ប៉ូលីសក្នុងតំបន់បាននិយាយថា បុរសរស់នៅរដ្ឋកាលីហ្វ័រញ៉ាម្នាក់បានស្លាប់ដោយរថយន្តបុក នៅពេលកំពុងជួយទាបណ្ដើរកូនតូចៗមួយហ្វូងឆ្លងផ្លូវនៅថ្ងៃព្រហស្បតិ៍ទី១៨ ខែ ឧសភា ឆ្នាំ ២០២៣ នៅទីក្រុង Rocklin សហរដ្ឋអាមេរិក។
យោងតាម BBC ចេញផ្សាយនៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣ឱ្យដឹងថាជនរងគ្រោះឈ្មោះCasey Rivara អាយុ៤១ឆ្នាំ បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Rocklin ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ នៅភាគឦសាននៃទីក្រុងSacramento។បើតាមប៉ូលិសរថយន្តបង្កបើកបរដោយមនុស្សវ័យជំទង់ម្នាក់។
សាក្សីបាននិយាយថាលោក Rivara បានជួយឱ្យសត្វទាដែលមានកូនតូចៗឆ្លងកាត់ថ្នល់ដោយសុវត្ថិភាព មុនពេលរថយន្តបានបុកគាត់។ករណីនេះមិនទាន់មានការចាប់ខ្លួនអ្នកបង្កហេតុនេះនៅឡើយទេ។នាយកដ្ឋានប៉ូលីសទីក្រុង Rocklin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនរងគ្រោះកំពុងព្យាយាមជួយមេទានិងកូនទាមួយហ្វូងដែលស្ថិតនៅផ្លូវបំបែក”។”ខណៈដែលបុរសនោះស្ថិតក្នុងផ្លូវប្រសព្វ អ្នកបើកបរវ័យជំទង់ជាអនីតិជនបានបើកឡានបុកលោក Rivara កំពុងដើរថ្មើរជើងតាមផ្លូវ”។
សាក្សីម្នាក់ឈ្មោះ Summer Peterson បានប្រាប់អ្នកសារព័ត៌មានCBS News ថាកូនៗរបស់គាត់បានឃើញហេតុការណ៍បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ទី១៨ ខែ ឧសភា ឆ្នាំ ២០២៣ នៅម៉ោងប្រហែល៨.១៥យប់ ម៉ោងក្នុងស្រុក។”កូនៗខ្ញុំនិយាយថា ‘អូ៎ កូនទាទាំងនោះគួរឱ្យស្រលាញ់ណាស់។ វាល្អណាស់សម្រាប់គាត់”។ ហើយភ្លាមៗនោះគាត់ត្រូវឡានបុក»។
មនុស្សជាច្រើនបានដាក់កម្រងផ្កា និងកូនទាជ័រនៅកន្លែងកើតហេតុ។កម្មវិធីរៃអង្គាសប្រាក់តាមអ៊ិនធរណេតត្រូវបានបង្កើតឡើង។សាច់ញាត្តិជនរងគ្រោះនិយាយថា លោក Rivara កំពុងបើកឡានជូនកូនៗរបស់គាត់ទៅផ្ទះ បន្ទាប់ពីពួកគេបានរៀនហែលទឹក។ពេលនោះនៅតាមផ្លូវពួកគេបានឃើញ “មេទាបណ្ដើរកូនមួយហ្វូង កំពុងព្យាយាមឆ្លងកាត់ផ្លូវកែងដែលមានចរាចរណ៍ដ៏មមាញឹក”។
អ្នករៃអង្គាសប្រាក់ម្នាក់បានសរសេរថា”លោក Casey គឺជាស្វាមី និងឪពុកដ៏សប្បុរសបំផុត និងអស្ចារ្យបំផុត”។ «សូម្បីតែទង្វើចុងក្រោយរបស់គាត់ក៏បង្ហាញនូវក្ដីមេត្តារបស់គាត់ដែរ»។ភរិយារបស់លោកគឺអ្នកស្រី Angel Chow បាននិយាយថា “យើងសូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកទាំងអស់គ្នាដែលមានចិត្ត និងកាយវិការសប្បុរស។”វាពិតជាគួរឱ្យអាណិតណាស់ដែលបានឮពីរបៀបដែល Casey បានជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់អ្នក ហើយយើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះទង្វើទាំងនេះ។”
នាយកដ្ឋានប៉ូលីសទីក្រុង Rocklin បាននិយាយថា គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងឡើយ “ហើយករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត” ។លោកScott Horrillo ប្រធានប៉ូលីសទីក្រុង Rocklin បានប្រាប់NBC News ថាអ្នកបើកបរវ័យជំទង់មិនទំនងជាប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនោះទេ៕
ប្រភព៖ BBC ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣