍ជួយដោះលែងប្រធាននិងសមាជិកសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ចំនួនបីនាក់ឱ្យមានសេរីភាពឡើងវិញ។

នៅព្រឹកថ្ងៃនេះក្រុមកសិករដែលភាគច្រើនជាស្រ្តីបានធ្វើដំណើរដោយថ្មើរជើងចេញពីវត្តសាមគ្គីរង្ស៊ី សង្កាត់ស្ទឹងមានជ័យទៅក្រសួងទាំងពីរ។

ក្រុមកសិករកំពុងប្រមូលផ្តុំដាក់ញត្តិនៅក្រសួងមហាផ្ទៃ។

 

លោក ស៊ិន សាម៉េត តំណាងក្រុមកសិករមកពីខេត្តស្វាយរៀងប្រាប់វិទ្យុស្រ្តីថា ប្រធានសម្ព័ន្ធសហគមន៍ពុំបានធ្វើសកម្មភាពណាមួយបំផុសបំផុលដល់កសិករឬញុះញង់ឱ្យកសិករធ្វើបដិវត្តន៍អ្វីដូចការលើកឡើងរបស់សមត្ថកិច្ចនិងក្រសួងឡើយ។ លោកថា ប្រធានសម្ព័ន្ធគ្រាន់ចែករំលែកចំណេះដឹងមួយចំនួនទាក់ទងនិងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សិទ្ធិដីធ្លី សេរីភាពក្នុងការបញ្ចេញមតិ ជាមួយការតស៊ូមតិលើបញ្ហាតម្លៃទីផ្សារកសិផលពេលឈ្មួញដាក់សម្ពាធ និងបច្ចេកទេសធ្វើកសិកម្មតែប៉ុណ្ណោះ។ ពោលគឺគ្មានផ្សព្វផ្សាយឃោសនាឬធ្វើវេទិកានយោបាយវាយប្រហារបក្សឬគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលឡើយ។

សម្តីលោក ស៊ិន សាម៉េត៖

សម្រាប់ក្រុមកសិករយល់ថា ការចាប់ខ្លួនប្រធាននិងសមាជិកសម្ព័ន្ធសហគមន៍កសិករកម្ពុជាគឺជារឿងអយុត្តិធម៌គ្មានមូលដ្ឋានត្រឹមត្រូវ។ ជាងនេះក្រុមកសិករសូមអំពាវនាវឱ្យដោះលែងអ្នកទាំងបីឱ្យមានសេរីភាពឡើងវិញ ព្រោះថាពួកគេបានធ្វើការងារលើកស្ទួយផលប្រយោជន៍ប្រជាកសិករតែប៉ុណ្ណោះ។

តែយ៉ាងណា ព័ត៌មានចុងក្រោយដែលអ្នកសារព័ត៌មានទទួលបានគឺសាលាដំបូងខេត្តរតនគិរីបានសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូប​ពីបទញុះញង់ និង​រួមគំនិតក្បត់ដែលប្រឈមនឹងជាប់ពន្ធនាគារហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួន​ទៀត។

សូមរំលឹកថា សមត្ថកិច្ចឃាត់ខ្លួនថ្នាក់ដឹកនាំនិងបុគ្គលិក សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)​ចំនួន​១៧​នាក់នៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣។ បន្ទាប់មកសមត្ថកិច្ចបានដោះលែងអ្នកផ្សេងទៀតចំនួន១៤នាក់ ប៉ុន្តែបន្តឃុំខ្លួន​លោក ថេង សាវឿន ប្រធានសមាគម លោក ញិលភាព បុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច បុគ្គលិកគម្រោង៕

 

 

Share

Image
Image
Image